News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

គំរោង​សាងសង់​ស្ពាន​ទៅ​អរិយក្សត្រ​នៅតែ​មិនទាន់​មាន​ភាព​ច្បាស់លាស់​


គំរោង​សាងសង់​ស្ពាន​ទៅ​អរិយក្សត្រ​នៅតែ​មិនទាន់​មាន​ភាព​ច្បាស់លាស់​

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ស្ពាន​ដែល​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​អរិយក្សត្រ​ និង​តំបន់​ស្វាយ​ជ្រុំ​ស្ថិតនៅ​ក្នុង​ភាព​មិន​ប្រាកដប្រជា​ និង​កំណត់ពេល​សាងសង់​ជាក់លាក់​នៅឡើយ​ ដែល​ធ្វើឲ្យ​ក្តី​សង្ឃឹម​សម្រាប់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ កាន់តែ​ចំណាយពេល​រង់ចាំ​យូរ​តទៅទៀត​។

លោក​វ៉ា​ ស៊ី​មសូរិ​យា​អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​ថ្លែង​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ការសាងសង់​ស្ពាន​ភ្ជាប់​រវាងផ្លូវ​ជាតិ​លេខ១​ ពី​តំបន់​ក្តី​តា​កុយ​ ទៅកាន់​តំបន់​អារិ​យក្ស​ត្រ​ និង​ពី​តំបន់​ជ្រោយ​ចង្វា​រទៅ​តំបន់​ស្វាយ​ជ្រុំ​នឹង​មានការ​ប្រែប្រួល​ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ពី​ភាពលំអិត​នោះ​ទេ​។

លោក​បន្ត​ថា​ “ខ្ញុំ​មិនទាន់​មា​នព៌​តមាន​លំអិត​ទាក់ទង​នឹង​គម្រោង​នេះ​ទេ​ ព្រោះ​រហូត​មកទល់​ពេលនេះ​ មិនទាន់​មា​នព៌​តមាន​វិវត្តន៍​ថ្មី​នៅឡើយ​ទេ​”។

អគ្គនាយក​បច្ចេកទេស​នៃ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​លោ​កនូ​វឌ្ឍនៈ​បាន​ថ្លែង​ឲ្យដឹង​ផង​ដែរ​ថា​ ក្រុមហ៊ុន​ចិន​កំពុង​សិក្សា​ ពីទី​តាំង​សម្រាប់​សាងសង់​ស្ពាន​នេះ​ ប៉ុន្តែ​ការកំណត់​សាងសង់​ជា​ផ្លូវការ​នៅពេល​ណា​ មិនទាន់​កំណត់​ជាក់លាក់​នោះ​ទេ​ ប៉ុន្តែ​វា​ជា​គំរោង​នា​ពេល​អនាគត​ ដែល​ត្រូវតែ​សាងសង់​។លោក​បន្ត​ថា​ គំរោង​នេះ​មិនទាន់​ស្ថិតនៅ​ក្នុង​ផែនការ​ជាក់លាក់​ ឬដាក់​ចូល​ផែនការ​របស់ក្រ​សួង​ថា​ នឹង​សាងសង់​នៅពេល​ណា​នោះ​ទេ​ ព្រោះ​យើង​រង់ចាំ​ជំនួយ​របស់​ប្រទេស​ចិន​។

ក្នុង​ឳកាស​អញ្ជើញ​សម្ភោ​ធបើកឲ្យ​ប្រើប្រាស់​ មហាវិថី​សម្តេច​តេជោ​ហ៊ុន​ សែន​ ដែលគេ​ហៅ​រត់មាត់​ថា​ ផ្លូវ៦០ម៉ែត្រ​ លោក​ហ៊ុន​ សែន​បាន​ថ្លែង​ថា​ ដើម្បីឲ្យ​ការសាងសង់​និង​ភ្ជាប់​ផ្លូវ​ខ្សែ​ក្រ​វ៉ាត់​ក្រុង​ពេញលេញ​ កម្ពុជា​ចាំបាច់​ត្រូវ​សាងសង់​ស្ពាន​ភ្ជាប់​រវាង​តំបន់​ក្តី​តា​កុយ​ ភ្ជាប់​ទៅកាន់​តំបន់​អរិយក្សត្រ​ និង​ពី​ផ្លូវ​កែវ​ ចិន្តា​ នា​តំបន់​ជ្រោយ​ចង្វា​រ ភ្ជាប់​ទៅកាន់​តំបន់​ស្វាយ​ជ្រុំ​ ស្ថិត​ក្នុង​ឃុំ​ស្វាយ​ជ្រុំ​ ស្រុក​ល្វាឯម​ ខេត្តកណ្តាល​។

ការប្រកាស​ពី​ការសាងសង់​ស្ពាន​ទៅកាន់​តំបន់​នោះ​ បាន​ធ្វើឲ្យ​តំលៃ​ដី​នៅ​តំបន់​ទាំងនោះ​បាន​កញ្រ្ជោល​ឡើង​យ៉ាង​ខ្លាំង​ ហើយ​អ្នក​វិនិយោគ​ក្នុង​ស្រុក​មួយចំនួន​បាន​សាងសង់​បុរី​មួយចំនួន​នៅ​តំបន់​នោះ​រួចមក​ហើយ​។

លោក​ច្រឹក​ សុ​ខនី​មប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចន​លវត្ថុ​កម្ពុជា​ បាន​ថ្លែង​ថា​ ប្រសិនជា​មានការ​ប្រកាស​សាងសង់​ស្ពាន​ បាន​ធ្វើឲ្យ​តំលៃ​ដីធ្លី​នៅ​តំបន់​អរិយក្សត្រ​ និង​តំបន់​ស្វាយ​ជ្រុំ​មានការ​ប្រែប្រួល​យ៉ាង​ខ្លាំង​ ប៉ុន្តែ​ប្រសិនជា​ស្ពាន​ពន្យា​ពេល​សាងសង់​ តំលៃ​អចលនទ្រព្យ​នៅ​តំបន់​នោះ​ ក៏​ទ្រុឌទ្រោម​ទៅតាម​នោះ​ផង​ដែរ​។

លោក​បន្ត​ថា​ “ប្រសិនជា​ស្ពាន​សាងសង់​កាន់តែ​ឆាប់​កាន់តែ​ល្អ​ ព្រោះ​វា​នឹង​ធ្វើឲ្យ​តំបន់​នោះ​មានការ​អភិ​វឌ្ឈ​ន៍​កាន់តែ​លឿន​ ព្រោះ​គំរោង​មួយចំនួន​ដែល​វិនិយោគ​នៅ​តំបន់​នោះ​ គឺ​រំពឹង​ពី​ការសាងសង់​ស្ពាន​របស់​រដ្ឋាភិបាល​”៕

The post គំរោង​សាងសង់​ស្ពាន​ទៅ​អរិយក្សត្រ​នៅតែ​មិនទាន់​មាន​ភាព​ច្បាស់លាស់​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area