News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ហេតុអ្វីបានជាគម្រោងខុនដូមួយចំនួននៅតែជោគជ័យទោះស្ថិតក្នុងវិបត្តិកូវីដ១៩?


ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩ គម្រោងខុនដូមួយចំនួនក្នុងទីក្រុងភ្នំពេញជួបការលំបាកក្នុងការលក់ ខណៈគម្រោងខ្លះទៀតត្រូវបានពន្យារពេល ដោយសារអ្នកអភិវឌ្ឍន៍ភាគច្រើនពឹងផ្អែកខ្លាំងលើអ្នកទិញជនជាតិបរទេសដែលត្រូវបានរឹតត្បិតក្នុងការធ្វើដំណើរ។ ប៉ុន្តែទោះបីជាការរឹតបន្តឹងការធ្វើដំណើរត្រូវបានលុបចោលដោយរដ្ឋាភិបាលកម្ពុជាក៏ដោយ ក៏ការលក់ខុនដូក្នុងព្រះរាជាណាចក្រនៅតែយឺតយ៉ាវ។

ទោះជាយ៉ាងណាក៏ដោយ គម្រោងខុនដូមួយចំនួនដែលមានទីតាំងល្អ ផ្តល់ការបញ្ចុះតម្លៃ និងលក្ខខណ្ឌបង់ប្រាក់ងាយស្រួល ត្រូវបានគេមើលឃើញថាដំណើរការល្អទោះស្ថិតក្នុងអំឡុងពេលនៃជំងឺរាតត្បាត Covid-19 ក៏ដោយ។ តើហេតុអ្វី​បាន​ជា​គម្រោង​ខុន​ដូមួយចំនួនលក់​បាន​ជោគជ័យ ខណៈ​ខ្លះ​ទៀត​លក់មិនសូវដាច់?

លោក អៀ ចរិយា នាយកប្រតិបត្តិនៃក្រុមហ៊ុន AP Real Estate បានប្រាប់ Harbor Property ថា មូលហេតុដែលគម្រោងខុនដូមួយចំនួននៅតែទទួលបានជោគជ័យ គឺដោយសារវាមានលក្ខណៈពិសេសប្លែកពីគេ៖ គម្រោងទាំងនោះមានទីតាំងនៅកណ្តាលទីក្រុង ជាប់នឹងភោជនីយដ្ឋាន ហាងកាហ្វេ សាលារៀន មន្ទីរពេទ្យ និងផ្សារ ដែលបង្ករលក្ខណៈងាយស្រួលសម្រាប់អ្នករស់នៅ។ លើសពីនេះ គម្រោងស្ថិត​នៅ​ទល់មុខ​ផ្លូវ​ធំៗ​ដែលមាន​ដង់ស៊ីតេ​ប្រជាជន​ខ្ពស់ ហើយ​តម្លៃ​ក៏​ប្រកួតប្រជែង​ផងដែរ​។

លោកបានបន្ថែមថា៖ “គម្រោងខុនដូដែលទទួលបានជោគជ័យ បានផ្តល់ការបញ្ចុះតម្លៃ និងជម្រើសទូទាត់ប្រាក់ងាយស្រួល ដោយសារប្រជាជនកម្ពុជាមួយចំនួនមិនអាចមានលទ្ធភាពបង់ប្រាក់ពេញលេញ ឬបង់រំលោះពី 2,000-3,000 ដុល្លារក្នុងមួយខែបាននោះទេ។ ដូច្នេះដើម្បីទទួលបានភាពជោគជ័យ អ្នកអភិវឌ្ឍន៍បានអនុញ្ញាតឱ្យពួកគេបង់រំលោះត្រឹមតែ 500 ទៅ 1,000 ដុល្លារក្នុងមួយខែ ធ្វើឱ្យប្រជាជនក្នុងស្រុកដែលមានប្រាក់ខែលើសពី 1,000 ដុល្លារក្នុងមួយខែអាចទិញខុនដូបាន។

ដោយសារជំងឺរាតត្បាត Covid-19 អ្នកអភិវឌ្ឍន៍មួយចំនួនបានពន្យារពេលគម្រោងខុនដូរបស់ពួកគេរហូតដល់ឆ្នាំ 2022 ដោយមានតែគម្រោងមួយប៉ុណ្ណោះបានបញ្ចប់ក្នុងត្រីមាសទី 4 ឆ្នាំ 2021។

