News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ឧកញ៉ា​ថៃ​ ម៉េ​ងលី​ អគ្គនាយក​បុរី​ប៉េង​ ហួត​ បង្ហើប​គន្លឹះ​វិនិយោគ​បុរី​ឲ្យ​ទទួល​បាន​ជោគជ័យ​


ឧកញ៉ា​ថៃ​ ម៉េ​ងលី​ អគ្គនាយក​បុរី​ប៉េង​ ហួត​ បង្ហើប​គន្លឹះ​វិនិយោគ​បុរី​ឲ្យ​ទទួល​បាន​ជោគជ័យ​

ដោយ​គង់​ សូ​រិយា​

ភ្នំពេញ​៖ ជាមួយនឹង​ភាព​ជោគជ័យ​ និង​អាច​និយាយ​ថា​ជា​បុរី​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​ បុរី​ប៉េង​ ហួត​ទទួល​បានការ​ទទួលស្គាល់​ពី​អ្នក​វិនិយោគ​ក្នុង​ស្រុក​ និង​អន្តរជាតិ​។

តើ​ការ​វិនិយោគ​បុរី​នេះ​ ឈរ​លើ​មូលដ្ឋាន​អ្វីខ្លះ​ទើប​ទទួល​បាន​ជោគជ័យ​? ស្ថាបនិក​គេហទំព័រ​ Propertyarea.asia​ បាន​ជួប​សម្ភាសន៍​ពិសេស​ជាមួយ​លោក​ឧកញ៉ា​ថៃ​ ម៉េ​ងលី​អគ្គនាយក​បុរី​ប៉េង​ ហួត​ ដើម្បី​ស្តាប់​ពី​ទស្សនវិស័យ​ និ​ងយុទ្ឋ​សាស្រ្ត​របស់​លោក​ ក្នុង​ការ​វិនិយោគ​បុរី​នេះ​។

តើ​លោក​ឧកញ៉ា​បាន​ចាប់ផ្តើម​វិនិយោគ​បុរី​នេះ​យ៉ាងដូច​ម្តេច​?

ខ្ញុំ​បាន​ចាប់ផ្តើម​វិនិយោគ​បុរី​ប៉េង​ ហួត​នៅ​ឆ្នាំ២០០៥​ ព្រោះ​កំឡុង​ពេលនោះ​នៅ​កម្ពុជា​មិនទាន់​មាន​បុរី​ស្អាត​នៅឡើយ​ទេ​ មានតែ​ផ្ទះល្វែង​ និង​ការសាងសង់​វីឡា​ជា​លក្ខណៈ​ឯកជន​។ នៅពេល​យើង​ចេញចូល​ក្រៅប្រទេស​ច្រើន​ ក៏បាន​សិក្សា​ពី​ការសាងសង់​បុរី​នៅ​ប្រទេស​គេ​ ហើយ​យើង​ក៏បាន​ចាប់ផ្តើម​សាងសង់​បុរី​ ប៉េង​ ហួត​ជា​លើក​ទី១​ នៅ​តាម​បណ្តោយ​ផ្លូវ៥៩៨​។

បន្ទាប់ពី​សាងសង់​ទីតាំង​បុរី​ទី១នៅ​ផ្លូវ៥៩៨​ យើង​បាន​ចាប់ផ្តើម​វិនិយោគ​បុរី​បន្តម​កកាន់​ផ្លូវជាតិ​លេខ១​ ដែល​មាន​ទំហំដី​កើនឡើង​ដល់​ជាង២០គីឡូម៉ែត្រ​ និង​បន្ត​វិនិយោគ​នៅ​គំរោង​ជាច្រើន​ទៀត​។

ការ​ឌី​សាញ​បុរី​នេះ​ បាន​គិត​ពី​សួន​បៃតង​ ដើម​ឈើ​ធំៗ​ ដោយ​ផ្ទៃដី​ប្រមាណ៤៥ភាគរយ​ នៃ​បុរី​និ​មួយ​ៗ ត្រូវ​បាន​រៀបចំ​ដាំ​ដើមឈើ​ និង​សួនច្បារ​។

តើ​រហូត​មកទល់​ពេលនេះ​ផ្ទះ​ដែល​បាន​សង់​ចប់​ និង​លក់​ចេញ​បាន​ប៉ុន្មាន​ហើយ​តាំងពី​ចាប់ផ្តើម​?

