News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ទីផ្សារអចលនទ្រព្យក្នុងខេត្តកណ្តាលកាន់តែមានតម្រូវការខ្ពស់ក្នុងឆ្នាំ២០២០


ទីផ្សារអចលនទ្រព្យក្នុងខេត្តកណ្តាលកាន់តែមានតម្រូវការខ្ពស់ក្នុងឆ្នាំ២០២០

ដោយៈ រ៉ាណេត

កណ្តាលៈ ស្ទើរតែគ្រប់តំបន់នៅក្នុងខេត្តកណ្តាល ជាពិសេសនៅតាមតំបន់មួយចំនួនដែលស្ថិតនៅហ៊ុព័ទ្ធជុំវិញរាជធានីភ្នំពេញ គឺកំពុងតែមានសក្ដានុពលក្នុងការវិនិយោគ និងអភិវឌ្ឍក្នុងវិស័យសំណង់គួរឱ្យកត់សម្គាល់ ដែលក្នុងនោះរាប់ទាំងវិស័យលំនៅដ្ឋាន វិស័យឧស្សាហកម្ម និងតំបន់កម្សាន្តផងដែរ។

ខេត្តកណ្តាល ដែលទើបតែទទួលបានពានរង្វាន់ជាទីក្រុងច្នៃប្រឌិត និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនោះ ត្រូវបានអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យជាច្រើន បង្ហា​ញពីភាពសុទិដ្ឋិនិយមយ៉ាងខ្លាំង ជាមួយនឹងការអះអាងថា នៅក្នុងឆ្នាំ២០២០នេះ វិសាលភាពដីធ្លីស្ទើរទូទាំងខេត្តសុទ្ធតែមានតម្រូវការខ្ពស់ ជាពិសេសតំបន់ទាំង៣ដែលស្ថិតនៅហ៊ុព័ទ្ធជុំវិញរាជធានីភ្នំពេញតែម្ដង។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investment Group លោកឧកញ៉ា តេង រិទ្ធី បានមានប្រសាសន៍ប្រាប់តាមទូរស័ ព្ទកាលពីចុងសប្ដាហ៍កន្លងទៅនេះថា បច្ចុប្បន្ននេះ ស្ទើរតែគ្រប់តំបន់ទូទាំងខេត្តកណ្តាល សុទ្ធតែមានសក្ដានុពល ស្របពេលដែលគម្រោងនៃការអភិវឌ្ឍជាច្រើនត្រូវបានចាប់អនុវត្ត។

លោកឧកញ៉ាបានបន្តទៀតថា “ក្រៅពីតំបន់កណ្តាលក្រុងតាខ្មៅ ដែលកំពុងតែមានសកម្មភាពអភិវឌ្ឍន៍ ទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាល និងគម្រោងអភិ​វឌ្ឍន៍វិស័យសំណង់ រួមមានគម្រោងលំនៅដ្ឋានកម្រិតមធ្យម និងកម្រិតខ្ពស់ ក៏មានគម្រោ​ងសាងសង់អគារពាណិជ្ជកម្មមួយចំនួនផងដែរ”។

លោកឧកញ៉ាតេង រិទ្ឋីបានបន្តទៀតថា ងាកចេញពីតំបន់ក្រុងបន្តិច ជាពិសេសទីតាំងដែលស្ថិតនៅជាយក្រុង ក៏កំពុងតែមានសកម្មភាពអភិវឌ្ឍន៍លំនៅដ្ឋាន យ៉ាងសកម្មផងដែរ ដូចជានៅតំបន់ព្រែកហូរ ព្រែកកំពឺស តំបន់ជាប់ផ្លូវជាតិលេខ ២១A ផ្លូវលេខ២១B និងតំបន់ផ្លូវជាតិលេខ២ ម្ដុំរង្វង់មូលគួរស្រូវ គឺសុទ្ធតែជាគម្រោងបុរីលំនៅដ្ឋានធំៗ។ លោកបានបន្តទៀតថា មិនមែនមានតែតំបន់ខាងលើនេះនោះទេ ដែលមានការអភិវឌ្ឍលំនៅដ្ឋាន ក្នុងនោះនៅតាមផ្លូវជាតិលេខ១ ស្ថិតក្នុងកៀនស្វាយ ផ្លូជាតិលេខ៣ លេខ៤ លេខ៥ លេខ៦ លេខ៥១ និងផ្លូវជាតិលេខ៤១ ក៏មានគម្រោងអភិវឌ្ឍន៍លើវិស័យលំនៅដ្ឋាន និងសហគ្រាសជាច្រើនគម្រោងផងដែរ។

