ដើម្បីឱ្យគ្រួសារដែលមានចំណូលទាប និងមធ្យមនៅកម្ពុជាមានផ្ទះអចិន្រ្តៃយ៍ដើម្បីរស់នៅ យើងមិនអាចមើលរំលងពីសារៈសំខាន់នៃស្ថាប័នផ្តល់ប្រាក់កម្ចីនោះទេដូចជា ធនាគារ និងមីក្រូហិរញ្ញវត្ថុដែលដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ប្រាក់កម្ចីទិញផ្ទះដល់ពួកគេ។ ជាទូទៅ ប្រជាជនសាមញ្ញមិនមានប្រាក់គ្រប់គ្រាន់ដើម្បីទិញផ្ទះស្នាក់នៅនោះទេ ដោយសារតែប្រាក់ចំណូល និងប្រាក់សន្សំរបស់ពួកគេនៅមានកំរិត។ ដូច្នេះពួកគេត្រូវការខ្ចីប្រាក់មួយចំនួនពីធនាគារដើម្បីអាចទិញផ្ទះសម្រាប់ស្នាក់នៅបាន។
ទោះជាយ៉ាងណាក៏ដោយ មុនពេលអ្នកអាចខ្ចីប្រាក់ពីធនាគារ អ្នកត្រូវមានវត្ថុបញ្ចាំដូចជាប្លង់ផ្ទះ និងប្លង់ដីជាដើម ដែលជាការតម្រូវរបស់ធនាគារ ក្នុងករណីអ្នកខកខានមិនបានសងប្រាក់កម្ចីតាមពេលវេលាកំណត់។ ក្រៅពីវត្ថុបញ្ចាំ ធនាគារនឹងសិក្សាពីចំណូលបច្ចុប្បន្នរបស់អ្នកនិងសក្តានុពលប្រាក់ចំណូលនាពេលអនាគត ប្រាក់សន្សំ និងប្រវត្តិឥណទានធនាគាររបស់អ្នក។ បន្ទាប់មក ធនាគារនឹងសម្រេចចិត្តថាតើពួកគេអាចផ្តល់ប្រាក់កម្ចីទិញផ្ទះដល់អ្នកបានចំនួនប៉ុន្មាន។
នៅប្រទេសកម្ពុជាមានធនាគារពាណិជ្ជជាង៣៥ ដែលអ្នកត្រូវជ្រើសរើសមួយក្នុងចំណោមធនាគារទាំងនោះដើម្បីផ្តល់ជូនអ្នកនូវប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប និងលក្ខខណ្ឌនៃការសងត្រលប់ដ៏ល្អ។ ជាទូទៅ ធនាគារអាចផ្តល់ប្រាក់កម្ចីរហូតដល់៧០%នៃប្រាក់កម្ចីទិញផ្ទះរបស់អ្នក ជាមួយនឹងរយៈពេលពី១៥ទៅ៣០ឆ្នាំ ហើយបន្ទាប់មកអ្នកត្រូវសងធនាគារវិញជាប្រចាំខែ។
លោក ព្រុំ សារិទ្ធ គឺជាបុគ្គលិកបម្រើការនៅក្នុងក្រុមហ៊ុនឯកជនមួយនៅទីក្រុងភ្នំពេញ ដែលមានភរិយាធ្វើការងារនៅក្នុងវិស័យឯកជនដូចគ្នា។ ក្រោយពីរៀបការជាមួយគ្នាបានពីរឆ្នាំ ពួកគេបានសម្រេចចិត្តទិញផ្ទះនៅក្នុងបុរីមួយកន្លែងនៅជាយក្រុងភ្នំពេញ ដោយជ្រើសយកធនាគារ UCB។
អំពីបទពិសោធន៍នៃការខ្ចីប្រាក់ទិញផ្ទះ លោក ព្រុំ សារិទ្ធ បានបញ្ជាក់ថា ដំបូងលោកត្រូវបង់ប្រាក់ចំនួន៣០%ជាមួយម្ចាស់បុរី ក្រោយមកលោកបានយកប្លង់រឹងដែលទទួលបានពីបុរីដើម្បីខ្ចីលុយពីធនាគារចំនួន៧០% រួចបង់រំលោះជាមួយធនាគាររយៈពេល១០ឆ្នាំ ដោយក្នុងមួយខែលោកត្រូវបង់ប្រាក់រំលស់ចំនួន៥០០ដុល្លារ។ លោកបានបន្តថា មុននឹងធនាគារផ្ដល់ប្រាក់កម្ចីទិញផ្ទះដល់លោក ធនាគារបានសិក្សាយ៉ាងលំអិតអំពីប្រាក់ចំណូល និងលទ្ធភាពបង់ប្រាក់របស់លោក ហើយលោកក៏មានការបារម្មណ៍ខ្លះដែរអំពីស្ថេរភាពប្រាក់ចំណូលរបស់លោក ជាពិសេសនៅពេលលោកបាត់បង់ការងារ។
នៅក្នុងរបាយការណ៍ប្រចាំឆមាសទីមួយឆ្នាំ២០២១ដោយធនាគារជាតិនៃកម្ពុជា ប្រាក់កម្ចីទិញផ្ទះនៅកម្ពុជារហូតមកដល់ពេលនេះមានចំនួន ៤,៤ ពាន់លានដុល្លារនៃប្រាក់កម្ចីក្នុងវិស័យអចលនទ្រព្យ និងសំណង់សរុបចំនួន ១០,៥ ពាន់លានដុល្លារ ខណៈដែលប្រាក់កម្ចីធនាគារសរុបមានចំនួន៣៣,៩ពាន់លានដុល្លារនៅឆមាសទី១ឆ្នាំ២០២១នេះ។
ទោះជាយ៉ាងណា ដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ១៩មកលើសេដ្ឋកិច្ចទាំងមូល ចំនួននៃការស្នើសុំកម្ចីទិញផ្ទះនៅកម្ពុជាបានធ្លាក់ចុះ៣២ភាគរយនៅក្នុងត្រីមាសទី២នៃឆ្នាំ២០២១ បើប្រៀបធៀបទៅនឹងត្រីមាសទីមួយនៅឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍សន្ទស្សន៍ឥណទានអតិថិជន ដែលបោះពុម្ពផ្សាយដោយការិយាល័យឥណទានកម្ពុជា CBC។
គិតត្រឹមខែមិថុនាឆ្នាំ២០២១ របាយការណ៍នេះបានឱ្យដឹងថា ចំនួននៃការស្នើសុំកម្ចីទិញផ្ទះមានជាង ១៤៦.០០០ ឫស្មើនឹង១១ភាគរយនៃចំនួនស្នើសុំប្រាក់កម្ចីសរុបចំនួន១.៣លាន ចំណែកតម្លៃប្រាក់កម្ចីមានចំនួន ៥.៦ ពាន់លានដុល្លារ ឬស្មើនឹង៥២ភាគរយនៃប្រាក់កម្ចីសរុបចំនួន១០,៧ ពាន់លានដុល្លារ។
តាមដានព័ត៌មានផ្សេងៗទាក់ទងនឹងការអភិវឌ្ឍន៍ ជាពិសេសវិស័យអចលនទ្រព្យ សូមចូលទៅកាន់គេហទំព័រ Harbor property និងកម្មវិធីទូរសព្ទដៃដោយសរី៕
Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.
What you consider essential when buying a property to live in is different to what you need to look for…
What you consider essential when buying a property to live in is different to what you need to look for…