News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

រដ្ឋាភិបាល​នឹង​ចុះបញ្ជី​ក្បាលដី​ចំនួន​ ៧លាន​បណ្ណ​ ដើម្បី​ផ្តល់​ជូន​ប្រជាពលរដ្ឋ​នៅ​ដំណាច់ឆ្នាំ២០២១​


រដ្ឋាភិបាល​នឹង​ចុះបញ្ជី​ក្បាលដី​ចំនួន​ ៧លាន​បណ្ណ​ ដើម្បី​ផ្តល់​ជូន​ប្រជាពលរដ្ឋ​នៅ​ដំណាច់ឆ្នាំ២០២១​

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ជា​ការធានា​ដល់​សុវត្ថិភាព​ និង​ភាព​សុខ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​កាន់កាប់​ដីធ្លី​ជា​កម្មសិទ្ធិ​ស្របច្បាប់​ នៅ​ត្រឹម​ឆ្នាំ២០២១​ ខាងមុខនេះ​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ នឹង​ធ្វើការ​ចុះបញ្ជី​ចំនួន​ ៧លាន​ក្បាលដី​ ជូន​ដល់​ប្រជាពលរដ្ឋ​ ។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ជា​ សុ​ផា​រ៉ា​ បាន​ប្រកាស​នៅក្នុង​ឱបិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ២០១៩​ និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​នៅ​ឆ្នាំ២០២០​ កាលពី​រសៀល​ថ្ងៃទី២៥​ ខែធ្នូ​ ឆ្នាំ២០១៩ម្សិលមិញ​ថា​ នៅ​ឆ្នាំ២០២១​ ខាងមុខនេះ​ ក្រសួង​រៀបចំ​ដែនដី​ នឹង​ចុះបញ្ជី​ក្បាលដី​ ៧លាន​ក្បាលដី​ ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យ​អស់​ ខណៈ​នៅ​ឆ្នាំ២០១៩នេះ​ ក្រុមការងារ​បាន​ចុះបញ្ជី​ក្បាលដី​ បាន​ ៨០.២២ភាគរយ​រួច​ទៅ​ហើយ​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ បាន​មានប្រសាសន៍​ថា​ ៖ “សូម​ឱ្យ​ទាំងអស់គ្នា​ ទាំង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ បន្ត​ពុះពារ​នៅក្នុង​ការចុះបញ្ជី​ដីធ្លី​ ដែល​សព្វថ្ងៃ​នេះ​យើង​ធ្វើការ​បូកសរុប​បាន៨០.២២ភាគរយ​ នៃ​ការចុះបញ្ជី​ដីធ្លី​នេះ​ គោលដៅ​ដ៏​ចម្បង​នេះ​យើង​ត្រូវ​ជំរុញ៩៤ភាគរយ​ នៅ​ឆ្នាំ២០២០​ ហើយ​ត្រូវ​ចប់​នៅ​ខែធ្នូ​ ពេល​សន្និបាត​ឆ្នាំ២០២១​ គឺ​ត្រូវ​បញ្ចប់​ការចុះបញ្ជី​ក្បាលដី​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ ដែល​ប៉ាន់ស្មាន​មាន​ជាង៧លាន​ក្បាលដី​”។

លោក​បាន​សង្កត់ធ្ងន់​ថា​ ការចុះបញ្ជី​ក្បាល​ជូន​ប្រជាពលរដ្ឋ​ឱ្យ​អស់​នៅ​ឆ្នាំ២០២១​ ខាងមុខនេះ​ គឺជា​ការងារ​ដ៏​សំខាន់​បំផុត​ ដើម្បី​ឱ្យ​ការគ្រប់គ្រង​ដី​មាន​សុវត្ថិភាព​ មាន​បណ្ណ​សម្គាល់​អចលវត្ថុ​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែ​រគ្រប់​ៗរូប​ ព្រមទាំង​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​ ហើយ​បណ្ណ​នេះ​ក្លាយទៅជា​ទុន​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការដឹកនាំ​ដោយ​សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​ខិតខំ​ធ្វើការ​បែងចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ មាន៥ដំណាក់កាល​កន្លង​ផុត​ទៅ​ហើយ​។

ចាប់ពី​ឆ្នាំ១៩៧៩​ រហូតមកដល់​បច្ចុប្បន្ន​នេះ​ រាជរដ្ឋាភិបាល​បាន​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ ទទួលស្គាល់​សិទ្ធិ​កាន់កាប់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​បាន​ ៥ដំណាក់កាល​ ដូច្នេះ​ការ​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ទាំង៥ដំណាក់កាល​ បាន​ក្លាយជា​ទុន​ដែល​រដ្ឋ​បាន​ផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​។

ការ​ផ្តល់​ជូន​បណ្ណ​កម្មសិទ្ធិ​លើ​ដីធ្លី​នេះ​ហើយ​ បាន​នាំមក​នូវ​សក្តា​នុ​ពល​លើ​ផ្នែក​សេដ្ឋកិច្ច​នៅក្នុង​ក្រុម​គ្រួសារ​ និង​អាច​ស្វែងរក​ដៃ​គូរ​អភិវឌ្ឍ​នានា​ មក​ធ្វើការ​អភិវឌ្ឍ​ទៅលើ​ដីធ្លី​របស់​ពួកគាត់​ជាដើម​។ និយាយ​ម្យ៉ាងទៀត​ វា​បាន​ក្លាយទៅជា​ការជំរុញ​អនុវត្តន៍​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ផង​ដែរ​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ទៀត​ថា​ “យើង​នៅសល់​ ២២០០​ ករណី​ទៀត​ នៅ​ទូទាំង​ប្រទេស​ ដែល​មិន​ទាន​បាន​ដោះស្រាយ​បញ្ចប់​តាមរយៈ​យន្តការ​ទាំងអស់​ ទាំង​ថ្នាក់​ជាតិ​ ថ្នាក់ក្រោម​ជាតិ​ និង​អាជ្ញាធរ​ដោះស្រាយ​ទំនាស់​ដីធ្លី​ នៅពេល​ដែល​សកម្មភាព​ នៃ​ការចុះបញ្ជី​ដីធ្លី​របស់​យើង​ដំណើរការ​បាន​ទៅមុខ​ថែមទៀត​ រហូតដល់​ ៩៤​ ភាគរយ​ បើ​ចុះបញ្ជី​បាន​មានន័យថា​ ដី​ទាំងនេះ​ គឺ​គ្មាន​ទំនាស់​ យើយ​អាច​ប្រកាស​តំបន់​វិ​និ​ឆ្ឆ័យ​បាន​ ហើយ​យើង​ចេញ​បណ្ណ​កម្មសិទ្ធិ​ ជូន​ដល់​ប្រជាពលរដ្ឋ​”៕

The post រដ្ឋាភិបាល​នឹង​ចុះបញ្ជី​ក្បាលដី​ចំនួន​ ៧លាន​បណ្ណ​ ដើម្បី​ផ្តល់​ជូន​ប្រជាពលរដ្ឋ​នៅ​ដំណាច់ឆ្នាំ២០២១​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area