News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ក្រុមហ៊ុន​អចលនទ្រព្យ​ Century21​ ពង្រីក​ការិយាល័យទី២៣​ នៅ​ក្រុង​ព្រះសីហនុ​


ក្រុមហ៊ុន​អចលនទ្រព្យ​ Century21​ ពង្រីក​ការិយាល័យទី២៣​ នៅ​ក្រុង​ព្រះសីហនុ​

ដោយៈ​ រ៉ា​ណេត​

ព្រះ​សី​ហនុៈ​ ​ស្រប​ទៅ​នឹង​ភាព​រីកចម្រើន​ និង​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​នៃ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ជាពិសេស​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅក្នុង​ក្រុង​ព្រះសីហនុ​ ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ដ៏​ល្បីឈ្មោះ​ Century21​ Cambodia​ បាន​ពង្រីក​សាខា​ទី២៣ របស់​ខ្លួន​ ដែល​មានឈ្មោះ​ថា ​Century21​ Laymin​ Realty​ ប្រចាំ​ខេ​ត្ត​ជាប់់​មាត់សមុទ្រ​មួយ​នេះ​។

ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century21​ Laymin​ Realty​ នៅ​ក្រុង​ព្រះសីហនុ​ ដែល​ជាស​មា​ជិ​កនៃ​គ្រួសារ​ Century21​ Cambodia​ ត្រូវ​បាន​ប្រកាស​បើក​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃទី២៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៩កន្លងមក​ ក្រោម​វត្តមាន​របស់​អភិបាលខេត្ត​ព្រះ​សីនុ​ គួច​ ចំរើន​។

នាយិកា​ក្រុមហ៊ុន​ Century21​ Cambodia​ លោកស្រី​ Grace​ Reachny​ Fong​ បាន​មានប្រសាសន៍​ថា​ ព្រះសីហនុ​ គឺជា​ខេត្ត​ដ៏​មាន​សក្ដានុពល​សេដ្ឋកិច្ច​ ដែល​ស្ថិតនៅ​ក្នុង​ផ្លូវ​មួយ​ខ្សែ​ក្រ​វ៉ាត់​មួយ​របស់​ប្រទេស​ចិន​។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “ការ​វិនិយោគ​នៅក្នុង​ខេត្ត​មួយ​នេះ​ មាន​សក្ដានុពល​ខ្លាំង​ទៅលើ​វិស័យ​អចលនទ្រព្យ​ ជាពិសេស​វិស័យ​អគារ​ពាណិជ្ជកម្ម​ លំនៅ​ដ្ឋាន​សហកម្មសិទ្ធិ​ ដូចជា​ខុន​ដូ​ និង​អា​ផា​តមិនជា​ដើម​។ បន្ថែម​ពីនេះ​ ការ​វិនិយោគ​លើ​វិស័យ​សណ្ឋាគារ​កម្រិត​អន្តរជាតិ​ក៏​មាន​ភាព​ប្រសើរ​ផង​ដែរ​”។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “នៅក្នុង​ពេល​ដ៏​ខ្លី​ឆាប់​ៗខាងមុខនេះ​ ខេត្ត​ព្រះសីហនុ​នឹង​ប្រែរូប​រាង​ ទៅជា​តំបន់​ដែល​រំលេច​ទៅ​សំណង់​អា​គារ​ខ្ពស់​ៗ ស្អេកស្កះ​ ស្ទើរគ្រប់​ទីកន្លែង​ ក្រោម​ការ​សម្រុក​វិនិយោគ​ពីសំណាក់​ក្រុមហ៊ុន​អន្តរ​ជា​តិ​ធំៗ​ ជាពិសេស​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន​ ដោយសារតែ​ព្រះសីហនុ​ជា​តំបន់​ដែល​អំណោយផល​ទាំង​កត្តា​ភូមិសាស្ត្រ​សេដ្ឋកិច្ច​ និង​ធម្មជាតិ​”។

លោកស្រី​ Grace​ Rachny​ Fong ​បាន​បន្ត​ថា​ ក្រៅពី​ជា​តំបន់​សមុទ្រ​ដែល​ស្ថិតនៅ​ក្នុង​ក្ដី​ប្រាថ្នា​ការ​វិនិយោគ​របស់​ជនជាតិ​ចិន​ នៅ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាច្រើន​កន្លែង​ មាន​ផែស្ងួត​ មាន​កំពង់ផែ​ទឹកជ្រៅ​ ផ្តល់​ភាព​ងាយស្រួល​ក្នុង​ដឹកជញ្ជូន​ទំនិញ​ឆ្លងដែន​ឆ្ពោះទៅ​ភ្ជាប់​ជាមួយ​កំពង់ផែ​អន្តរជាតិ​នានា​នៅ​លើ​ពិភពលោក​។

