News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

រដ្ឋាភិបាល​លើកទឹកចិត្តដល់វិស័យឯកជនក្នុងការសាងសង់លំនៅឋានតម្លៃសមរម្យបន្ថែមទៀត


រដ្ឋាភិបាល​ លើកទឹកចិត្តដល់វិស័យឯកជន ដើម្បីសាងសង់លំនៅឋានប្រកបដោយចីរភាព និងមានតម្លៃសមរម្យរហូតដល់ទៅ ១លានយូនីតបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។

គោលនយោបាយនេះត្រូវបានពិភាក្សាក្នុងសិក្ខាសាលា  Rainmaking Cambodia  តាមប្រព័ន្ធវីដេអូដោយលោកបេងហុង សុជាតិខេមរ៉ូអគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្មីៗនេះ។

ក្នុងបទបង្ហាញលោកសង្កត់ធ្ងន់ថា​ រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តក្នុងការបង្កើនគេហដ្ឋានដែលមានតំលៃសមរម្យ ជាពិសេសក្នុងទីក្រុង4ធំៗ​ ដូចជាភ្នំពេញ​ សៀមរាប ក្រុងព្រះសីហនុ និងបាត់ដំបង។

តាមប្រភពដដែលបានឱ្យថា រដ្ឋាភិបាលកំពុងពិនិត្យលើការលើកលែងពន្ធ និងការលើកទឹកចិត្តផ្សេងៗ ដូចជាការកាត់បន្ថយពន្ធកាត់ទុក ប្រាក់ចំណូល និងអាករលើតម្លៃបន្ថែម សម្រាប់ក្រុមហ៊ុន ដែលបានរៀបចំវិនិយោគក្នុងគម្រោងលំនៅដ្ឋានតម្លៃសមរម្យ។

គំនិតផ្តួចផ្តើមរបស់​រដ្ឋាភិបាល ក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធដូចជាការ តភ្ជាប់ផ្លូវថ្នល់ ការផ្គត់ផ្គង់ទឹក​​ ប្រព័ន្ធបង្ហូរទឹកលូ ក៏ដូចជាការកែលម្អបណ្តាញអគ្គិសនីជាតិដើម្បីផ្ដល់នូវមូលដ្ឋានចាំបាច់ សម្រាប់ការកសាងលំនៅឋាន ដែលមានតំលៃសមរម្យ។

ដើម្បីទទួលស្គាល់ថាជាគម្រោងលំនៅឋានមានតម្លៃសមរម្យ  ត្រូវមានតម្លៃក្នុងរង្វង់ ៣ ម៉ឺនដុល្លារអាមេរិក តាមនិយមន័យជាសកលនៃគេហដ្ឋាន  តម្លៃសមរម្យដោយផ្អែកលើប្រាក់ចំណូលជាមធ្យមរបស់ប្រជាជនកម្ពុជាបច្ចុប្បន្ន។

ក្នុងបទបង្ហាយ លោករដ្ឋមន្ត្រីអមដោយប្រធានសមាគមអចលនទ្រព្យកម្ពុជា​បានលើកឡើងពីឧបសគ្គ ជាច្រើនក្នុងការបង្កើតលំនៅឋានដែលប្រជាពលរដ្ឋអាចមានលទ្ធភាពទិញ ជាពិសេសទៅលើអត្រាការប្រាក់ខ្ពស់​ និងតម្លៃជាដើម។

បច្ចុប្បន្ន អត្រាការប្រាក់នៃកម្ចីទិញផ្ទះនៅក្នុងប្រទេសកម្ពុជាគឺ ៨ ភាគរយ ដោយលោកបានស្នើថារដ្ឋាភិបាល​ និងធនាគារជួយសម្រួលដើម្បីកាត់បន្ថយតម្លៃដើម ដល់អ្នកទិញលើកដំបូង។

យោងតាមទិន្នន័យប្រចាំ​ឆ្នាំ២០២១​រ​បស់​ Salary Explorer ​ដែលជាគេហទំព័រប្រៀបធៀបប្រាក់ខែលំដាប់អន្តរជាតិ​ និងប្រភពការងារសម្រាប់និយោជិក និងនិយោជក​ ប្រាក់ឈ្នួលជាមធ្យមនៅកម្ពុជាខ្ទង់ប្រហែល ៨១២ ដុល្លារ ក្នុងមួយខែ ប៉ុន្តែមានប្រជាជនចំនួន ២៥ ភាគរយទៀតរកប្រាក់ចំណូលតិចជាង ៤៩០ ដុល្លារក្នុងមួយខែ។

គួរបញ្ជាក់ផងដែរថា​ រដ្ឋាភិបាលក៏បានកំណត់ប្រាក់ឈ្នួលអប្បបរមា​ សម្រាប់កម្មករកាត់ដេរចំនួន ១៩២ ដុល្លារក្នុងមួយខែ។

ប្រភព: Harbor Property