News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

សម្ដេចតេជោ សម្រេចបង្កកដីតំបន់ X16 ជាតំបន់ពាណិជ្ជកម្ម


រាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខា ដោយបង្កកដីនៅតំបន់ប្រវត្តិសាស្រ្តX16 ដែលនឹងក្លាយជាតំបន់ពាណិជ្ជកម្ម និងជាទីកន្លែងផ្លាស់ប្ដូរទំនិញរវាងប្រទេសកម្ពុជា និងវៀតណាម ក្នុងទំហំជាង១១៧៦ហិចតា ។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុនសែន នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ក្នុងអំឡុងពេលសម្តេច និងឯកឧត្តម ផាម មីញជីញ នាយករដ្ឋមន្ត្រីនៃប្រទេស វៀតណាម អញ្ជើញជាអធិបតីក្នុងពីធីអបអរសាទរខួប៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ ចេញពីរបប ប៉ុល ពត ។

សម្ដេចតេជោបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំបាន ចេញសេចក្តីសម្រេចតាមរយៈការស្នើសុំរបស់នាយឧត្តមសេនីយ៍ សៅ សុខា និងការស្នើរបស់ឯកឧត្តម ជា សុផារ៉ា បានសេចក្តីថាយើងត្រូវបង្កកដីចំនួន ១,១៧៦ហិចតា ដើម្បីបម្រុងទុក ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់រោងចក្រ ឬថ្ងៃក្រោយតំបន់នេះអាចក្លាយជាតំបន់ផ្លាស់ប្តូរទំនិញដ៏ល្អ ព្រោះតំបន់នេះនៅជិតកំពង់ផែសមុទ្ររបស់វៀតណាម…! ឬក្លាយជាតំបន់កែច្នៃ ព្រោះកសិផលរបស់កម្ពុជា នៅតំបន់នេះ និងតំបន់ឦសាន មានច្រើន»។

សម្ដេចតេជោ ក៏បានណែនាំ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចាប់ផ្តើមពង្រីកផ្លូវតំបន់ X16 យ៉ាងយូរនៅឆ្នាំ២០២៣ ឬឆ្នាំ២០២៤ ដើម្បីតភ្ជាប់ពីផ្លូវជាតិ ឬផ្លូវសំខាន់ផ្សេងៗទៀត ឱ្យមានទំហំប៉ុនផ្លូវជាតិលេខ៧។

តំបន់x16 ជាតំបន់ប្រវត្តិសាស្ត្រគ្មានការអភិវឌ្ឍ កាលពីអតីតកាល នឹងក្លាយជា តំបន់ពាណិជ្ជកម្មផ្លាស់ប្ដូរសេដ្ឋកិច្ចរវាងកម្ពុជា វៀតណាម និងដើម្បីទាក់ទាញវិនិយោគិននានា ចូលមក អភិវឌ្ឍន៍ជាតំបន់សេដ្ឋកិច្ចពិសេស ។ លើសពីនេះ តំបន់មួយនេះនឹងមានការអភិវឌ្ឍប្រព័ន្ធសេវាទូរស័ព្ទ ទឹក ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីតភ្ជាប់មកកាន់តំបន់X16 ក្នុងការផ្ដល់ភាពងាយស្រួលដល់ អ្នកវិនិយោគ។

សូមជំរាបជូនថា​ បច្ចុប្បន្នតំបន់ X16 ទើបដាក់សម្ភោធឲ្យប្រើប្រាស់់នូវសមិទ្ធផលជាច្រើនដូចជា ៖ អគារវេទិកាអចិន្ត្រៃយ៍ទំហំ ៦.១ម៉ែត្រ គុណ ៤៧ម៉ែត្រ ចំនួន ១ខ្នង, សាងសង់ទីលានបាល់ទាត់លើដីទំហំ ៦៨ម៉ែត្រ គុណ ១០៦ម៉ែត្រ, ជីកស្រះមួយមានទំហំ ៧០ម៉ែត្រ គុណ ៧០ម៉ែត្រ ជម្រៅជាង ១០ម៉ែត្រ សាងសង់សាលាដំណាក់ទំហំ ៦.១ម៉ែត្រ គុណ ១៩.៦ម៉ែត្រ ចំនួន ១ខ្នង កម្ពស់ ១ជាន់, សាងសង់អគារមិត្តភាព ១ខ្នង កម្ពស់ ១ជាន់ ដោយមានបំពាក់គ្រឿងសង្ហារឹម និងសម្ភារៈបច្ចេកទេស LED និងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមួយចំនួនទៀត។

លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យ​ជាង40,000 តាមរយៈគេហទំព័រកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property​ ដោយសេរីនិងឥតគិតថ្លៃ៕
ប្រភព: Harbor Property