News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ដល់.ក ! លក់ដីព្រៃលិចទឹកបានលុយជាងកន្លះលានដុល្លារត្រូវ ACU ទម្លាយ


អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហៅ​កាត់ ACU បាន​រក​ឃើញ​ថា ស្នងការ​រង​នគរបាល​ខេត្ត​កំពង់​ឆ្នាំ​លោក​ឧត្តមសេនីយ៍ ស៊ុំ សុ​ជាតិ បាន​កាន់កាប់ និង​ទន្ទ្រាន​ដី​ចំនួន​ជិត​១​ពាន់​ហិ​កតា នៅ​តំបន់​ដី​ព្រៃ​លិច​ទឹក​ជុំវិញ​បឹង​ទន្លេសាប ហើយ​ធ្វើការ​លក់ដូរ​បាន​ប្រាក់​ជាង​៥១​ម៉ឺន​ដុល្លារ​ឯណោះ ។​

​តាម​ប្រភព​របាយការណ៍​នៃ​កិច្ចប្រជុំ​លើក​ទី​៧​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​បានឱ្យ​ដឹង​ថា វរៈសេនីយ៍ឯក កែវ ណា​រុន ប្រធាន​ការិយាល័យ​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា នរ​គ​បាល​ខេត្តកំពង់ឆ្នាំង និង​ឧត្តមសេនីយ៍ត្រី ស៊ុំ សុ​ជាតិ ស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ធំ​ៗ​ចំនួន​៣​ក្នុង​នោះ​រួម​មាន ៖​ទី​១-​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត​, ទី​២-​ឈូស​ឆាយ និង​ហ៊ុម​ព័ន្ធ​ដី​ព្រៃ​លិច​ទឹក និង​ទី​៣-​បទ​មិន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ។​

​តាម​ប្រភព​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​រក​ឃើញ​ថា ឈ្មោះ ស៊ុំ សុ​ជាតិ បាន​លក់​ដី​ព្រៃ​លិច​ទឹក​តំបន់​៣ ចំនួន ៨​លើក បាន​លុយ​ជាង ៥១​ម៉ឺន​ដុល្លារ ។ ហើយ​ក្នុង​របាយការណ៍​របស់ ACU បានឱ្យ​ដឹង​ទៀត​ថា ឧត្តមសេនីយ៍​ស្នងការ​រង ស៊ុំ សុ​ជាតិ បាន​កាន់កាប់ និង​ទន្ទ្រាន​ដី​ចំនួន​៣៨​ទីតាំង​មាន​ទំហំ​ជិត ១០០០​ហិ​កតា (៩៥២,០២​ហិ​កតា​) ដោយ​ឈ្មោះ​នេះ​បាន​ធ្វើ​លិខិត​ប្រគល់​ដី​ជូន​រដ្ឋ​វិញ​ចំនួន​ត្រឹមតែ ៦៧៨​ហិ​កតា​ប៉ុណ្ណោះ ។ ជាង​នេះ​ទៅ​ទៀត អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រក​ឃើញ​ថា ឈ្មោះ ស៊ុំ សុ​ជាតិ នៅ​ត្រូវ​រង​នូវ​បទល្មើស​ថែម​មួយទៀត​គឺ​បទ​សម្អាត​ប្រាក់ ។​

​គួរ​រំលឹក​ផង​ដែរ​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ធ្លាប់​បាន​នាំ​ខ្លួន​លោក​ឧត្តមសេនីយ៍ត្រី ស៊ុំ សុ​ជាតិ ស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង និង​លោក កែវ ណា​រុន ប្រធាន​ការិយាល័យ​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ទៅ​សាកសួរ​ពាក់ព័ន្ធ​ករណី​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​តំបន់​៣​នៅ​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ៕