News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ក្រសួង​បដិសេធ​ជុំវិញ​ព័ត៌មាន​ផ្អាក​ដំណើរការ​គម្រោង​ស្ថាបនា​កំណាត់ផ្លូវ​ជាតិ​លេខ៥​


ក្រសួង​បដិសេធ​ជុំវិញ​ព័ត៌មាន​ផ្អាក​ដំណើរការ​គម្រោង​ស្ថាបនា​កំណាត់ផ្លូវ​ជាតិ​លេខ៥​

ដោយ ៖ នៅ ស៊ីវុត្ថា

ភ្នំពេញ ៖ ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​ប្រកាស​បដិសេធ​ចំពោះ​ការបំផ្លើស​ព័ត៌មាន​ជុំវិញ​ថា​ ក្រសួង​បាន​ផ្អាក​គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ៥​ (ព្រែក​ក្តាម​-ធ្លា​ម្អម​)។

នៅក្នុង​សេចក្តី​បំភ្លឺ​របស់ក្រ​សួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​ចេញផ្សាយ​នៅ​ថ្ងៃទី​ ២៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នេះ​បាន​បញ្ជាក់​ថា​ គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ៥​ (ព្រែក​ក្តាម​-ធ្លា​ម្អម​) ដំណើរការ​ធម្មតា​ស្របតាម​ផែនការ​ដែល​បាន​គ្រោងទុក​។

សេចក្តី​បំភ្លឺ​ដដែល​បន្ត​ថា​ ក្រសួង​សូម​ធ្វើការ​ឆ្លើយ​បំភ្លឺ​ករណី​ ការ​លើកឡើង​ពីសំណាក់​មតិ​មួយចំនួន​ ចំពោះ​គម្រោង​ស្ថាបនា​កំណាត់ផ្លូវ​ជាតិ​លេខ៥​ ភាគ​ខាងត្បូង​ចាប់ពី​ព្រែក​ក្តាម​ (ខេត្តកណ្តាល​) ទៅដល់​ធ្លា​ម្អម​ (ខេត្តពោធិ៍សាត់​) បាន​ផ្អាក​ដំណើរការ​ការអនុវត្ត​ការងារ​របស់​ខ្លួន​។

បច្ចុប្បន្ន​ ក្រុមការងារ​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ និង​ខិតខំ​ប្រឹងប្រែង​ធ្វើការងារ​ដោយ​មិន​គិត​ថ្ងៃឈប់​សំរាក​ក្នុង​ការស្ថាបនា​ផ្លូវជាតិ​លេខ៥​ ភាគ​ខាងត្បូង​នេះ​។ លើស​ពីនេះ​ទៅទៀត​ការសាងសង់​ក៏បាន​អនុវត្ត​តាម​ស្តង់​ដា​គុណភាព​ សុវត្ថិភាព​ និង​បច្ចេកទេស​សាងសង់​ក្រោម​ការ​ចុះ​ពិនិត្យ​ តាមដាន​ អង្កេត​ និង​វាយតម្លៃ​ជាប្រចាំ​របស់​ភ្នាក់ងារ​សហ​ប្រតិ​បត្តិ​ការអន្តរជាតិ​ជប៉ុន​ JICA​ ។

ក្រសួង​ស្នើសុំ​ការ​សហការ​ និង​អធ្យាស្រ័យ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ ក្នុងករណី​មានផល​ប៉ះពាល់​ដែល​កើតមានឡើង​អំឡុង​ពេល​សាងសង់​នេះ​។

ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​ចាប់ផ្តើម​អនុវត្ត​គម្រោង​ធ្វើឲ្យ​ប្រសើរ​ឡើង​ផ្លូវជាតិ​លេខ៥​ ចាប់ពី​ព្រែក​ក្តាម​ ទៅ​ធ្លា​ម្អម​ ក្នុង​ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ចាប់តាំងពី​ដើមឆ្នាំ២០១៨​ ដោយ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ២៤៦លាន​ដុល្លារ​អាមេរិក​។

ការងារ​អភិវឌ្ឍន៍​គម្រោង​ធ្វើ​ឲ្យ​ប្រសើ​ឡើង​ កំណាត់ផ្លូវ​ជាតិ​លេខ៥​ មួយ​ខ្សែ​នេះ​ត្រូវ​បាន​ត្រួតពិនិត្យ​បទដ្ឋាន​បច្ចេកទេស​ដោយក្រុម​ហ៊ុន​ Katahira​ &​ Engineers​ International​ (KEI​)។ ចំណែក​ការ​ចំណាយ​ក្នុង​ការសាងសង់​ ស្ថិតនៅ​ក្រោម​ជំនួយ​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន​ តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ ហៅ​កាត់​ថា JICA​។

កំណាត់ផ្លូវ​ជាតិ​លេខ៥​ ព្រែក​ក្តាម​-ធ្លា​ម្អម​ មាន​ប្រវែង១៣៥.២៥គម​ ជា​ប្រភេទ​ផ្លូវ​ AC​ (Asphalt​ Concrete​) ហើយ​ដំណើរការ​សាងសង់​មាន​រយៈពេល៤ឆ្នាំ​ ដោយ​ចែកចេញជា​បី​កំណាត់​ កំណាត់ផ្លូវ​ ទី១​ មាន​ ប្រវែង​ ៤១,៥៤​ គ.ម​ កំណាត់ផ្លូវ​ទី​ ២ មាន​ប្រវែង៤២,៥០​ គ.ម​ និង​កំណាត់ផ្លូវ​ទី​ ៣ មាន​ប្រវែង​ ៥១,២០​ គ.ម​។

គម្រោង​ផ្លូវ​នេះ​ ជា​ចំណែក​មួយ​នៃ​ផ្លូវ​អាស៊ាន​ហាយ​វេ​លេខ១​ ដែល​តភ្ជាប់​ពី​ប្រទេស​មីយ៉ាន់ម៉ា​ ថៃ​ កម្ពុជា​ និង​វៀតណាម​ ហើយ​ជា​ផ្លូវ​សេដ្ឋកិច្ច​យ៉ាង​សំខាន់​ សម្រាប់​ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​ ពោល​គឺ​កំណាត់ផ្លូវ​នេះ​ ជា​សរសៃឈាម​ដ៏​ធំ​មួយ​ក្នុង​ការ​ធ្វើឲ្យ​សេដ្ឋកិច្ច​ជាតិ​កាន់តែ​មានការ​អភិវឌ្ឍ​ថែមទៀត​៕

The post ក្រសួង​បដិសេធ​ជុំវិញ​ព័ត៌មាន​ផ្អាក​ដំណើរការ​គម្រោង​ស្ថាបនា​កំណាត់ផ្លូវ​ជាតិ​លេខ៥​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area