លោកស្រី​បន្ត​ថា​ ដោយសារ​សម្លឹងឃើញ​ពី​ការ​អភិវឌ្ឍ​ និង​សក្ដានុពល​នា​ពេល​បច្ចុប្បន្ន​ និង​បន្ត​ទៅ​ថ្ងៃ​អនាគត​ ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century21​ Laymin​ Realty​ ដែល​ជា​ការិយាល័យទី២៣​ របស់​ Century21​ Cambodia​ និង​ជា​ការិយាល័យ​លើកដំបូង​នៅ​ក្រុង​ព្រះសីហនុ​ បានសម្រេច​បើក​សម្ពោធ​ដំណើរការ​ជា​ផ្លូវការ​ ដើម្បី​ចូលរួម​បម្រើ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ក៏ដូចជា​បង្កើន​ទំនុក​កាន់តែ​ខ្លាំង​ នៅក្នុង​វិស័យ​មួយ​នេះ​ ចំពោះ​បណ្តា​ក្រុមហ៊ុន​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​ផង​ដែរ​”។

អភិបាលខេត្ត​ព្រះសីហនុ​ លោក​ គួច​ ចំរើន​ បាន​បង្ហាញ​ពី​ក្ដី​សាទរ​ចំពោះ​វត្តមាន​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century21​ Laymin​ Realty​ រួម​ជាមួយនឹង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ ចំពោះ​ដំណើរ​ប្រតិបត្តិ​ការ​រវាង​ក្រុមហ៊ុន​ និង​រដ្ឋបាល​ខេត្ត​ក្នុងនាម​ជា​អាជ្ញាធរ​។

លោក​បាន​បន្ត​ទៀត​ថា​ “វត្តមាន​របស់​ក្រុមហ៊ុន​អន្តរជាតិ​នានា​នៅក្នុង​ខេត្ត​ គឺ​បាន​បង្ហាញ​ពី​ភាព​រីកចម្រើន​ ក៏ដូចជា​សក្ដានុពល​នៅក្នុង​ខេត្ត​ផង​ដែរ​”។លោក​បន្ត​ថា​ “នៅពេល​ដែល​មាន​ក្រុមហ៊ុន​អន្តរជាតិ​ចូល​នៅក្នុង​ទីផ្សារ​មួយ​ គឺ​បាន​បញ្ជាក់​ពី​ទំនុកចិត្ត​នៅក្នុង​ប្រទេស​រួច​បាត់​ទៅ​ហើយ​”។

បច្ចុប្បន្ន​នេះ​ នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​ វិស័យ​អចលនទ្រព្យ​ និង​វិស័យ​សំណង់​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​មានការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ ដែល​គិត​ត្រឹម​អគារ​ដែល​មាន​កម្ពស់​ខ្ពស់​ៗចាប់ពី​កម្ពស់ ៥ជាន់ឡើង​ទៅ​ មាន​រហូ​ដល់​ប្រមាណ ៨០០គម្រោង​ ដែល​ក្នុង​នោះ​គម្រោង​ចំនួន២២៩​ បាន​បញ្ចប់​ការសាងសង់​ជាស្ថាពរ​។

កាលពី​ឆ្នាំ២០១៨​ ទុន​វិនិយោគ​លើ​វិស័យ​សំណង់​ នៅ​ខេត្ត​ព្រះសីហនុ​មាន​ទឹកប្រាក់​ជាង ១០០០លាន​ដុល្លារ​ ហើយ​នៅ​ឆ្នាំ២០១៩​ ក៏​មាន​ជាង ១០០០លាន​ដុល្លារ​ផង​ដែរ​ ជាមួយនឹង​ក្ដី​រំពឹង​ថា​ នឹង​បន្ត​កំណើន​ទុន​វិនិយោគ​បន្ថែម​ទៀត​ នៅ​ឆ្នាំ​បន្ទាប់​ខាងមុខនេះ​៕

The post ក្រុមហ៊ុន​អចលនទ្រព្យ​ Century21​ ពង្រីក​ការិយាល័យទី២៣​ នៅ​ក្រុង​ព្រះសីហនុ​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area