News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

អាជ្ញាធរ​ជាតិ​អប្សរា​បង្ហាញ​ប្រភេទ​សំណង់ផ្ទះ​បុរាណ​ដែល​អនុញ្ញាត​សម្រាប់​អ្នកស្រុក​អង្គរ​


អាជ្ញាធរ​ជាតិ​អប្សរា​បង្ហាញ​ប្រភេទ​សំណង់ផ្ទះ​បុរាណ​ដែល​អនុញ្ញាត​សម្រាប់​អ្នកស្រុក​អង្គរ​

ដោយ ​វុត្ថា​

សៀមរាប​៖​ ដើម្បី​ថែរក្សា​ និង​លើកកម្ពស់​ទេសភាព​វប្ប​ធ៌ម​ ក្នុង​រមណីយដ្ឋាន​អង្គរ​ ជាពិសេស​លើក​តម្លៃ​និង​អភិរក្ស​ផ្ទះ​បុរាណ​ខ្មែរ​ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាក់ចេញ​នូវ​គោលការណ៍​គំរូ​សាងសង់​លំនៅ​ដ្ឋាន​ បែប​ខ្មែរ​បុរាណ​ដល់​អ្នកស្រុក​អង្គរ​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​អាជ្ញាធរ​អប្សរា​ ចេញផ្សាយ​នៅ​ថ្ងៃទី១៨ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​បានឱ្យ​ដឹង​ថា​ ផ្ទះ​បែប​បុរាណ​ខ្មែរ​ ជា​ប្រភេទ​ផ្ទះ​បាន​កសាង​ខ្ពស់​ផុត​ពី​ដី​ ជា​ប្រភេទ​សំណង់​ស្រាល​ គ្មាន​ការ​ជីក​គ្រឹះ​ជ្រៅ​ទៅ​ក្នុង​ដី​ និង​មាន​ទម្រង់៥ប្រភេទ​ ដោយ​ប្រភេទ​នី​មួយ​ៗមាន​ភាព​ខុសគ្នា​ត្រង់​រចនាបថ​នៃ​ដំបូល​។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុញ្ញាត​ឱ្យ​អ្នកស្រុក​អង្គរ​ ជួសជុលផ្ទះ​ចាស់​ទ្រុឌទ្រោម​ឬសាងសង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់​ ក្នុង​នោះ​ផ្ទះ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សាងសង់​ ជា​ប្រភេទ​ផ្ទះ​ដែល​មាន​រចនាបថ​បែប​ខ្មែរ​ មាន​ចំនួន៥ប្រភេទ​ គឺ​ប្រភេទ​ផ្ទះ​ខ្មែរ​ ឬកឹង​ ប្រភេទ​ផ្ទះ​រោង ​(ផ្ទះកន្តាំង​) ប្រភេទ​ផ្ទះរោងដោល​ ប្រភេទ​ផ្ទះ​រោង​ឌឿង​ និង​ប្រភេទ​ផ្ទះប៉ិត​។ ចំពោះ​ប្រភេទ​ផ្ទះ​ក្រៅពី​នេះ​ មិន​ត្រូវ​បាន​អនុញ្ញាត​ឡើយ​ ដូចជា​ ផ្ទះតៀម​ ផ្ទះល្វែង​មួយ​ជាន់​ ឬច្រើន​ជាន់​ ឬសំណង់​ទាំងឡាយ​ណា​ ដែល​មានការ​ជីក​គ្រឹះ​ជ្រៅ​ទៅ​ក្នុង​ដី​ និង​មាន​លក្ខណៈ​ទំនើបកម្ម​។

ក្នុង​នោះ​ដែរ​ អាជ្ញាធរ​ជាតិ​អប្សរ​ក៏បាន​គិត​គូ​ដល់​ថ្នាំ​ពណ៌​ផ្ទះ​ ដំបូល​ត្រូវ​ធ្វើអំពី​ក្បឿង​ប្រើ​ពណ៌ដី​ដុត​ ឬពណ៌​ស៊ីម៉ងត៍​ ហ្វ៊ី​ប្រូ​ ឬស័ង្កសី​ត្រូវ​ប្រើ​ពណ៌ក្រហម​ ឬពណ៌បៃតង​ ជញ្ជាំង​ឥដ្ឋ​ខាងក្រោម​អាច​លាប​ពណ៌​ស៊ីម៉ងត៍​ ឬពណ៌ដី​លែង​ ឱ្យ​ស្រគាំ​ទៅ​នឹង​ពណ៌​ឈើ​។ ចំណែក​ឯជញ្ជាំង​ ទ្វារ​ បង្អួច​ ដែល​ធ្វើអំពី​ឈើ​ត្រូវ​ទុក​សាច់ឈើ​ធម្មជាតិ​ ឬក៏​លាប​ពណ៌​ដូច​ឈើ​ធម្មជាតិ​។ ពណ៌​ក្រៅពី​នេះ​ដែល​មាន​សភាព​ស្រស់​ឆើតឆាយ​ ត្រូវ​បាន​ហាមឃាត់​ ពុំ​អនុញ្ញាត​ឡើយ​។

ប្រជាពលរដ្ឋ​ដែល​បាន​រស់នៅ​ក្នុង​តំបន់១​ និង​តំបន់២​ អាច​រុះរើ​ ជួសជុលផ្ទះ​ចាស់​ទ្រុឌទ្រោម​ ឬសាងសង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់​បាន​ ត្រូវ​មាន​លិខិតអនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ជាមុន​ ដូច​មាន​ចែង​ក្នុង​ព្រះរាជ​ក្រឹត្យ​ នស​/រកត​/០១៩៩​/១៩​ ចុះ​ថ្ងៃទី២២​ ខែមករា​ ឆ្នាំ១៩៩៩​ និង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​លេខ០២​ បប​ ចុះ​ថ្ងៃទី២៣​ ខែមិថុនា​ ឆ្នាំ២០០៤​ ព្រមទាំង​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​ លេខ​ ៧០​ សសរ​ ចុះ​ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០០៤​៕

The post អាជ្ញាធរ​ជាតិ​អប្សរា​បង្ហាញ​ប្រភេទ​សំណង់ផ្ទះ​បុរាណ​ដែល​អនុញ្ញាត​សម្រាប់​អ្នកស្រុក​អង្គរ​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area