News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

សម្ភោធអគារស្នងការរាជធានីថ្មី មានតម្លៃ ១៤លានដុល្លាអាមេរិក!


អគារស្នងការរាជធានីថ្មី បានសម្រេចការសាងសង់ និងសម្ភោធដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២២ ជាមួយទឹកប្រាក់ចំណាយប្រមាណ ១៤លានដុល្លាអាមេរិក។ នេះបើតាមការលើកឡើងរបស់  លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ការសាងសង់អគារស្នងការរាជធានីថ្មីនេះ បែងចែកជាពីរអគារផ្សេងៗគ្នា ដោយទីមួយ ជាអគាររដ្ឋបាលមាន កម្ពស់១០ជាន់ និងទីពីរជាអគារសាលប្រជុំ មានកម្ពស់៣ជាន់។

នៅក្នុងឱកាសដាក់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងថា៖ «អគាររដ្ឋបាល អគារសាលប្រជុំ រួមទាំងការបំពាក់សម្ភារៈបច្ចេកទេស ការរៀបចំហេដ្ឋារចនាសម្ព័ន្ធជុំវិញអគារ បានចំណាយថវិកាសរុបជាង ១៤លានដុល្លារ ដោយមិនបានប្រើប្រាស់ថវិការដ្ឋនោះទេ។ ថវិកាចំណាយទាំងនោះ មួយផ្នែកបានមកពីថវិការបស់អង្គភាព និងមួយផ្នែកទៀតបាន មកពីការជួយឧបត្ថម្ភគាំទ្រពីសំណាក់សប្បុរសជនក្នុង និងក្រៅប្រទេស»។

ដោយឡែក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ក្នុងឱកាសសម្ភោធអគារស្នងការរាជធានីថ្មីនេះ បានមានប្រសាសន៍ថា៖ «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចសូមថ្លែងអំណរគុណដល់សប្បុរសជននានា បានចូលរួមថវិកាផ្ទាល់ខ្លួន សម្រាប់សាង់សងអគារ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថ្មីនេះ ដើម្បីបម្រើការងារដល់កងកម្លាំងនគរបាល ព្រមទាំងចូលរួមក្នុងការពង្រឹងវិស័យសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅកម្ពុជា ផងដែរ»។

ជាមួយគ្នានោះផងដែរ លោកបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយបានបំពេញភារកិច្ចយ៉ាងល្អប្រសើរ ហើយបទល្មើសនៅរាជធានីភ្នំពេញ ក៏មានការថយចុះគួរឲ្យកត់សម្គាល់ផងដែរ។

គួរបញ្ជាក់ផងដែរ អគារស្នងការរាជធានីថ្មីនេះ មានគម្រោងសាងសង់ក្នុងរយៈពេលពីរឆ្នាំចាប់ពីថ្ងៃ ០៩ ខែឧសភា ឆ្នាំ២០១៩ មក ប៉ុន្តែដោយសារវិបត្តិកូវីដ១៩ បានធ្វើឱ្យមានការអូសបន្លាយពេលវេលារហូតដល់ជាង ០៣ឆ្នាំទើប បានបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ ។

ប្រភព: Harbor Property