News

Real Estate News - Property News

រដ្ឋបាលរាជធានីភ្នំពេញកំពុងប្រែក្លាយតំបន់គល់ស្ពានជ្រោយចង្វារជាឧទ្យានបៃតង

រដ្ឋបាលរាជធានីភ្នំពេញកំពុងប្រែក្លាយតំបន់គល់ស្ពានជ្រោយចង្វារជាឧទ្យានបៃតង

ដោយ វុត្ថា

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងប្រែក្លាយតំបន់គល់ស្ពានជ្រោយចង្វារទៅជាឧទ្យានបៃតង តាមរយៈការដាំដើមឈើជាច្រើនរយដើម និងផ្ដល់ជាម្លប់សម្រាប់អ្នកធ្វើដំណើរទាំងអស់។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៩ នេះបានឱ្យដឹងថា លោកបានដឹកនាំដាំដើមឈើបន្ថែមនៅគល់ស្ពានជ្រោយចង្វារទាំងសងខាង មានដើមធ្នង់ ដើមគគីរ និងដើមគ្រញូង សរុបចំនួន ៣០២ ដើម ដើម្បីធ្វើឱ្យតំបន់គល់ស្ពានជ្រោយចង្វារក្លាយជាឧទ្យានបៃតង និងផ្ដល់ជាម្លប់សម្រាប់អ្នកធ្វើដំណើរទាំងអស់។ លោកបន្តថា “សូមបងប្អូនប្រជាពលរដ្ឋ ស្រលាញ់ដើមឈើ ដូចស្រលាញ់កូនចៅ! ស្រលាញ់កូនចៅ ដូចស្រលាញ់ដើមឈើ”។

លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា សួនច្បារនៅខាងលិចស្ពានជ្រោយចង្វារ សង្កាត់ស្រះចក ខណ្ឌដូនពេញ នឹងក្លាយជាសួនឧទ្យាន មួយដែលពោរពេញទៅដោយដើមឈើប្រណិតៗរាប់រយដើម អមសងខាក្បាលស្ពាន ដោយនៅពេលដ៏ខ្លីខាងមុខនេះ។

លោកបន្ថែមថា អ្វីដែលជាការណែនាំរបស់លោក ឃួង ស្រេង ខណៈចុះពិនិត្យមើលការដាំដើមនេះ គឺលោកអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដាំដើមឈើប្រណិតៗនៅលើសួននេះ ឱ្យយបានច្រើនក្លាយជាសួនឧទ្យានមួយនៅក្នុងក្រុងភ្នំពេញ ហើយដើមឈើដែលត្រូវដាំ មានប្រភេទឈើធ្នង់ គគី គ្រញូង។

បើតាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនឹងដាំដើមឈើ ដើម្បីឱ្យរាជធានីភ្នំពេញជាទីក្រុងដែលមានពណ៌បៃតង និងមានបរិស្ថានស្រស់ល្អស្អាត ក្នុងគោលបំណង ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាតិ និងអន្ដរជាតិឱ្យចូលមកទស្សនានៅរាជធានីភ្នំពេញកាន់តែច្រើនឡើងថែមទៀត ស្រូបយកអ្នកទេសចរកាន់តែច្រើនឡើងថែមទៀត៕

The post រដ្ឋបាលរាជធានីភ្នំពេញកំពុងប្រែក្លាយតំបន់គល់ស្ពានជ្រោយចង្វារជាឧទ្យានបៃតង appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area