គិត​រហូត​មកទល់​ពេលនេះ​ មានផ្ទះ​ជិត១០​,០០០ខ្នង​ត្រូវ​បាន​លក់​ចេញ​ ហើយ​ទីតាំងនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​ ជាទី​តាំង​ធំជាង​គេ​ដែល​មានផ្ទះ​ប្រមាណ៧០០០​ ទៅ៨០០០ខ្នង​ត្រូវ​បាន​លក់​ចេញ​។ ទីតាំង​នេះ​អាច​ជាទី​ក្រុង​រណប​មួយ​បាន​ហើយ​។

អ្វី​ដែល​ប្រជាជន​ក្នុង​ស្រុក​ និង​ភ្ញៀវ​អន្តរជាតិ​ចាប់អារម្មណ៍​ គឺ​ម៉ូត​ផ្ទះ​និង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នៅក្នុង​បុរី​នេះ​ តើ​លោក​ឧកញ៉ា​យក​ទស្សន​នៃ​ការរៀបចំ​បែបផែន​នគរូបនីយកម្ម​មក​ពីណា​?

ដោយសារ​ក្រុមហ៊ុន​បុរី​ប៉េង​ ហូត​ចង់​ធ្វើអ្វី​ឲ្យ​ប្លែក​ ធ្វើអ្វី​ឲ្យ​ល្អ​សម្រាប់​ប្រទេសជាតិ​ ទើប​យើង​កសាង​បុរី​នេះ​ឡើង​គិត​ពី​បរិស្ថាន​ សួន​បៃតង​ និង​រចនា​ផ្ទះ​ដែល​ស្អា​តៗ​ជូន​អតិថិជន​ទាំងអស់​។ យើង​ចង់​ឲ្យ​ខ្មែរ​មាន​មោទនភាព​ថា​ ខ្មែរយើង​ក៏អាច​សាងសង់​ផ្ទះ​បាន​ល្អ​ ដូច​ប្រទេស​ផ្សេង​ៗបាន​ដែរ​។

អ្វី​ដែល​យើង​ផ្តោត​ គឺ​អតិថិជន​ចាប់ពី​អ្នកមាន​ជីវភាព​មធ្យម​ រហូតដល់​អ្នកមាន​ជីវភាព​លំដាប់​ខ្ពស់​។

អ្វី​ជា​កត្តា​កំណត់​ស្នូល​ដែល​ធ្វើឲ្យ​បុរី​ប៉េង​ ហួត​ទទួលជោគជ័យ​រហូត​មកទល់​ពេលនេះ​ ក្រៅពី​ម៉ូត​ផ្ទះ​ និង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ដ៏​ទាក់ទាញ​?

អ្វី​ដែល​ជោគជ័យ​រហូត​មកទល់​ពេលនេះ​ ដោយសារ​ក្រុមហ៊ុន​បុរី​ប៉េង​ ហូត​ តែងតែ​ធ្វើអ្វី​លើស​ពី​ការ​រំពឹង​ទុក​របស់​អតិថិជន​។ មានន័យថា​ អ្វី​យើង​និយាយ​គឺ​ធ្វើ​ ហើយ​យើង​បាន​ធ្វើ​ និង​ធ្វើ​បាន​ស្អាត​ជាង​អ្វី​ដែល​យើង​បាន​សន្យា​។ ជាក់ស្តែង​យើង​បាន​និង​កំពុង​វិនិយោគ​ សាងសង់​ផ្សារ​ទំនើប​មួយ​នៅ​បុរី​ប៉េង​ ហួត​ផ្លូវជាតិ​លេខ១​ ព្រោះ​យើង​ចង់​ឲ្យ​ទីក្រុង​រណប​នេះ​ មាន​ទាំង​លំនៅ​ដ្ឋាន​ មាន​ទាំង​កន្លែង​កំសាន្ត​ ផ្សារ​ទំនើប​ សាលារៀន​ ហើយ​មន្ទីរពេទ្យ​ជោ​រ៉ៃ​ ក៏​ជាផ្នែក​មួយ​នៃ​បុ​រី​ឌឹហ្រ្គេន​ស្តារ​នេះ​ផង​ដែរ​។

ងាក​មក​មើល​ស្ថានភាព​ទីផ្សារ​បុរី​ តើ​លោក​ឧកញ៉ា​មើលឃើញ​ដូចម្តេច​?

ខ្ញុំ​គិតថា​ សម្រាប់​បុរី​ប៉េង​ ហួត​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​ វា​នឹង​បន្ត​រីកចម្រើន​បន្ត​ទៀត​ ព្រោះ​ប្រទេស​យើង​កំពុង​រីកចម្រើន​ ហេតុនេះ​យើង​នឹង​បន្ត​វិនិយោគ​បន្ថែម​ទៀត​។ គិត​រហូត​មកទល់​ពេលនេះ​ យើង​បាន​ចំណាយ​ទុន​ច្រើន​មក​ហើយ​។

យើង​មាន​ទិសដៅ​ និង​ពង្រីក​ទៅកាន់​ទី​តាំង​ផ្សេង​ៗទៀត​នា​ពេល​អនាគត​។

ក្រៅពី​ការ​វិនិយោគ​ដោយ​ជោគជ័យ​ តើ​ក្រុមហ៊ុន​បុរី​ប៉េង​ ហួត​បាន​រួមចំណែក​ជួយ​ដល់​ការងារ​សង្គម​យ៉ាងដូច​ម្តេច​?

