CALL US,Telegram,WhatsApp,WeChat

News

គូស្រករថ្មីថ្មោង មុនទិញផ្ទះ គួរសិក្សាពីស្ថានភាពហិរញ្ញវត្ថុអ្វីខ្លះ?

មនុស្សម្នាក់ៗតែងតែមានក្ដីស្រមៃ ក្ដីសុបិនរបស់ខ្លួនដូចមានអាជីពការងារ មានប្រាក់ចំណូលច្បាស់លាស់ មានមុខរបរ និងកសាងគ្រួសារតូចមួយ ជាមួយផ្ទះក្នុងក្ដីសុបិននៅទីកន្លែងណាមួយជាដើម។

នៅពេលយើងចាប់ផ្ដើមចង់ផ្ដើមកសាងអនាគត ទិញផ្ទះរួមគ្នាជាមួយដៃគូជីវិតរបស់យើង វាជាជំហានធំមួយ តែក៏ជាសុភមង្គលមួយ ដែលជីវិតគូតែងតែប្រាថ្នាចង់បាន។ ប៉ុន្តែទិញផ្ទះរួមគ្នា វាមិនស្រួលដូចជាការគិតនោះទេ ដ្បិតថា វាទាមទារឱ្យយើងការពិភាក្សា ផែនការហិរញ្ញវត្ថុច្បាស់លាស់ និងទំនួលខុសត្រូវខ្ពស់។

ដើម្បីឱ្យការទិញផ្ទះរួមគ្នានេះ ដំណើរការបានរលូន និងមិនប៉ះពាល់ដល់ទំនាក់ទំនងដៃគូជីវិតរបស់អ្នក យើងគួរចាប់ផ្ដើមពីចំណុចនេះទាំងនេះសិន៖


ការបើកចិត្តពិភាក្សា ត្រង់ទៅត្រង់មកលើស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នរបស់អ្នកទាំងពីរ ដែលក្នុងនោះរួមមានចំណូល ចំណាយប្រចាំថ្ងៃ បំណុល និងប្រាក់សន្សំ​ជាដើម វាជួយឱ្យអ្នកទាំងពីរសម្រេចបានត្រឹមត្រូវ ចៀសវាងមានបញ្ហាហិរញ្ញនៅថ្ងៃអនាគត។

អ៊ីចឹង! ជាដំបូងយើងត្រូវដឹងថា យើងមានលទ្ធភាពទិញផ្ទះកម្រិតណា? ប្រភេទអ្វី? ទីតាំងនៅឯណា ហើយផ្ដល់ភាពងាយស្រួលក្នុងការរស់នៅទាំងបច្ចុប្បន្ន និងអនាគតដែរឬទេ?

ដោយឡែក គូស្រករទាំងពីរក៏ត្រូវតែដឹងពី សមាមាត្រ ឬអនុបាតបំណុលធៀបនឹងប្រាក់ចំណូល (DTI: Debt-to-income ratio) ជាមុនសិន។ DTI គឺជាសមាមាត្រនៃការទូទាត់បំណុលសរុបចែកជាមួយនឹងប្រាក់ចំណូលសរុប (មុនបង់ពន្ធ) ហើយជាទូទៅវាត្រូវបានបង្ហាញជាភាគរយ(%) នៃមូលដ្ឋានទិន្នន័យប្រចាំខែឬប្រចាំឆ្នាំ។

នោះបានន័យថា អ្នកទាំងពីរ ត្រូវយកបំណុលដែលកំពុង ដូចជាបង់រម្លស់ម៉ូតូ ឡាន ទូរសព្ទ  និងបំណុលផ្សេងទៀតមកបូកបញ្ចូលគ្នា បន្ទាប់មកចែកជាមួយប្រាក់ចំណូលប្រចាំខែ (មុនគិតពន្ធ)។

ឧទាហរណ៍ថា លោកសំណាង និងកញ្ញាឆវី មានបំណុលដូចជា៖

១. បង់រម្លស់ទូរសព្ទ ១០០ដុល្លារ
២. បង់រម្លស់ម៉ូតូ ៣០០ដុល្លារ
៣. បំណុលផ្សេង ២០០ដុល្លារ
៤. ប្រាក់ចំណូលប្រចាំខែ ១,០០០ដុល្លារ

នោះ DTI: 600/1000 = 0.6 ឬ៦០ភាគរយ ដែលបំណុលនេះមិនទាន់បូកសរុបជាមួយនឹងការទិញផ្ទះនោះឡើយ។

បើយោងទៅតាមការគេហទំព័រ investopedia បានបង្ហាញថា DTI របស់យើងម្នាក់ៗពុំគួរលើសពី ៣៥ភាគរយនោះឡើយ ពុំដូច្នោះទេ អ្នកមិនអាចគ្រប់គ្រងបំណុលខ្លួនឯងបាននោះឡើយ។

