News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

សម្ដេច​តេជោ​៖ រដ្ឋាភិបាល​នឹង​យក​ហេដ្ឋារចនាសម្ព័ន្ធ​ក្រុង​ព្រះសីហនុ​ ធ្វើជា​គំរូ​ទូទាំង​ប្រទេស​


សម្ដេច​តេជោ​៖ រដ្ឋាភិបាល​នឹង​យក​ហេដ្ឋារចនាសម្ព័ន្ធ​ក្រុង​ព្រះសីហនុ​ ធ្វើជា​គំរូ​ទូទាំង​ប្រទេស​

ដោយ​ ៖ រ៉ា​ណេត​

ព្រះសីហនុ​ ៖ សម្ដេច​តេជោ​ ហ៊ុន​ សែន​ បាន​ប្រកាស​ថា​ ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំង​ក្រុង​ព្រះសីហនុ​ នឹង​ក្លាយជា​គំរូ​សម្រាប់​បណ្តា​ខេត្ត​នានា​នៅ​ទូទាំង​ប្រទេស​ ហើយក៏​ជា​ផ្លូវ​ដ៏​ទាក់ទាញ​សម្រាប់​ការ​វិនិយោគ​ និង​ទេសចរណ៍​ក្នុង​តំបន់​ផង​ដែរ​។

ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវ​សាងសង់​នៅ​ទូទាំង​ក្រុង​ព្រះសីហនុ​ ដែល​មានផ្លូវ​ចំនួន​ ៣៤ខ្សែ​ ប្រវែង​សរុប​ចំនួន៨៤គីឡូម៉ែត្រ​ ដែល​ចែកចេញជា៣ប្រភេទ​ធំៗ​ មាន​រង្វង់​មូល​ចំនួន៣​ និង​ស្ពាន​ចំនួន៦​ ប្រវែង​សរុប​ចំនួន​ ២៥២ម៉ែត្រ​ នឹង​ក្លាយ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ប្រណីត​ និង​យក​ជា​គំរូ​សម្រាប់​បណ្តា​ខេត្ត​នៅ​ទូទាំង​ប្រទេស​។

នៅក្នុង​ឱកាស​បើក​សម្ពោធ​ការដ្ឋាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​នៅ​ក្រុង​ព្រះសីហនុ​ កាលពី​ព្រឹក​ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ សម្តេច​ តេជោ​ ហ៊ុន​ សែន​ បាន​បាន​មានប្រសាសន៍​ថា​ “ផ្លូវ​សរុប​ដែល​ត្រូវ​សាងសង់​ គឺ៨៤គីឡូម៉ែត្រ​ តែ​យើង​ត្រូវ​ចំណាយ​ ២៩៤លាន​ដុល្លា​ សហរដ្ឋអាមេរិក​ ដែល​ជា​តម្លៃ​មួយ​ដ៏​ថ្លៃ​ ប៉ុន្តែ​នេះ​បង្ហាញថា​ រាជរដ្ឋាភិបាល​កម្ពុជា​មាន​ប្រភព​ចំណូល​គ្រប់គ្រាន់​ ដើម្បី​ចំណាយ​ក្នុង​ការអភិវឌ្ឍន៍​ប្រទេស​ដោយខ្លួនឯង​។

ថវិកា​សាងសង់​ផ្លូវ​នេះ​ បាន​ពី​ប្រាក់សន្សំ​របស់​ជាតិ​ ហើយ​ប្រាក់​នេះ​មាន​ចំនួន​តិចតួច​ណាស់​ បើ​ធៀប​នឹង​ប្រាក់សន្សំ​របស់​ជាតិ​នោះ​”។