ក្រុមហ៊ុន​បុរី​របស់​យើង​ ក្រៅពី​ការ​រកស៊ី​ទទួល​បាន​ប្រាក់ចំណេញ​ហើយ​ យើង​ក៏បាន​ផ្តល់​ជំនួយ​មនុស្ស​ធ៌ម​ ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា​ចំនួន១០ម៉ឺន​ដុល្លារ​កាលពី​សប្តាហ៍​មុន​ និង​បាន​រួមចំណែក​កសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នានា​ ដូចជា​សាលារៀន​ កសាង​វត្ត​អារ៉ាម​ និង​ផ្លូវ​មួយចំនួន​ទៀត​ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​។

មានការ​លើកឡើង​ថា​ ឈ្មោះ​ប៉េង​ ហួត​ជា​ឈ្មោះ​បូក​បញ្ចូល​គ្នា​របស់​អ្នក​វិនិយោគ​បុរី​នេះ​ តើ​ពិត​ទេ​លោក​ឧកញ៉ា​?

ពាក្យ​ប៉េង​ ហួត​ ពិតហើយ​ គឺ​ចេញពី​ឈ្មោះ​របស់​បងប្រុស​ខ្ញុំ​ពីរ​រូប​ ដែល​ជា​ស្ថាបនិក​បុរី​នេះ​ បង​ខ្ញុំ​ម្នាក់​ឈ្មោះ​ប៉េង​ និង​ម្នាក់ទៀត​ឈ្មោះ​ហួត​។

ងាក​មក​ស្ថានភាព​នយោបាយ​កើន​កំ​ដៅ​កាលពី​ពេល​ថ្មី​ៗនេះ​ តើមាន​រង​ផល​ប៉ះពាល់​ដល់​ការ​លក់​លំនៅ​ដ្ឋាន​របស់​បុរី​ឬទេ​?

ស្ថានភាព​នយោបាយ​កាលពី​ពេល​ថ្មី​ៗនេះ​ រង​ផល​ប៉ះពាល់​តិចតួច​ ប៉ុន្តែ​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ​ ហើយ​សម្រាប់​រយៈពេល​វែង​មិន​មាន​បញ្ហា​នោះ​ទេ​ ដោយសារ​យើង​បាន​ឆ្លងកាត់​បទពិសោធន៍​ជាច្រើន​ ប៉ុន្តែ​ក្រោយពេល​បោះ​ឆ្នោត​អ្វី​ៗនឹង​មាន​ភាព​ប្រសើរ​ឡើង​ ហើយ​យើង​នៅតែ​ដំណើរការ​ល្អ​ជាងគេ​។

លើស​ពី​អ្វី​ជា​ផ្ទះនៅ​ក្នុង​បុរី​ បច្ចុប្បន្ន​ក្រុមហ៊ុន​បុរី​ប៉េង​ ហួត​បាន​ចាប់ផ្តើម​វិនិយោគ​លើ​ខុន​ដូ​សម្រាប់​លក់​ តើ​ហេតុអ្វី​ដែរ​ លោក​ឧកញ៉ា​ ? ដោយសារ​ទីផ្សារ​ខុន​ដូ​ល្អ​ប្រសើរ​ឬយ៉ាងណា​?

ដោយសារ​ក្រុមហ៊ុន​បុរី​ប៉េង​ ហួត​ជា​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ទើប​យើង​វិនិយោគ​លើ​វិស័យ​លំនៅ​ដ្ឋាន​ ខុន​ដូ​ ផ្សារ​ទំនើប​ និង​អ្វី​ពាក់​ព័ន្ឋនឹង​វិស័យ​នេះ​ទាំងអស់​ ដើម្បី​ឆ្លើយតប​តម្រូវការ​ទីផ្សារ​ និង​តម្រូវការ​របស់​អតិថិជន​ជាតិ​ និង​អន្តរជាតិ​៕

The post ឧកញ៉ា​ថៃ​ ម៉េ​ងលី​ អគ្គនាយក​បុរី​ប៉េង​ ហួត​ បង្ហើប​គន្លឹះ​វិនិយោគ​បុរី​ឲ្យ​ទទួល​បាន​ជោគជ័យ​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area