លោកឧកញ៉ាឡាយ លន់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Black Eagle International Co.,Ltd ក៏បានទទួលស្គាល់នូវសក្ដានុពល និងការអភិវឌ្ឍយ៉ាងលឿននៅទូទាំងខេត្តកណ្តាលផងដែរថា “ខេត្តកណ្តាកមានកត្តាភូមិសាស្ត្រល្អ ជាពិសេស បណ្តាស្រុកមួយចំនួនរបស់ខេត្ត គឺស្ថិតនៅព័ន្ធជុំវិញរាជធានីភ្នំពេញ ហើយនៅពេលបច្ចុប្បន្ននេះ មានតំបន់មួយចំនួនបានកាត់ចូលមកចំណុះរាជធានីភ្នំពេញ ហើយសល់ប៉ុន្មានបានក្លាយជាជាតំបន់ជាយក្រុង ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស”។

លោកឧកញ៉ាបានបន្តថា “ភាពរីកចម្រើន និងអភិវឌ្ឍន៍របស់ខេត្តកណ្តាល មានលក្ខណៈពិសេសខុសពីខេត្តផ្សេង ហើយតម្លៃក៏មានការកើនឡើងគួរឱ្យកត់សម្គាល់”។លោកបន្តថា “តម្លៃដីធ្លីដែលស្ថិតនៅក្នុងតំបន់មិនទាន់មានការអភិវឌ្ឍ គិតជាមធ្យមអាចឡើងក្នុងអត្រា១០ ទៅ២៥ភាគរយ ដោយឡែកតម្លៃដី ដែលស្ថិតនៅក្នុងតំបន់មានការអភិវឌ្ឍ គិតជាមធ្យមមានកំណើនក្នុងចន្លោះចាប់ពី៥០-១២០ភាគរយក្នុងមួយឆ្នាំ”។

អគ្គនាយកក្រុមហ៊ុន PREMIUM Group លោក ម៉ាន់ ច័ន្ទឌី បានមានប្រសាសន៍ថា “វិសាលភាពខេត្តកណ្តាលគឺលាតសន្ធឹងធំធេង គ្របដណ្ដប់ជុំវិញរាជធានីភ្នំពេញ ហើយតំបន់ដែលមានសក្ដានុពលខ្លាំង គឺស្ថិតនៅប៉ែកខាងជើង ខាងលិច និងខាងត្បូង រាជធានីភ្នំពេញ លើកលែងតែតំបន់ប៉ែកខាងកើត ហាក់មានកម្រិតទាបជាងគេបន្តិច ដោយសារតែតំបន់ប៉ែកខាងកើត ភាគច្រើនជាតំបន់លិចទឹក។

លោកបានបញ្ជាក់ថា “បើធ្វើការប្រៀបធៀបជាមួយខេត្តកំពង់ស្ពឺ ដែលមានព្រំប្រទ​ល់ជាប់គ្នា និងកំពុងតែមានតម្រូវការប្រើប្រាស់ដី ក្នុងវិស័យឧស្សាហកម្មនោះខេត្តទាំងពីរនេះមានសក្ដានុពលម៉្យាងម្នាក់”។ លោកបញ្ជាក់ថា “សក្ដានុពលរបស់ខេត្តកណ្តាល អាចនឹងកាន់តែមានភាពលេចធ្លោ ក្នុងចន្លោះប្រមាន៣ឆ្នាំខាងមុខ ក្រោយពេលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បញ្ចប់ការសាងសង់ ជាពិសេសគម្រោងព្រលានយន្តអន្តរជាតិ-ភ្នំពេញថ្មីត្រូវបានលេចចេញជារូបរាង”៕

The post ទីផ្សារអចលនទ្រព្យក្នុងខេត្តកណ្តាលកាន់តែមានតម្រូវការខ្ពស់ក្នុងឆ្នាំ២០២០ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area