សម្តេច​តេជោ​ ហ៊ុន​ សែន​ បន្ថែម​ថា​ ” គ្រាន់តែ​ចំណូល​ពន្ធគយ​មួយ​ កម្ពុជា​ទទួល​បាន​ប្រមាណ​ ២៥០លាន​ដុល្លារ​ គឺ​អាច​បើកប្រាក់​បៀវត្សរ៍​គ្រប់គ្រាន់​សម្រាប់​មន្ត្រី​រាជការ​ ខណៈ​មួយ​ខែៗ​កម្ពុជា​រកចំណូល​បាន​ប្រមាណ៥០០លាន​ដុល្លារ​ ហើយ​ទោះបីជា​ចំណាយ​អស់ពី២០០​ ទៅ៣០០លាន​ ដុល្លា​ ក៏​យើង​នៅសល់​ប្រាក់សន្សំ​ពី​ ២០០​ ទៅ៣០០លាន​ដុល្លា​ដែរ​”។

សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​បន្ត​ថា​ “យើង​នឹង​ធ្វើ​ផ្លូវ​នៅ​ខេត្ត​ព្រះសីហនុ​អោយ​រឹង​ជាប់​បំផុត​ ដែល​មានគុណ​ភាព​ ដែល​សូម្បីតែ​ផ្លូវថ្នល់​ក៏​យើង​ធ្វើ​ឱ្យ​ល្អ​ ទាក់ទាញ​ប្រជាពលរដ្ឋ​មក​មើលផ្លូវ​ដែរ​។

ខណៈ​ដែល​ផ្លូវ​ដទៃ​ធ្វើ​ចំណាយពេល​ប្រមាណ​ ២ទៅ៣ឆ្នាំ​ តែ​ផ្លូវ​នៅ​ខេត្ត​ព្រះសីហនុ​នេះ​ យើង​ធ្វើ​តែ៨ខែ​ទេ​ ប៉ុន្តែ​គុណភាព​វិញ​គឺ​ល្អ​បំផុត​”។ សម្ដេច​តេជោ​ បាន​បញ្ជាក់​ថា​ “ផ្លូវ​ទាំងអស់​នេះ​នឹង​ត្រូវ​ធ្វើឡើង​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត​ ដោយ​ត្រូវ​កាយដី​ស្អុយ​ចេះ​ទាំងអស់​ ហើយ​ក្រាល​ខ្សាច់​កន្លះ​ម៉ែត្រ​ បន្ទាប់មក​ដាក់​ថ្ម​ 4 x6​ មួយ​ជាន់​ទៀតហើយ​ក្រាល​ថ្ម​ប្រភេទ​ M 30​ ចាក់​បេតុង​ពីលើ​ ២តឹង​កន្លះ​ ហើយ​បញ្ចប់​ដោយ​ចាក់​ស៊ូ​ពីលើ​ ធ្វើ​ចឹង​វា​មាំ​ល្អ​”។

កម្រិត​ផ្លូវថ្នល់​ ក៏ដូចជា​មហា​វិ​ថី​ធំៗ​នៅក្នុង​ក្រុង​ព្រះសីហនុ​ ត្រូវ​បាន​ចែកចេញជា៣ប្រភេទ​ រួមមាន​ មហាវិថី​ដែល​មាន​ទទឹង​ចាប់ពី២០​-៥០ម៉ែត្រ​ ចំនួន១៤ខ្សែ​, វិថី​ធម្មតា​ មាន​ទទឹង​ចាប់ពី២០​-៤០ម៉ែត្រ​ និង​អនុ​វិថី​ មាន​ទទឹង​ចាប់ពី​ ៨-៤០ម៉ែត្រ​ អាស្រ័យ​ទៅតាម​តំបន់​ និង​ស្ថានភាព​ផ្លូវ​ ដែល​ធានា​គុណភាព​ក្នុង​ការប្រើ​ប្រាស់​យ៉ាងតិច​បំផុត២០ឆ្នាំ​ឡើង​ទៅ​៕

The post សម្ដេច​តេជោ​៖ រដ្ឋាភិបាល​នឹង​យក​ហេដ្ឋារចនាសម្ព័ន្ធ​ក្រុង​ព្រះសីហនុ​ ធ្វើជា​គំរូ​ទូទាំង​ប្រទេស​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area