News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

រដ្ឋមន្ត្រី​សាធារណៈ​ការ​ស្នើ​ឱ្យ​ជប៉ុន​វិនិយោគ​បណ្តាញ​រថភ្លើង​នៅក្នុង​ទីក្រុង​ភ្នំពេញ​


រដ្ឋមន្ត្រី​សាធារណៈ​ការ​ស្នើ​ឱ្យ​ជប៉ុន​វិនិយោគ​បណ្តាញ​រថភ្លើង​នៅក្នុង​ទីក្រុង​ភ្នំពេញ​

ដោយ ​វុត្ថា

​ហាណូយ​៖ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ លោក​ ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ បាន​ស្នើ​ភាគី​ជប៉ុន​ពិនិត្យ​លទ្ធភាព​វិនិយោគ​បណ្តាញ​រថភ្លើង​ទីក្រុង​ភ្នំពេញ​ ដើម្បី​សម្រួលការ​ធ្វើដំណើរ​ និង​បន្ថយ​ការ​ស្ទះចរាចរណ៍​នៅ​ទីក្រុង​ភ្នំពេញ​។

លោក​ទេស​រដ្ឋមន្រ្តី​ ស៊ុន​ ចាន់​ថុល​ នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ លោក​ Minorikawa​ Nobuhide​ អនុរដ្ឋ​មន្រ្តី​នៃ​ក្រសួង​ដែនដី​ ហេដ្ឋារចនាសម្ព័ន្ធ​ ដឹកជញ្ជូន​ និង​ទេសចរណ៍​ ខណៈ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ជឹក​ជញ្ជូន​អាស៊ាន​លើក​ទី២៥​ និង​កិច្ចប្រជុំ​ជាមួយ​ដៃគូ​ពិភាក្សា​ពាក់ព័ន្ធ​ នៅ​ទីក្រុង​ហាណូយ​ កាលពី​ថ្ងៃទី​ ១៥​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩នេះ​ ​បាន​សម្តែង​នូវ​អណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ការ​ផ្តល់​ជំនួយ​ និង​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​ដល់​កម្ពុជា​ ពិសេស​នៅក្នុង​វិស័យ​សាធារណការ​ ដឹកជញ្ជូន​ និង​កំពង់ផែ​។

លោក​ទេស​រដ្ឋមន្ត្រី​បាន​ផ្តល់​តម្លៃ​ខ្ពស់​ចំពោះ​ជំនួយ​របស់​ភាគី​ជប៉ុន​នា​ពេល​ថ្មី​ៗនេះ​ សំរាប់​សាងសង់​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​ និង​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​ថ្មី​ នៅ​រាជធានី​ភ្នំពេញ​ និង​ស្នើសុំ​ភាគី​ជប៉ុន​ផ្តល់​ជំនួយ​សាងសង់​ប្រព័ន្ធ​ និង​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​នៅ​ខេត្ត​មួយចំនួន​ និង​ខេត្ត​ជាប់​សមុទ្រ​ ដូចជា​ កំពត​ និង​កោះកុង​ ផង​ដែរ​។

ភាគី​ទាំងពីរ​បាន​កត់សម្គាល់​លើ​ភាព​ជឿនលឿន​ នៃ​ដំណើរការ​ពង្រីក​ និង​ធ្វើ​ទំនើបកម្ម​កំពង់ផែ​កម្ពុជា​ និង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្លាស់​ប្តូរ​ទិន្នន័យ​តាម​អេ​ឡិច​ត្រូ​និច​សំរាប់​នាវា​ចេញចូល​កំពង់ផែ​ក្រោម​ជំនួយ​ជប៉ុន​។ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​ផង​ដែរ​អំពី​ការរៀបចំ​ផែនការមេ​កំពង់ផែ​របស់​ជាតិ​ ជាពិសេស​ការរៀបចំ​ផែនការមេ​កំពង់ផែ​ក្រុង​ព្រះសីហនុ​។

លោក​រដ្ឋមន្រ្តី​បាន​ជម្រាប​ភាគី​ជប៉ុន​ អំពី​គម្រោង​បង្កើត​ឡើងវិញ​នូវ​វិទ្យាស្ថាន​សាធារណការ​ និង​ដឹកជញ្ជូន​ និង​ស្នើសុំ​ជួយការ​បណ្តុះបណ្តាល​លើ​ផ្នែក​វិស្វកម្ម​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ផ្នែក​សេដ្ឋកិច្ច​ដឹកជញ្ជូន​។

ទន្ទឹម​នឹង​នេះ​លោក​រដ្ឋមន្រ្តី​បាន​ស្នើសុំ​ភាគី​ជប៉ុន​ផ្តល់​នូវ​អ្នកជំនាញ​ខាងលើ​សំរាប់​បណ្តុះបណ្តាល​មន្រ្តី​កម្ពុជា​ និង​ជួយ​បណ្តុះបណ្តាល​នៅក្នុង​វិទ្យាស្ថាន​ខាងលើ​។

ភាគី​ទាំងពីរ​បាន​សម្តែង​ការ​កោតសរសើរ​ខ្ពស់​ ចំពោះ​កិច្ចសហការ​ល្អ​រវាង​ក្រសួង​ទាំងពីរ​ ជាពិសេស​ JICA​ កន្លងមក​ និង​បាន​សន្យា​ជំរុញ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ទាំងនេះ​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​នា​ពេល​អនាគត​ និង​បាន​ពិភាក្សា​ផ្តោត​សំខាន់​លើ​កិច្ច​សហប្រតិបត្តិ​ការ​ផ្នែក​ហេ​ដ្ឋា​រចនា​សម្ព័ន្ព​ ផ្លូវថ្នល់​-ស្ពាន​ សុវត្ថិភាព​ចរាចរណ៍​ ប្រព័ន្ធ​ទឹក​កខ្វក់​ និង​កំពង់ផែ​។

ភាគី​ទាំងពីរ​បាន​កត់សម្គាល់​លើ​អត្ថ​ប្រយោជន៍​នៃ​ការសាងសង់​ផ្លូវ​ ស្ពាន​ ការ​ស្តារ​ និង​ជួសជុល​ផ្លូវ​ក្រោម​ជំនួយ​ជប៉ុន​ ពិសេស​ ដំណើរការ​សាងសង់​ពង្រីក​ផ្លូវជាតិ​លេខ៥​ ប្រវែង៣៦៦​ គ.ម​ ដែល​កំពុង​ប្រព្រឹត្តទៅ​៕

The post រដ្ឋមន្ត្រី​សាធារណៈ​ការ​ស្នើ​ឱ្យ​ជប៉ុន​វិនិយោគ​បណ្តាញ​រថភ្លើង​នៅក្នុង​ទីក្រុង​ភ្នំពេញ​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area