អជ្ញាធរខេត្តកែបសាងសង់ផ្លូវក្រវ៉ាត់ផ្សារក្តាម វាងទៅកាន់ឆ្នេរសមុទ្រ
អជ្ញាធរខេត្តកែបសាងសង់ផ្លូវក្រវ៉ាត់ផ្សារក្តាម វាងទៅកាន់ឆ្នេរសមុទ្រ
ដោយ ៖ រ៉ាណេត
ខេត្តកែប ៖ ដោយសារតែមានកំណើននៃចំនួនភ្ញៀវទេសចរកើនឡើងយ៉ាងគំហុករហូតធ្វើឱ្យមានការកកស្ទះចរាចរណ៍នៅចំណុចផ្លូវចូលទៅផ្សារក្ដាម អជ្ញាធរខេត្តបានសម្រេចសាងសង់ផ្លូវក្រវ៉ាត់ផ្សារក្តាមឆ្ពោះទៅកាន់មាត់សមុទ្រ ហើយឡើងមកវិញនៅចំណុចផ្លូវកដប ដោយមានប្រវែងជាង២០០ម៉ែត្រ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកែប លោក ម៉ម ទូច បានមានប្រសាសន៍ថា នៅក្នុងឱកាសពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់មួយខ្សែនេះ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះថា ក្រសួងសាធារណការនិងដឹកជញ្ជូនបានអនុញាតអោយមន្ទីសាធារណការខេត្តកែប ស្ថាបនាគម្រោងផ្លូវថ្មីមួយខ្សែប្រវែង២០០ម៉ែត្រ ដោយតភ្ជាប់ពីផ្លូវជាតិលេខ ៣៣A ត្រង់ចំណុចផ្សារក្ដាម។
លោកបានបន្តទៀតថា “ផ្លូវមួយខ្សែនេះមានទទឹងជាង៦ម៉ែត្រ ដោយចំណាយពេលសាងសង់រយៈពេល១ឆ្នាំ ដោយរាប់គិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ”។
លោកបានបញ្ជាក់ថា “ផ្លូវនេះគឺពិតជាមានសារសំខាន់ណាស់សម្រាប់ជួយសម្រួលដល់ការធ្វើដំណើររបស់បណ្តាភ្ញៀវទេសចរនានាដែលចូលមកកម្សាន្តនៅតំបន់ផ្សារក្តាម និងឆ្នេរសមុទ្រកែប ហើយអជ្ញាធរក៏បានត្រៀមរៀបចំទីធ្លាដ៏ធំ និងមាន លទ្ធភាពអាចទុកដាក់ចំណតរថយន្តបានប្រមាណ៥០០គ្រឿង”។
នៅក្នុងឱកាសនោះ លោកក៏បានបង្ហើបប្រាប់ពីគម្រោងកសាងផ្លូវអាកាសមួយខ្សែផ្សេងទៀតនៅតំបន់លេងទឹកសមុទ្រកែប ខណៈដែលបច្ចុប្បន្ននេះកំពុងតែស្ថិតនៅក្នុងការសិក្សាលម្អិត៕
The post អជ្ញាធរខេត្តកែបសាងសង់ផ្លូវក្រវ៉ាត់ផ្សារក្តាម វាងទៅកាន់ឆ្នេរសមុទ្រ appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area