News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

គម្រោងស្ពានឆ្លងទន្លេ ពីផ្សាររាត្រី ទៅតំបន់អរិយក្សត្រ ចេញជាគំនូរប្លង់ហើយ


គម្រោងសាងសង់ស្ពានឆ្លងទន្លេ ពីផ្សាររាត្រីភ្នំពេញ ទៅតំបន់អរិយក្សត្រ ដែលត្រូវបានស្នើសាងសង់ដោយកម្ចីអនុគ្រោះពីប្រទេសកូរ៉េខាងត្បូង បានចេញជាគំនូរប្លង់ហើយ។ នេះបើយោងតាមសារព័ត៌មានចិន CNEWS។

គំនូរប្លង់បានបង្ហាញថា ស្ពានឆ្លងកាត់ទន្លេចំនួនពីរនឹងត្រូវសាងសង់ ដោយមួយចាប់ពីផ្សាររាត្រីទៅសណ្ឋាគារសុខា ហើយបន្ទាប់មកមួយទៀតពីសណ្ឋាគារសុខា ទៅតំបន់អរិយក្សត្រ ដោយឆ្លងកាត់ទន្លេមេគង្គ។

បើមិនមានការប្រែប្រួលទេ ការសាងសង់ស្ពានឆ្លងកាត់ទន្លេខាងលើ ត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ 2023។ នេះបើយោងតាមឯកឧត្តម ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ដោយឡែកអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ាស៊ីម សូរិយា គម្រោងនេះត្រូវបានគេរំពឹងថានឹងចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយ។ទោះជាយ៉ាងណាក៏ដោយ គម្រោងនេះនៅតែស្ថិតក្នុងដំណាក់កាលស្រាវជ្រាវនៅឡើយ ហើយការស្រាវជ្រាវរួមមានៈ សោភ័ណ , បញ្ហាបច្ចេកទេស, លំហូរទឹក, ការចំណាយលើការសាងសង់។ ក្នុងនោះរដ្ឋាភិបាល​ចង់​រក្សា​តម្លៃ ​សំណង់​ឲ្យ​ទាប​បំផុត ប៉ុន្តែ​មាន​គុណភាព​ត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស។

គម្រោងស្ពាននេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបានឯកភាពជាផ្លូវការរួចហើយ ដោយអនុញ្ញាតឲ្យក្រុមហ៊ុនកូរ៉េខាងត្បូងសាងសង់ស្ពានឆ្លងទន្លេមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងចំនួន២ តភ្ជាប់ពីម្តុំផ្សាររាត្រីក្បែរផ្សារចាស់ឆ្ពោះទៅត្រើយសុខា ហើយបន្តទៅអរិយក្សត្រ។គម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ នេះ គ្រោងធ្វើឡើងដោយដែកខ្សែកាបខ្ពស់ ដែលគ្មានសរសនោះទេ ពីព្រោះមានការធ្វើចរាចរណ៍តាមផ្លូវទឹក និងម្យ៉ាងទៀត ក៏ប្រទេសកម្ពុជា មានការរៀបចំពិធីបុណ្យអ៊ុំទូក ផងដែរ។ ដូច្នេះ ប្រសិនបើមានសរស អាចនឹងជួបការលំបាក ពាក់ព័ន្ធនឹងការធ្វើចរាចរណ៍តាមផ្លូវទឹក។

តាមរយៈ គម្រោងស្ពានឆ្លងទន្លេទៅតំបន់អរិយក្សត្រនេះ  កំពុងជំរុញឲ្យតម្លៃអចលនទ្រព្យ នៅតំបន់នោះហក់ឡើង ដោយសារតែស្ពានជាហេដ្ឋារចនាសម៏ន្ធដ៏សំខាន់ក្នុងការដឹកជញ្ជូន នឹងការធ្វើចរាចរណ៍ ពីតំបន់មួយទៅកាន់តំបន់មួយទៀត។

ដូច្នេះតម្រូវការលំនៅដ្ឋាននិងដីធ្លីនឹងមានសន្ទុះខ្លាំង ដោយសារតែតំបន់អតិយក្សត្រនឹងកាន់តែកៀក រាជធានីភ្នំពេញនៅពេលស្ពានសាងសង់រួច ហើយ គេសង្កេតឃើញថា មានឈ្មួញជាច្រើនបាននាំគ្នាសម្រុកទៅទិញអចលនទ្រព្យនៅតំបន់នោះកាន់តែច្រើន ដែលជំរុញឲ្យតន្លៃអចលនទ្រព្យនៅតំបន់នោះមានការកើនឡើង។

ប្រភព: Harbor Property