News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

គួរទិញដី ឬទិញផ្ទះ បើអ្នកមានប្រាក់ចំណូលមធ្យម ?


ប្រធានបទ “ទិញដីទិញផ្ទះ” នៅតែជាការសម្រេចចិត្តមួយដែលពិបាក នៅពេលយើងមានកញ្ចប់ថវិការនៅមានកម្រិត។ គួរទិញ ឬទិញផ្ទះឬយ៉ាងណានោះ ហេតុផលខាងក្រោមនេះ ជាចំណុចដែលអ្នកអាចពិចារណាបាន។

ទិញដី 

អ្នកជំនាញវិស័យអចលនទ្រព្យជាច្រើន បានលើកទឹកចិត្តអ្នកឱ្យទិញដីទុកសម្រាប់សាងសង់ផ្ទះ បើសិនជាអ្នកមានប្រាក់ចំណូលស្ថិតក្រោម $1,000។

ចំណុចល្អមួយនៃការទិញដីមុននោះ អ្នកអាចមានឱកាសសម្រេចចិត្តជ្រើសរើសប្រភេទម៉ូតផ្ទះ និងការឌីគ័រទៅតាមអ្វីដែលអ្នកស្រឡាញ់ លើដីដែលមានស្រាប់ ខណៈពេលដែលតម្លៃដីអាចហុចផល និងមានតម្លៃកើនទ្វេគុណក្នុងរយៈពេល៥ ទៅ ១០ឆ្នាំទៀត។

ហេតុអ្វីចាំបាច់បំបែកប្លង់ក្បាលដី ក្រោយទិញអចលនទ្រព្យណាមួយ? – Phnom Penh Reporter

យ៉ាងណាមិញ ដីវិនិយោគក៏មានប្រភេទដីទៅតាមអត្ថប្រយោជន៍នីមួយៗរបស់វាដែរ។

យោងតាម លោកបណ្ឌិត គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុន KW Cambodia ប្រភេទដីត្រូវបានបែងជា៤ប្រភេទ៖ ដីទេសចរណ៍ ដីឧស្សាហកម្ម ដីលំនៅដ្ឋាន និងដីកសិកម្ម។ ប្រភេទដីនីមួយៗវាមានចំណុចវិជ្ជមានរៀងៗខ្លួន ប្រសិនបើលោកអ្នកចង់វិនិយោគដីដែលឆាប់ទទួលបានប្រាក់ចំណេញ លោកអ្នកគួរតែវិនិយោគដីប្រភេទលំនៅដ្ឋាន ដែលជាប្រភេទដីទុកសម្រាប់សាងសង់លំនៅដ្ឋានបែបបុរី ខុនដូ និងផ្ទះល្វែងជាដើម។

ទន្ទឹមនេះ លោក អ៊ា ចរិយា នាយកក្រុមហ៊ុន AP Real Estate មានប្រសាសន៍ថា វាជាការពិតមិនអាចប្រកែកបាន ប្រសិនបើវិនិយោគដីហើយចង់បានផលចំណេញត្រលប់មកវិញ ក្រុងភ្នំពេញនៅតែជាអាទិភាពក្នុងការវិនិយោគ។ អំឡុងពេលវិបត្តិកូវីដយ៉ាងណាក្តី តម្លៃដីមិនបានឡើង ប៉ុន្តែក៏មិនបានធ្លាក់តម្លៃអ្វីឡើយ។

ទិញផ្ទះ

ក្នុងរយៈពេលពីរឆ្នាំក្រោយពីការរងគ្រោះដោយសារវិបត្តិកូវីដ ១៩ ទីផ្សារទិញលក់ហាក់មានសន្ទុះងើបត្រឡប់មកវិញ ដែលយើងអាចគិតគូរបាន។ ប៉ុន្តែបើមានចំណូលទាប តើគួរទិញឬអត់?

លោក ង៉ែត ជូ អ្នកជំនាញ​សេដ្ឋកិច្ចបានផ្ដល់ដំបូន្មានថា បើអ្នកចង់ទិញផ្ទះក្នុងក្ដីសុបិន គួរប្រើប្រាស់រូបមន្ត ៣០/៣០/៣ ដែលបានន័យថា មុននឹងទិញផ្ទះ អ្នកគួរមានប្រាក់សន្សំឱ្យបាន ៣០% នៃតម្លៃផ្ទះសរុបជាមុនសិន រីឯ ៣០% ទៀត សំដៅលើចំនួនទឹកប្រាក់បង់រំលស់គួរមានត្រឹម ៣០% នៃប្រាក់ចំណូលប្រចាំខែរបស់អ្នក។

ចំណុចចុចក្រោយ អ្នកគួរទិញផ្ទះណាដែលមានតម្លៃត្រឹម ៣ដងនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់អ្នក។ ឧទាហរណ៍ថា អ្នកមានចំណូលប្រចាំឆ្នាំ ១០,០០០ដុល្លា នោះតម្លៃផ្ទះអ្នកចង់ទិញ គួរមានត្រឹម ៣០,០០០ដុល្លាទើបប្រសើរ។

ប្រៀបធៀបអត្រាការកម្ចីទិញផ្ទះរបស់ធនាគារធំៗមួយចំនួនក្នុងអំឡុងវិបត្តិកូវីដ១៩ - Construction & Property News

លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century 21 មេគង្គ បាន​ផ្ដល់​យោបល់​ថា ​៖ « ការ​ទិញ​ផ្ទះ​ទុក​នេះ សំខាន់​បើ​ខ្ចី​លុយ​ពី​ធនាគារ​នោះ វា​ផ្តល់​លទ្ធ​ភាពល្អ​សម្រាប់​ពួក​គាត់​អាច​ទិញ​ផ្ទះ​បាន តែ​ផល​វិនិយោគ​ដែល​បាន​មក​វិញ​មិន​ច្រើន​ទេ ។ ទោះបី​យ៉ាងណា យើង​ជួល​ឱ្យ​អ្នកមាន​តម្រូវការ​នោះ យើង​នឹង​ទទួល​បាន​ចំណូល​ប្រចាំខែ ហើយ​អាច​យក​ទៅ​ទប់ទល់​នឹង​ការ​ប្រាក់​ដែល​ខ្ចី​ពី​ធនាគារ​បាន » ។

នាពេលបច្ចុប្បន្ន គម្រោងអភិវឌ្ឍន៍ខ្លះ អនុញ្ញាតិឱ្យអតិថិជនរបស់ខ្លួនបង់រំលស់ជាមួយជាមួយគម្រោងរហូតដល់ ១០០%​ក្ដី ប៉ុន្តែអត្រាការប្រាក់អាចនឹងមានខ្ពស់ចន្លោះពី 10 – 12% ឯណោះ ខណៈពេលអត្រាការប្រាក់នៅធនាគារចន្លោះពី ៧% ទៅ ៩%។

ជារួម ការទិញផ្ទះ ឬទិញដី សុទ្ធតែមានចំណុចល្អ និងអវិជ្ជមានរៀងៗខ្លួន ដ្បិតថា ប្រសិនបើអ្នកមានផ្ទះស្រាប់ អ្នកអាចនឹងងាយស្រួលលក់ចេញជាងដី ប៉ុន្តែបើដីនោះស្ថិតក្នុងតំបន់គម្រោងអភិវឌ្ឍន៍ ដីនោះអាចនឹងស្រួលលក់ចេញជាងផ្ទះ៕

លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យ​ជាង40,000 តាមរយៈគេហទំព័រកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property​ ដោយសេរីនិងឥតគិតថ្លៃ៕

ប្រភព: Harbor Property