ជាមួយគ្នានោះ ប្រសិនបើអ្នកទាំងពីរសម្រេចចិត្តទិញផ្ទះដោយបង់រម្លស់ អ្នកទាំងពីរគួរសន្សំលុយហោចណាស់ឱ្យបាន ២០ ទៅ ៣០ភាគរយនៃតម្លៃផ្ទះសិនដែរ ដ្បិតថាម្ចាស់គម្រោងតែងតែស្នើសុំឱ្យអ្នកបង់ប្រាក់មុន (Down Payment) រីឯប្រាក់នៅសល់ ត្រូវបង់រម្លស់ជាមួយនឹងធនាគារ។

ដោយឡែក អ្នកជំនាញហិរញ្ញវត្ថុលោក ង៉ែត ជូ មានប្រសាសន៍ថា ប្រសិនបើអ្នកនឹងបង់រំលស់ផ្ទះ គួរប្រើប្រាស់វិធីសាស្រ្តរូបមន្ត 30/30/3 ។ ការប្រើប្រាស់នូវរូបមន្តនេះ គឺសម្រាប់អ្នកដែលចង់ បង់រំលស់ផ្ទះ តែមិនចង់ឱ្យលើសពីលទ្ធភាព ហើយមានប្រាក់គ្រប់គ្រាន់បង់រំលស់ជាមួយធនាគារ រូបមន្ត ៣០/៣០/៣ ស័ក្តិសមបំផុត ជាពិសេសអ្នកដែលមានប្រាក់ចំណូលក្រោម ១ពាន់ដុល្លា។

ក្រៅពីបានពិភាក្សា និងគណនាពីលទ្ធភាព ក៏ដូចជាសិក្សាទៅលើប្រាក់បំណុលផ្សេងៗរួចមក ការពិភាក្សាលើចំណាយប្រចាំខែ ចំណាយផ្សេងៗពេលទិញផ្ទះសម្រាប់រស់នៅលើកដំបូងរួច គួរជារឿងបន្ទាប់។ ចំណាយផ្សេងៗមានដូចជា អត្រាការប្រាក់លើកម្ចីទិញផ្ទះ ថ្លៃសេវាភ្នាក់ងារអចលនទ្រព្យ ពន្ធប្រថាប់ត្រា ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ​ ចំណាយក្នុងផ្ទះផ្សេងៗជាច្រើនទៀត។ វាទាមទារឱ្យអ្នកទាំងពីរ រៀបចំផែនការចំណាយនេះ ឱ្យច្បាស់លាស់ និងដឹងថា នរណាជាអ្នកទទួលរ៉ាប់រងចំណាយ ឬចំណាយរួម ចៀសវាងមានបញ្ហានៅថ្ងៃខាងមុខ។

ការពិភាក្សាចុងក្រោយនោះគឺ ចុះបើអ្នកទាំងពីរស្រាប់តែមិនអាចរស់នៅចុះសម្រុងជាមួយគ្នា នរណាអ្នកទទួលខុសត្រូវលើការបង់រម្លស់បន្តបន្ទាប់ទៀត។ មែនទែនទៅ គ្មាននរណាអាចទៅកំណត់ ១០០ភាគរយថា ដំណើរជីវិតសុទ្ធតែប្រព្រឹត្តទៅ តាមផែនការដែលយើងបានដៅនោះឡើយ។ អ៊ីចឹង! គួរមានកិច្ចសន្យាលើការបង់ប្រាក់នេះ តាមរយៈសំណេរ និងការព្រមព្រៀងក្នុងករណីអ្នកទាំងពីរមិនអាចបន្តបង់រម្លស់ជាមួយគ្នា តាមរយៈការដាក់លក់ផ្ទះវិញ ឱ្យថ្លៃបង់រម្លស់ទៅភាគីណាមួយវិញ ឬបន្តបង់ជាមួយគ្នារហូតដល់ចប់?

ការសម្រេចចិត្តផ្ទះជាមួយនរណាម្នាក់ រមែងជាសេចក្ដីសុខផ្លូវចិត្ត និងការសម្រេចបាននូវជំហានដ៏ធំរបស់យើងម្នាក់ៗ។ ប៉ុន្តែសូមកុំភ្លេចថា យើងចាំបាច់ត្រូវតែទិញជាមួយមនុស្សដែលយើងចង់រស់នៅជាមួយអស់មួយជីវិត ព្រោះផ្ទះអាចក្លាយជាទីកក់ក្ដៅ ឬកន្លែងដែលស្មុគ វាអាស្រ័យលើមនុស្សដែលយើងរស់នៅជាមួយ៕

ប្រភព: Harbor Property

Recent Posts

How to manage your investment property

Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.

6 months ago

Finances

What you consider essential when buying a property to live in is different to what you need to look for…

6 months ago

How to choose an investment property

What you consider essential when buying a property to live in is different to what you need to look for…

6 months ago