យោងតាមរបាយការណ៍របស់ CBRE Cambodia Q4 2021 ពាក់កណ្តាលនៃគម្រោងខុនដូដែលរំពឹងថានឹងបញ្ចប់នៅឆ្នាំ 2021 ត្រូវបានពន្យារពេលដល់ឆ្នាំ 2022។ ក្នុងត្រីមាសទី 4 នៃឆ្នាំ 2021 មានតែគម្រោងមួយប៉ុណ្ណោះដែលបានបញ្ចប់គឺ TK Star International ។ ការពន្យារពេលនេះគឺជាការឆ្លុះបញ្ចាំងពីតម្រូវការ និងការផ្គត់ផ្គង់ខុនដូរក្នុងទីផ្សារជាក់ស្ដែង។

គេរំពឹងថានៅឆ្នាំ 2022 នឹងមានការប្រកួតប្រជែងខ្លាំងនៅក្នុងទីផ្សារខុនដូរ ដោយសារគម្រោងដែលបានពន្យារពេលជាច្រើននឹងសាងសង់ឡើងវិញក្នុងពេលដំណាលគ្នា ដែលនាំឱ្យមានការកើនឡើងចំនួន 42 ភាគរយនៃការផ្គត់ផ្គង់ខុនដូសរុប។ របាយ​ការណ៍បង្ហាញ​ថា​ ការ​លក់​នឹង​បន្ត​ជួប​ការ​លំបាក​រហូត​ដល់​ការបើកជើងហោះហើរទៅវិញទៅមក​ដំណើរការឡើងវិញ ព្រោះ​តម្រូវ​ការ​ខុនដូ​ត្រូវ​បាន​ជំរុញ​យ៉ាង​ខ្លាំង​ដោយ​អ្នក​ទិញ​បរទេស។

របាយការណ៍នេះកត់សម្គាល់ថា ដើម្បីទទួលបានភាគជោគជ័យនៅក្នុងទីផ្សារ អ្នកអភិវឌ្ឍន៍បានផ្លាស់ប្ដូរយុទ្ធសាស្រ្តលក់ផ្សេងៗគ្នាដូចជាការបង្កើនអត្រាកម្រៃជើងសារភ្នាក់ងាររហូតដល់ 12% រួមទាំងការផ្ដល់ជូនសម្ភារប្រើប្រាស់ក្នុងផ្ទះ ឬគ្រឿងសង្ហារឹមជាដើម។

ក្នុងរយៈពេលពី 5 ទៅ 10 ឆ្នាំខាងមុខ គេជឿថាប្រជាជនកម្ពុជាកាន់តែច្រើននឹងផ្លាស់ប្តូរផ្នត់គំនិតពីការទិញលំនៅដ្ឋានក្នុងបុរីនៅជាយក្រុង មកទិញខុនដូនៅកណ្តាលទីក្រុង ដោយសារមូលហេតុចម្បងចំនួនពីរ៖ ការស្ទះចរាចរណ៍ និងតម្លៃផ្ទះខ្ពស់នៅក្នុងតំបន់កណ្ដាលក្រុង។

លោក អៀ ចរិយា មានជំនឿថាការកើនឡើងនៃចំនួនប្រជាជនក្នុងរាជធានីភ្នំពេញ នឹងធ្វើឱ្យមានការកកស្ទះចរាចរណ៍ខ្លាំងនៅក្នុងទីក្រុង ធ្វើឱ្យខ្ជះខ្ជាយពេលវេលាក្នុងការធ្វើដំណើរកាន់តែច្រើនពីជាយក្រុងទៅកាន់កណ្តាលទីក្រុង។ ប្រការនេះនឹងជំរុញឱ្យអ្នកធ្វើការគិតឡើងវិញ ឬផ្លាស់ប្តូរផ្នត់គំនិតរបស់ពួកគេក្នុងការរស់នៅក្នុងខុនដូ ដើម្បីកាត់បន្ថយពេលវេលាធ្វើដំណើរពីផ្ទះរបស់ពួកគេទៅកាន់កន្លែងធ្វើការនៅក្នុងតំបន់កណ្ដាលក្រុង។

លោកបន្ថែមថា ខុនដូក្រោម $100,000 ដុល្លារក្នុងមួយយូនីតនៅកណ្តាលទីក្រុងនឹងកាន់តែមានតម្លៃសមរម្យសម្រាប់ពួកគេ បើធៀបនឹងផ្ទះដែលមានតម្លៃចន្លោះពី 150,000 ដុល្លារ ទៅ 300,000 ដុល្លារក្នុងមួយយូនីត។

តាមដានព័ត៌មានផ្សេងៗទាក់ទងនឹងការអភិវឌ្ឍន៍ ជាពិសេសវិស័យអចលនទ្រព្យ សូមចូលទៅកាន់គេហទំព័រ Harbor property  និងកម្មវិធីទូរសព្ទដៃដោយសរី៕

ប្រភព:​ Harbor Property