News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

សៀមរាបនឹងមានសួនសត្វ តម្លៃ១៨លានដុល្លារ លើផ្ទៃដី២២ហិចតា


គម្រោងសួនសត្វដ៏ធំក្នុងខេត្តសៀមរាប គឺជាការវិនិយោគដោយក្រុមហ៊ុនAngkor Wildlife and Aquarium Co Ltd បានបណ្ដាក់ទុនវិនិយោគដំណាក់កាលដំបូងចំនួន១៨លានដុល្លារអាមេរិក ដែលត្រៀមនឹងបើកឲ្យដំណើរការក្នុងខែតុលាខាងមុននេះ។

ក្រុមហ៊ុនបានចាប់ផ្ដើមការសាងសង់នៅឆ្នាំ២០២១ ហើយបច្ចុប្បន្នសម្រេចបាន៧០ភាគរយ ហើយ កំពុងបន្តដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ការអភិរក្សធនធាន ជលផល និងសត្វព្រៃ ស្ថិតក្នុងភូមិកាបោន ឃុំខ្សាច់ស ស្រុកសូទ្រនិគម។ គម្រោងសួនសត្វដ៏ធំ​ បង្កើតឡើងក្នុងគោលបំណងដើម្បីអប់រំ និងលើកកម្ពស់ការអភិរក្សសត្វ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

គម្រោង​នេះ​នឹង​ត្រូវ​សាងសង់​លើ​ផ្ទៃដី​១០០​ហិ​កតា ដោយ​បែងចែក​ជា​បី​ដំណាក់កាល​។ ដំណាក់កាលដំបូងនឹងត្រូវចំណាយអស់ 18 លានដុល្លារក្នុងការវិនិយោគ លើផ្ទៃដី២២ហិចតាហើយបានចាប់ផ្តើមប្រតិបត្តិការ កាលខែឧសភា ឆ្នាំ 2021។ ចំណែកឯដំណាក់កាលទី 2 និងទី 3 នឹងរួមបញ្ចូលសួនរុក្ខសាស្ត្រ សាលតាំងពិពណ៌ កន្លែងសត្វល្មូន តំបន់កំសាន្ត ហាង និងសណ្ឋាគារលំដាប់ពិភពលោក ដែលទុនវិនិយោគសរុប៧០លានដុល្លារ។  ទាំង​នេះ​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​មក​ស្នាក់​នៅ​ក្នុង​ខេត្ត​សៀមរាប​បាន​យូរ។

សូមជំរាបជូនថា​ ក្រុមហ៊ុន​មានបំណង​ស្នើសុំ​គោលការណ៍​នាំចូល​ប្រភេទ​សត្វព្រៃ​ចំនួន ០៨ ប្រភេទ ស្មើ​នឹង ៦១ ក្បាល ដែលមាន​ដូចជា ដំរី​អាស៊ី Asian elephant Elephas maximus ៨ ក្បាល,ខ្លាធំ Sumatran tiger Panthera tigris sumatrae ៨ ក្បាល,ខ្លាឃ្មុំ​តូច Sun bear Ursus malayanus ៥ ក្បាល,ភេ​តូច Oriental small-clawed otter Aonyx cinereus ១០ ក្បាល,ស្កា​តូច Small asian mongoose Herpestes javanicus ១០ ក្បាល,កាំ​ប្រ​ម៉ា East asian porcupine Hystrix brachyura ១០ ក្បាល,ពស់ថ្លាន់​ធំ Reticulated python Python reticulatus ៥ ក្បាល,ពស់ខ្សែគោ​ក្រហម​ត្នោត Oriental whip snake Ahaetulla prasina ៥ ក្បាល»។

សូមរំលឹកថា ចាប់ពីខែមករាដល់ខែមេសា​ ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ២៤១ ៤៨៥នាក់។ ចំនួននេះ គឺកើនដល់១៩១,៥ភាគរយ និងទេសចរផ្ទៃក្នុងកើនបាន១៦១,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២១។

តាមរយៈគម្រោង​សួនសត្វ​នេះ នឹង​ក្លាយជា ទីកន្លែង​មួយ​ដ៏​ទាក់ទាញ និង​ស្រូបយក​ភ្ញៀវទេសចរ​ពី​គ្រប់​ទិស​ទៅកាន់​ខេត្ត​​សៀមរាប​ បន្ថែមទៀត។ យោងតាមទិន្នន័យនេះ ក្រសួងទេសចរណ៍វាយតម្លៃថា​  កំណើនភ្ញៀវទេសចរ នឹងអាចងើបឡើងលឿនយ៉ាប់ឆាប់ ចាប់ពីខែសីហា តទៅ។

Angkor Wildlife & Aquarium | Hello Angkor

ក្រៅពីគម្រោងសួនសត្វដ៏ធំបំផុត ខេត្តសៀមរាបក៏ធ្លាប់បានបញ្ចប់គម្រោងធំៗមួយចំនួន និងកំពុងបន្តគម្រោងដ៏ទៃផ្សេងទៀតដែលកំពុងតែងតែអភិវឌ្ឍន៏និងចេញជារូបរាងនៅក្នុង ខេត្តប្រវត្តិសាស្ត្រមួយនេះ ។ ជាក់ស្ដែង សៀមរាបបានបញ្ជប់គម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ ដែលបានកែប្រែមុខមាត់ថ្មីនៃក្រុងសៀមរាប។ លើសពីនេះ សៀមរាបកំពុងត្រៀមខ្លួនទទួល​ ព្រលានយន្តហោះថ្មីដែលនឹងបញ្ចប់នាឆ្នាំ២០២៣ខាងមុខនេះ។

ការស្ថាបនានូវហេដ្ឋារចនាសម្ព័ន្ធនិងគម្រោងធំៗនេះ នឹងជួយទាក់ទាញការ​វិនិយោគ និងលំហូរទេសចរ​ណ៍បន្ថែមទៀត មកទស្សនាខេត្តទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញមួយ​នេះ។

ច្បាស់ណាស់ វាក៏ជាកត្តាមួយនឹងជួយបង្កើនសក្តានុពលទីផ្សារអចលនទ្រព្យ  ហើយវិស័យអចលនទ្រព្យ ក្នុងខេត្តសៀមរាបប្រាកដជាមានការរីកចម្រើនខ្លាំងមែនទែន ជាពិសេសហាងឆេងដីធ្លីនៅតំបន់ជាយក្រុងក្នុងខេត្តសៀមរាប។
លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យ​ជាង40,000 តាមរយៈគេហទំព័រកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property​ ដោយសេរីនិងឥតគិតថ្លៃ៕

ប្រភព: Harbor Property