News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

អគារ​ខ្ពស់​ៗនៅ​ក្រុង​ព្រះសីហនុ​កើនឡើង​ដល់​ជាង​ ៨០០អគារ​


អគារ​ខ្ពស់​ៗនៅ​ក្រុង​ព្រះសីហនុ​កើនឡើង​ដល់​ជាង​ ៨០០អគារ​

ដោយ​ ៖ រ៉ា​ណេត

ព្រះសីហនុ​ ៖ ជាមួយនឹង​ផែនការ​ប្រែក្លាយ​ក្រុង​ព្រះសីហនុ​ឱ្យទៅ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ បច្ចុប្បន្ន​នៅក្នុង​ក្រុង​មួយ​នេះ​មាន​គម្រោង​សំណង់​អគារ​ខ្ពស់​ៗរហូតដល់​ប្រមាណ​ជាង៨០០គម្រោង​ ដែល​ទិន្នន័យ​នេះ​ត្រូវ​បាន​ប្រកាស​ឡើង​ដោយ​ សម្តេច​ តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សម្តេច​តេជោ​បង្ហាញ​មហិច្ឆតា​ប្រែក្លាយ​ក្រុង​ព្រះសីហនុ​ជា​មជ្ឈ​មណ្ឌ​ហិរញ្ញវត្ថុ​សម្រាប់​តំបន់​ និង​ពិភពលោក​
សម្តេច​តេជោ​បង្ហាញ​មហិច្ឆតា​ប្រែក្លាយ​ក្រុង​ព្រះសីហនុ​ជា​មជ្ឈ​មណ្ឌ​ហិរញ្ញវត្ថុ​សម្រាប់​តំបន់​ និង​ពិភពលោក​

នៅក្នុង​ឱកាស​នៃ​ការ​បើក​សម្ពោធ​ការដ្ឋាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​គំរូ​ទូទាំង​ខេត្ត​ព្រះសីហនុ​ចំនួន៣៤ខ្សែ​ ដែល​ចំណាយ​ថវិកា​ជិត៣០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ កាលពី​ព្រឹក​ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ សម្ដេច​ តេជោ​ ហ៊ុន​ សែន​ បាន​ប្រកាស​ថា​ បច្ចុប្បន្ន​នេះ​ គម្រោង​សំណង់​អគារ​ខ្ពស់​ៗដែល​មាន​កម្ពស់​ចាប់ពី៥ជាន់ឡើង​ទៅ​មាន​កំណើន​រហូតដល់​ប្រមាណ​ជាង៨០០គម្រោង​ ដោយ​ក្នុង​នោះ​ អគារ​ដែល​ត្រូវ​បាន​សាងសង់​រួច​ជាស្ថាពរ​មាន​ចំនួន​ ២២៩​ អគារ​។

សម្តេច​ តេជោ​ ហ៊ុន​ សែន​ បាន​មានប្រសាសន៍​ថា​ “ទីក្រុង​មួយ​នេះ​ ហៅថា​ជាទី​ក្រុង​ពហុ​បំណង​ ដែល​មាន​ស្ទើរតែ​គ្រប់​វិស័យ​ ការ​ដឹកជញ្ជូន​ក៏​នៅ​ទីនេះ​ កំពង់ផែ​ទឹកជ្រៅ​របស់​យើង​ក៏​នៅ​ទីនេះ​ ឧស្សាហកម្ម​ក៏​នៅ​ទីនេះ​សេវាកម្ម​ក៏​នៅ​ទីនេះ​ ហើយ​អាច​ទៅ​ថ្ងៃក្រោយ​ឈាន​ដល់​តំបន់​មូលដ្ឋាន​ នៃ​ហិរញ្ញវត្ថុ​ក្នុង​តំបន់​ ក៏អាច​ថា​បាន​ ប្រសិនបើ​យើង​អភិវឌ្ឍន៍​ឱ្យ​បាន​ត្រឹមត្រូវ​…. កាមេរ៉ា​សុវត្ថិភាព​នឹង​ត្រូវ​បំពាក់​ នៅ​តាម​ដងផ្លូវ​ទាំងអស់​ ដើម្បី​ធានា​ថា​ទីក្រុង​មួយ​នេះ​ គឺជា​ទីក្រុង​ដែល​មាន​សុវត្ថិភាព​ និង​ជាទី​ក្រុង​ដែល​ទាក់ទាញ​បំផុត​ សម្រាប់​ទេសចរ​ មក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​ ទាំង​ប្រជាជន​កម្ពុជា​ ក៏ដូចជា​បរទេស​”។

សម្ដេច​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “នៅ​ឆ្នាំក្រោយ​មុខមាត់​ខេត្ត​ព្រះសីហនុ​ នឹង​ប្រែប្រួល​យ៉ាង​ខ្លាំង​ ទាំង​សំណង់​អគារ​។ ជា​ស្តែង​បច្ចុប្បន្ន​ខេត្ត​នេះ​ មាន​អគារ​មាន​កម្ពស់​ចាប់៥ជាន់ឡើង​ លើ​សាងសង់​រួចរាល់​មាន​ចំនួន​ ២២៩អគារ​ ហើយ​កំពុង​សាងសង់​ប្រមាណ៨០០អគារ​។

នៅ​ឆ្នាំ២០១៨​ ទុន​វិនិយោគ​លើ​វិស័យ​សំណង់​ នៅ​ខេត្ត​ព្រះសីហនុ​ មាន​ជាង១ពាន់​លាន​ដុល្លារ​ ហើយ​នៅ​ឆ្នាំ២០១៩​ ក៏​មាន​ជាង១ពាន់​លាន​ដុល្លារ​ផង​ដែរ​”។ អ្នកទេសចរ​មក​ខេត្ត​ព្រះសីហនុ​ ក្នុង​ឆ្នាំ​ឆ្នាំ២០១៩នេះ​ មាន​ចំនួន១៩សែន៤ម៉ឺន​នាក់​ កើនឡើង​ប្រមាណ​ ១០.៦៧ភាគរយ​។

ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន១លាន២សែន​នាក់​ និង​ភ្ញៀវ​អន្តរជាតិ៧៣ម៉ឺន​នាក់​ កើន​ដល់៥៨.៦ភាគរយ​ ខណៈ​ភ្ញៀវ​ជាតិ​ថយ​ចុះ​ជាង៦ភាគរយ​។ ក្នុង​មួយថ្ងៃ​ការហោះហើរ​ប្រមាណ៣៦ជើង​ នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ ខេត្ត​ព្រះសីហនុ​។

ដោយសារ​មើលឃើញ​ថា​ ខេត្ត​នេះ​នឹង​ផ្តល់​ទុន​ដល់​ប្រទេសជាតិ​វិញ​សម្រាប់​យក​ទៅ​អភិវឌ្ឍន៍​ខេ​ត្ត​ផ្សេង​ៗទៀត​ នៅក្នុង​ឆ្នាំ២០១៩នេះ​ រដ្ឋាភិបាល​បាន​ដាក់​ទុន​វិនិយោគ​ជាង១ពាន់​លាន​ដុល្លារ​ នៅ​ខេត្ត​ព្រះសីហនុ​ រាប់ទាំង​គម្រោង​ផ្លូវ៣៤ខ្សែ​ ដែល​ត្រូវ​សាងសង់​ផង​ដែរ​ ៕

The post អគារ​ខ្ពស់​ៗនៅ​ក្រុង​ព្រះសីហនុ​កើនឡើង​ដល់​ជាង​ ៨០០អគារ​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area