News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

អ្នកជំនាញ ៖ លំនៅដ្ឋាននៅក្នុងខណ្ឌសែនសុខបានឆ្លងផុតតម្លៃកម្រិតមធ្យម


អ្នកជំនាញ ៖ លំនៅដ្ឋាននៅក្នុងខណ្ឌសែនសុខបានឆ្លងផុតតម្លៃកម្រិតមធ្យម

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ខណ្ឌសែនសុខ ដែលធ្លាប់តែជាតំបន់ជាប់ចំណាត់ថ្នាក់លេខ១ក្នុងការអភិវឌ្ឍលំនៅដ្ឋានកម្រិតមធ្យមកាលពីឆ្នាំកន្លងទៅនោះ បច្ចុប្បន្ននេះត្រូវបានអ្នកជំនាញនៅក្នុងវិស័យនេះអះអាងថា បានឈានចូលដល់ដំណាក់ចង្អៀត និងមានឱកាសតិចតួចក្នុងការទទួលបានចំណេញពីការអភិវឌ្ឍ។

អ្នកជំនាញអចលនទ្រព្យអន្តរជាតិ លោក សោម កែវម៉ាលីដា បានមានប្រសាសន៍ប្រាប់កាលពីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ថា ខណ្ឌសែនសុខ ពេលនេះបានអភិវឌ្ឍន៍ខ្លួនក្លាយជាតំបន់ពាណិជ្ជកម្មកម្រិតខ្ពស់រួចហើយហើយ។ លោកបានមានប្រសាសន៍បន្តទៀតថា “សែនសុខបច្ចុប្បន្ននេះបានបំពេញទៅដោយបុរីលំនៅដ្ឋានធំៗ ក៏ដូចជាបណ្តុំលំនៅដ្ឋានកម្រិតខ្ពស់ រួមជាមួយវត្តមាននៃអគារខ្ពស់ៗដែលបម្រើឱ្យវិស័យពាណិជ្ជកម្ម”។

លោក សោម កែវម៉ាលីដា បានមានប្រសាសន៍បន្តទៀតថា “ពីមុនតំបន់ខណ្ឌសែនសុខ ស័ក្ដិសមទៅនឹងការវិនិយោគ និងអភិវឌ្ឍន៍ទៅលើគម្រោងលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម ប៉ុន្តែសព្វថ្ងៃនេះខុសពីកាលពីឆ្នាំកន្លងទៅ។ ការវិនិយោគលើគម្រោងលំនៅដ្ឋានកម្រិតមធ្យមនៅទីនេះលែងមានទៀតហើយ ប៉ុន្តែសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានកម្រិតខ្ពស់ ឬមជ្ឈមណ្ឌលពាណិជ្ជកម្មគឺនៅមានឱកាស ដោយសារតែតម្លៃដីនៅតំបន់ខណ្ឌសែនសុខបានឡើងខ្ពស់រួចទៅហើយ ដែលជាហេតុផល និងជាឧបសគ្គសម្រាប់ការអភិវឌ្ឍ”។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ KW Sen Sok លោក សំ សុខនឿន បានមានប្រសាសន៍ថា “កាលពីឆ្នាំ២០១៨-២០១៩ ខណ្ឌសែនសុខ គឺជាតំបន់ដែលមានប្រជាប្រិយភាពខ្ពស់ ក្នុងការអភិវឌ្ឍលើវិស័យលំនៅដ្ឋានតម្លៃមធ្យម ដោយសារតែតម្លៃដីនៅមានកម្រិត ប៉ុន្តែសម្រាប់ឆ្នាំ២០២០នេះ ខណ្ឌមួយនេះមិនស័ក្ដិសមនឹងការអភិ វឌ្ឍន៍វិស័យលំនៅដ្ឋានទៀតនោះទេ ដោយសារតែតម្លៃដីឡើងខ្ពស់មិនក្រោម១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េនោះទេ ប៉ុន្តែតម្លៃនេះបានអនុគ្រោះ ដល់ការវិនិយោគលើវិស័យលំនៅដ្ឋានកម្រិតខ្ពស់ ឬវិស័យខុនដូរកម្រិតមធ្យម”។

លោកបានមានប្រសាសន៍បន្តទៀតថា “សម្រាប់ការអភិវឌ្ឍវិស័យលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម អាចធ្វើទៅបាននៅលើដីដែលមានតម្លៃត្រឹម៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែចំពោះដីដែលស្ថិតនៅក្នុងខណ្ឌសែនសុខ ជាពិសេស តំបន់បណ្តុំទីប្រជុំជន គឺមានតម្លៃរហូតដល់១០០០-១២០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដែលតម្លៃនេះ អាចធ្វើឱ្យកាសនៃការអភិវឌ្ឍលំនៅដ្ឋានកម្រិតមធ្យមពិបាកនឹងទទួលបានចំណេញ”៕

The post អ្នកជំនាញ ៖ លំនៅដ្ឋាននៅក្នុងខណ្ឌសែនសុខបានឆ្លងផុតតម្លៃកម្រិតមធ្យម appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area