News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

វិបត្តិទឹកស្អាតក្នុងបុរីបានកើតឡើងសារជាថ្មីនៅទីក្រុងភ្នំពេញឆ្នាំ២០២២


កំណើននៃការប្រើប្រាស់ទឹកស្អាត បានធ្វើឱ្យកើតមានបញ្ហាកង្វះទឹកប្រើប្រាស់នៅក្នុងបុរីមួយចំនួននៃរាជធានីភ្នំពេញ នៅពេលដូវប្រាំងបានចូលមកដល់ ដែលបង្ករឱ្យមានការខឹងសម្បារ និងការមិនពេញចិត្តជាច្រើនពីសំណាក់ប្រជាពលរដ្ឋ។

យោងតាមសំដីរបស់ប្រជាពលរដ្ឋ ដែលបានរស់នៅក្នុងបុរីពិភពថ្មីឈូកវ៉ា២ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានឱ្យដឹងថា ពួកគាត់បានជួបបញ្ហាកង្វះខាតទឹកប្រើប្រាស់នេះជាច្រើនសប្ដាហ៍មកហើយ ដោយពុំទាន់មានដំណោះស្រាយពីម្ចាស់បុរី ឫអាជ្ញាធរពាក់ព័ន្ធនៅឡើយទេ។

ពួកគេបានត្អូញត្អែថា ពួកគេអត់ងងុយសឹងរាល់យប់ ដោយសារនៅរង់ចាំដណ្ដើមគ្នាបូមទឹក ដែលដឹកមកចែកក្នុងបុរី ដែលវាមិនគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់នោះទេ។ បញ្ហានេះនៅតែមិនទាន់មានដំណោះស្រាយពីម្ចាស់បុរីនៅឡើយ។

ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមនោះ ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយទាំងខឹងសម្បារថា៖ «ពេលមកពីធ្វើការ ពេលខ្លះខ្ញុំត្រូវទិញទឹកតម្លៃ៤,០០០រៀលក្នុងមួយធុងដើម្បីចំអិនអាហារ ដែលជាការចំណាយដែលមិនអាចទទួលយកបាននោះទេ។

កញ្ញាបានបន្តថា តាមពិតទៅ បញ្ហាកង្វះទឹកស្អាតនេះមិនមែនទើបតែកើតឡើងនោះទេ។ វាបានកើតឡើងតាំងពី២ឆ្នាំមុនមកម្លេះ ហើយពេលនេះវាបានកើតឡើងសារជាថ្មីម្ដងទៀតហើយ សម្រាប់ខ្ញុំគឺពិបាករស់នៅទីនេះខ្លាំងណាស់។

ទោះជាយ៉ាងណា រដ្ឋាករទឹកស្វយ័ត​បានកំពុង​ធ្វើ​ការ២៤/២៤ម៉ោងដេីម្បីសិក្សារកប្រភពបំពង់មេនាំទឹកពីច្រកផ្សេងៗទៅកាន់បុរីពិភពថ្មី​ឈូកវ៉ា​២​ ដើម្បីដោះស្រាយបញ្ហាជូលប្រជាពលរដ្ឋនៅទីនោះ។

ក្រុមការងារជំនាញរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានមកចុះសិក្សាពិនិត្យលទ្ធភាពដើម្បីបញ្ជូនទឹកស្អាតទៅជួយផ្គត់ផ្គង់តំបន់បុរីពិភពថ្មីឈូកវ៉ា ដោយបានអនុវត្តនូវការងារកាត់បំពង់មេនាំទឹកស្អាតទំហំ៤០០មម ភ្ជាប់ទៅបំពង់ចែកចាយទឹកស្អាតទំហំ២២៥មម នៅមុខវត្តឈូកវ៉ា និងពិនិត្យកែសម្រួលសម្ពាធទឹកតំបន់ជុំវិញ ក៏ដូចជាសិក្សារកប្រភពបំពង់មេនាំទឹកពីច្រកផ្សេងៗទៀត។

បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មូលហេតុនៃបញ្ហាកង្វះទឹកស្អាតប្រើប្រាស់នេះ គឺដោយសារតែចាប់តាំងពីដើមឆ្នាំ២០២២មក ការរីករាលដាលនៃជំងឺកូវីដ-១៩ មានការថមថយ បានធ្វើឱ្យរំហូរចូលប្រជាពលរដ្ឋ ក៏ដូចជា ការវិនិយោគវិស័យសំណង់តូច-ធំ វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ និងវិស័យផ្សេងៗជាច្រើនទៀត ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានការកើនឡើងយ៉ាងឆាប់រហ័ស ឥតឈប់ឈរ ពីមួយ ថ្ងៃទៅមួយថ្ងៃ ដែលជាហេតុនាំឱ្យ មានតម្រូវការប្រើប្រាស់ទឹកស្អាតកើនឡើងខ្ពស់លើសពីសមត្ថភាពផលិត។

 

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការប្រើប្រាស់ទឹកស្អាតនេះ បាននឹងកំពុងពន្លឿនការងារសាងសង់ រោងចក្រផលិតទឹកស្អាតថ្មីមួយទៀត នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ដែលនឹងគ្រោងបញ្ចប់ការសាងសង់ និងដាក់ឱ្យដំណើរការផលិតទឹកស្អាតក្នុងឆ្នាំ២០២៣ ហើយអាចផលិតទឹកស្អាតបានបន្ថែម ប្រមាណ ៤០០.០០០ម៉ែត្រគីបក្នុងមួយថ្ងៃ លើសមត្ថភាពផលិតដែលមានស្រាប់ ៦០០.០០០ម៉ែត្រថ្ងៃ។

ជាមួយគ្នានេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានអះអាងថា ដើម្បីបិទបញ្ចប់ នូវបញ្ហាកង្វះទឹកស្អាតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ចាប់ពីឆ្នាំ២០២៣តទៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងមានសមត្ថភាពផលិតទឹកស្អាតសរុប១.០០០.០០០ម៉ែត្រគីបក្នុងមួយថ្ងៃ៕

សម្រាប់អ្នកចង់វិនិយោគលើអចលនទ្រព្យសូមចូលទៅកាន់គេហទំព័រ Harbor Property ឬទាញយក កម្មវិធីទូរស័ព្ទបានដោយឥតគិតថ្លៃផងដែរ!

ប្រភព : Harbor Property