News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

គម្រោង​សាងសង់​ផ្លូវជាតិ​លេខ៧១​C គ្រោង​នឹង​បើក​ការដ្ឋាន​នៅ​ត្រឹម​ចុងឆ្នាំ​នេះ​ជាមួយនឹង​ការ​តភ្ជាប់​ឆ្លងទន្លេ​ដ៏​សំខាន់​


គម្រោង​សាងសង់​ផ្លូវជាតិ​លេខ៧១​C គ្រោង​នឹង​បើក​ការដ្ឋាន​នៅ​ត្រឹម​ចុងឆ្នាំ​នេះ​ជាមួយនឹង​ការ​តភ្ជាប់​ឆ្លងទន្លេ​ដ៏​សំខាន់​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ​បន្ទាប់ពី​បាន​បញ្ចប់​ការសិក្សា​លម្អិត​ ពីសំណាក់​ក្រុមហ៊ុន​ជំនាញ​ចិន​ គម្រោង​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​ ៧១​C តភ្ជាប់​រវាង​ខេត្ត​ត្បូងឃ្មុំ​ និង​ខេត្ត​កំពង់ចាម​ ដោយ​ឆ្លង់​កាត​ស្ពាន​មិត្តភាព​ កម្ពុជា​ -ចិន​ ស្រុក​ស្ទឹង​ និង​ស្រុក​ក្រូចឆ្មារ​ នឹង​ប្រព្រឹត្តទៅ​នៅ​ត្រឹម​ចុងឆ្នាំ២០១៩ឆាប់​ៗខាងមុខនេះ​។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ លោក​ វ៉ា​ ស៊ី​មសូរិ​យា​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ កាលពី​សប្ដាហ៍​កន្លងទៅ​នេះ​ថា​ គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​ ៧១​C ដែល​មាន​ប្រវែង១១៤​,៦៨​ គីឡូម៉ែត្រ​ តភ្ជាប់​ចេញពី​ផ្លូវជាតិ​លេខ៧១​ ត្រង់​ចំណុច​ផ្សារ​ចំការលើ​ ស្រុកចំការ​លើ​ ខេត្ត​កំពង់ចាម​ ឆ្លងកាត់​ស្ពាន​ស្ទឹងត្រង់​-ក្រូចឆ្មារ​ ទៅកាន់​ភូមិសាស្ត្រ​ខេត្ត​ត្បូងឃ្មុំ​ ត្រូវ​បាន​បញ្ចប់​ការសិក្សា​រួចរាល់​ហើយ​ នៅឡើយ​តែ​ចាប់ផ្តើម​ស្ថាបនា​ប៉ុណ្ណោះ​។

លោក​បាន​បន្ត​ទៀត​ថា​ គម្រោង​សាងសង់​ផ្លូវជាតិ៧១​C នេះ​ ត្រូវ​បាន​សិក្សា​ដោយក្រុម​ហ៊ុន​ សៀងហៃ​គ្រុប​ ហើយក៏​ជា​គម្រោង​មួយ​ស្ថិតនៅ​ក្នុង​គម្រោង​អាទិភាព​ចុងក្រោយ​ក្នុងចំណោម​គម្រោង​ផ្លូវ​ផ្សេង​ៗទៀត​ ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​ផង​ដែរ​។

បើ​តាម​ការ​ឱ្យ​ដឹងពី​លោក​ ទី​ សេង​ដឿន​ មន្ត្រី​សាលាស្រុក​ក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​ បាន​បង្ហើប​ប្រាប់​ឱ្យ​ដឹង​ថា​ នៅក្នុង​គម្រោង​នៃ​ការសាងសង់​ផ្លូវជាតិ​មួយ​ខ្សែ​ ខាងលើ​នេះ​ នឹង​ត្រូវ​ស្ថាបនា​ទ្រូងផ្លូវ​ទំហំ១២ម៉ែត្រ​ ខណៈ​ដែល​ផ្លូវ​រង​ឬផ្លូវបំបែក​ចូល​ភូមិ​ ឃុំ​នឹង​ត្រូវ​ស្ថាបនា​ទំហំ៩ម៉ែត្រ​។ លោក​បាន​បន្ត​ទៀត​ថា​ តាម​ការសិក្សា​ គម្រោង​សាងសង់​ផ្លូវជាតិ​លេខ៧១​C នឹង​ត្រូវ​ចំណាយពេល​ប្រមាណ៣៦ខែ​ នៅក្នុង​ខ្ទង់​ថវិកា​ចំណាយ​សរុប​ប្រមាណ​ជាង ១០០លាន​ដុល្លារ​។

លោក​បាន​បញ្ជាក់​ថា​ ទីតាំង​គោល​នៃ​ផ្លូវ​ដែល​ត្រូវ​បំបែកចេញ​ពី​ផ្សារ​ចំការលើ​ ខេត្ត​កំពង់ចាម​ មួយ​នេះ​នឹង​ត្រូវ​មក​បញ្ចប់​នៅ​តំបន់​សាលាខេត្ត​ត្បូងឃ្មុំ​ ស្ថិតនៅ​ក្នុង​ភូមិ​ត្រពាំង​ជូរ​ ឃុំ​ស្រឡប់​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ និង​មានផ្លូវ​ខ្នែង​មួយ​ខ្សែ​ទៀត​ឆ្ពោះទៅ​តភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ៧៣​៕

The post គម្រោង​សាងសង់​ផ្លូវជាតិ​លេខ៧១​C គ្រោង​នឹង​បើក​ការដ្ឋាន​នៅ​ត្រឹម​ចុងឆ្នាំ​នេះ​ជាមួយនឹង​ការ​តភ្ជាប់​ឆ្លងទន្លេ​ដ៏​សំខាន់​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area