News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ខេត្តបាត់ដំបង​នឹង​មាន​ស្ពាន​ថ្មី​ឆ្លងកាត់​ស្ទឹង​សង្កែ​មួយទៀត​ ជំនួស​ស្ពាន​ចាស់​ដែល​មាន​អាយុ​ ១០៣​ឆ្នាំ​


ខេត្តបាត់ដំបង​នឹង​មាន​ស្ពាន​ថ្មី​ឆ្លងកាត់​ស្ទឹង​សង្កែ​មួយទៀត​ ជំនួស​ស្ពាន​ចាស់​ដែល​មាន​អាយុ​ ១០៣​ឆ្នាំ​

ដោយ​ ៖ រ៉ា​ណេត

បាត់ដំបង​ ៖ រដ្ឋាភិបាល​ តាមរយៈ​រដ្ឋបាល​ខេត្តបាត់ដំបង​ មាន​គម្រោង​សាងសង់​ស្ពាន​ថ្មី​មួយទៀត​ ជំនួស​ស្ពានថ្ម​ចាស់​ដែល​បន្សល់ទុក​តាំងពី​សម័យ​អាណានិគម​បារាំង​ មាន​អាយុ​ ១០៣ឆ្នាំ​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ការ​ធ្វើដំណើរ​ និង​ដឹកជញ្ជូន​របស់​ប្រជាពលរដ្ឋ​។

បន្ទាប់ពី​បាន​ពិនិត្យ​ និង​សិក្សា​ទៅលើ​ភាព​ចំណាស់​នៃ​ស្ពានថ្ម​ ដែល​បាន​បន្សល់ទុក​តាំងពី​សម័យ​អាណានិគម​បារាំង​ កសាង​នៅក្នុង​អំលុង​ឆ្នាំ១៩១៦​ ស្ថិតនៅ​ភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់ដំបង​ ទល់មុខ​សាលាខេត្ត​បាត់ដំបង​ ក្នុង​សភាព​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង​មិន​អាច​ធានា​ដល់​ការប្រើ​ប្រាស់​បាន​ទៀត​នោះ​ រដ្ឋាភិបាល​ តាមរយៈ​រដ្ឋបាល​ខេត្ត​បានសម្រេច​បង្កើត​គម្រោង​សាងសង់​ស្ពាន​ថ្មី​ជំនួស​មួយ​ខ្សែ​ទៀត​ ដែល​មាន​ទិដ្ឋភាព​ស្រដៀងគ្នា​ទៅ​នឹង​ស្ពាន​ចាស់​។

អភិបាលខេត្ត​បាត់ដំបង​ លោក​ ងួន​ រតនៈ​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី២៣​ ខែធ្នូ​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ថា​ រហូតមកដល់​ពេលនេះ​ ក្រុម​អ្នកជំនាញ​ និង​មន្ត្រី​ក្រសួង​ពាក់ព័ន្ធ​ រួម​ជាមួយនឹង​រដ្ឋបាល​ខេត្តបាត់ដំបង​ បាន​ចុះ​ធ្វើការ​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​ជួសជុល​ស្ពាន​ចាស់​ ដើម្បី​រក្សាទុក​ជា​បេ​តិ​កភ័​ណដែល​បន្សល់​ពី​សម័យ​បារាំង​ ហើយ​សាងសង់​ស្ពានថ្ម​ថ្មី​មួយទៀត​ ស្ថិតនៅ​ស្របគ្នា​ និង​មាន​លក្ខណៈ​ស្រដៀងគ្នា​។

លោក​ ងួន​ រតនៈ​ បាន​មានប្រសាសន៍​បញ្ជាក់​ថា​ “ក្រោម​ការ​ចង្អុលបង្ហាញ​ពីសំណាក់​សម្ដេច​ក្រឡាហោម​ ស ខេង​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ រដ្ឋបាល​ខេត្តបាត់ដំបង​ បាន​ និង​កំពុងតែ​រៀបចំ​គម្រោង​ និង​ផែនការមេ​ក្នុង​ការសាងសង់​ ដោយ​ស្នើសុំ​មានការ​ចូលរួម​ពីសំណាក់​សប្បុរសធម៌​នានា​ ដើម្បី​គាំទ្រ​ដល់​ខ្ទង់ចំណាយ​ក្នុង​ការសាងសង់​ស្ពានថ្ម​ថ្មី​មួយ​ខ្សែ​នេះ​”។

លោក​បាន​បន្ត​ទៀត​ថា​ “ការសាងសង់​ស្ពាន​ថ្មីនេះ​ ក្រៅពី​ចូលរួម​ក្នុង​ការបង្កើត​កិច្ច​អភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង​ ក៏ដូចជា​ខេត្តបាត់ដំបង​ និង​ជួយ​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ថែមទាំង​ជា​ចំណែក​មួយ​ក្នុង​ការ​គាំទ្រ​ដល់​វិស័យ​ទេសចរណ៍​ផង​ដែរ​ ខណៈ​ដែល​រដ្ឋបាល​ខេត្ត​មាន​គម្រោង​ជាច្រើន​ក្នុង​ការចូលរួម​នៅក្នុង​វិស័យ​នេះ​ ឱ្យ​ស្រប​ទៅ​នឹង​កេរ្តិ៍ឈ្មោះ​ ទីក្រុង​ស្អាត​ ប្រចាំឆ្នាំ​”៕

The post ខេត្តបាត់ដំបង​នឹង​មាន​ស្ពាន​ថ្មី​ឆ្លងកាត់​ស្ទឹង​សង្កែ​មួយទៀត​ ជំនួស​ស្ពាន​ចាស់​ដែល​មាន​អាយុ​ ១០៣​ឆ្នាំ​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area