News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

អ្នកនាំពាក្យ ៖ ផ្លូវជាតិលេខ ២ អាចនឹងចាប់ផ្តើមស្ថាបនានៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ


អ្នកនាំពាក្យ ៖ ផ្លូវជាតិលេខ ២ អាចនឹងចាប់ផ្តើមស្ថាបនានៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ

ដោយ ៖ វុត្ថា
ភ្នំពេញ ៖ ឆ្លើយតបទៅនឹងកង្វល់របស់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅតាមផ្លូវជាតិលេខ២ ដែលទទួលរងនូវការខូចខាត និងពិបាកធ្វើដំណើរ មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន បានគូសបញ្ជាក់សារជាថ្មីថា ផ្លូវជាតិលេខ ២ អាចនឹងត្រូវបើកការដ្ឋានស្ថាបនានៅចុងឆ្នាំ ឬដើមឆ្នាំក្រោយនេះ ខណៈមន្ត្រីនៃអន្តរក្រសួង សហការជាមួយក្រុមហ៊ុន បាននឹងកំពុងពន្លឿនការចុះដោះស្រាយផលប៉ះពាល់។

លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានប្រាប់គេហទំព័រ propertyarea.asia កាលពីចុងសប្តាហ៍កន្លងទៅនេះថា ក្រុមការងាររបស់អន្តរក្រសួងបាន នឹងកំពុងពន្លឿនធ្វើកិច្ចការនេះ ដើម្បីបើកការដ្ឋានឱ្យបានឆាប់ ដោយបានចុះទៅប្រមូលទិន្ន័យដល់មូលដ្ឋាន និងដោះស្រាយផលប៉ះពាល់ជូនប្រជាប្រជាពលរដ្ឋ។
លោកថា “ជារួម បច្ចុប្បន្ននេះ ក្រុមការងារអន្តរក្រសួងកំពុងចុះធ្វើកិច្ចការងាររៀងរាល់ថ្ងៃ ហើយចុះទៅធ្វើកិច្ចការងារផ្ទាល់ដល់មូលដ្ឋានពាក់ព័ន្ធនឹងការស្រង់ និងដោះស្រាយផលប៉ះពាល់” ។
លោកបន្តថា “ហើយបញ្ហាការងារបច្ចេកទេស បញ្ហាពាក់ព័ន្ធនឹងឯកសារ និងបញ្ហាជាមួយក្រុមហ៊ុនផ្សេងៗ យើងបានជួបប្រជុំគ្នារៀងរាល់ថ្ងៃដែរ ហើយគម្រោងបើកការដ្ឋានវិញ យើងមានគម្រោងនៅចុងឆ្នាំ ២០១៩ ឬក៏ដើមឆ្នាំ ២០២០ ខាងមុខនេះ អត់យូទេ” ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ធ្លាប់បានអះអាងកាលពីពេលកន្លងទៅនេះថា ផ្លូវជាតិលេខ ២ ក្រោមគម្រោងឥណទានសម្បទានចំនួន ៤៥ លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលកូរ៉េនឹងចាប់ផ្តើមស្ថានាឡើងវិញនៅក្នុងអំឡុងខែវិច្ឆិកា ឬ ខែធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ។
លោក ស៊ុន ចាន់ថុល បន្តថា គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ គឺរាប់ចាប់ពីតាខ្មៅ ដល់អូរចំបក់ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ដល់ទីប្រជុំជនអង្គតាសោម ។
គម្រោងផ្លូវជាតិលេខ២ គ្រោងនឹងចំណាយថវិកាប្រមាណ ៤៥ លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលកូរ៉េ ដែលមានប្រវែង៦៦គីឡូម៉ែត្រ។ ក្នុងនោះចាប់ពីរង្វង់មូលតាខ្មៅ រហូតដល់រង្វង់មូលអូរចំបក់មានប្រវែង៥៧គីឡូម៉ែត្រ និង៩គីឡូម៉ែត្រ នៅលើផ្លូវជាតិលេខ២២ គ្រោងក្រាលកៅស៊ូ AC សង់ស្ពានថ្មី និងពង្រីកទទឹងផ្លូវឱ្យបាន ១៣ម៉ែត្រ តាមទំហំចរាចរណ៍ និងតាមដំណាក់កាល។ រីឯចាប់ពីរង្វង់មូលគួរស្រូវ ទៅទិសខាងត្បូងប្រវែង ៨គីឡូម៉ែត្រ គ្រោងនឹងសាងសង់ជា ៤គន្លង ៕

The post អ្នកនាំពាក្យ ៖ ផ្លូវជាតិលេខ ២ អាចនឹងចាប់ផ្តើមស្ថាបនានៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area