News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

៦ ចំណុចសំខាន់ៗគួរដឹង មុនសម្រេចចិត្តដកលុយទិញខុនដូ!


ឮតែគេថា ទិញខុនដូៗនៅ វាទាន់សម័យ ស៊ីវិល័យ ប៉ុន្តែតើការរស់នៅក្នុងខុនដូ មានលក្ខណៈបែបណាទៅ? វាដូចទៅនឹងការរស់នៅក្នុងផ្ទះល្វែង ឬគម្រោងបុរីអីឬអត់?

ចុះបើយើងចង់ទិញ គួរចាប់ផ្ដើមពីចំណុចណាទៅមុន ហើយត្រូវដឹងឯកសារពាក់ព័ន្ធអ្វីខ្លះ? ចំណុចខាងក្រោមនេះ ជាចំណុចគោលៗដែលអ្នកគួរតែដឹង៖

១. តម្លៃ

មិនខុសអីពីការទិញគម្រោងផ្ទះបុរី ឬផ្ទះល្វែង ទិញខុនដូ ក៏ទាមទារឱ្យអ្នកពិនិត្យមើលលើតម្លៃ ការបង់ប្រាក់ និងលទ្ធភាពនៃការបង់ប្រាក់របស់អ្នក។ ខុនដូ ក្នុងទីក្រុងមានច្រើនជម្រើស ច្រើនសណ្ឋាន សេវាកម្មសម្បូរបែប រីឯតម្លៃវាក៏ប្រែប្រួលតាមនោះ។ ដូច្នេះមុនសម្រេចចិត្តទិញយកគម្រោងខុនដូ ណាមួយ អ្នកគួរពិចារណាឱ្យបានល្អិតល្អន់។

២. ទីតាំង

គម្រោងខុនដូ មានច្រើនជម្រើស ច្រើនទីតាំង ប៉ុន្តែអ្នកក៏ត្រូវជ្រើសរើសសទីតាំងឱ្យចំកន្លែងដែលហុចផលល្អដល់អ្នកក្នុងពេលអនាគតដូចគ្នាដែរ។ តំបន់ទាំងនោះ គួរតែតំបន់មានសក្តានុពល ជាតំបន់សហគមន៍ ប្រមូលផ្ដុំដោយសាលារៀន មន្ទីរពេទ្យ ផ្សារជាដើម។

៣. ឯកសារប្លង់ 

កន្លងមក Harbor Property បានបកស្រាយជាលម្អិតរួចមកហើយ ទាក់ទិននឹងវិញ្ញាបនប័ត្រសម្គាល់ចំណែកឯកជននៃអគារសហកម្មសិទ្ធ (ប្លង់ខុនដូ) ដែលយើងត្រូវតែទទួលបាន ឬដឹងព័ត៌មានឱ្យបានច្បាស់ ចៀសវាងខាតបង់ប្រាក់កាស។

វិញ្ញាបនប័ត្រនេះ គឺជាប្លង់រឹងស្របច្បាប់ដែលបញ្ជាក់ថាអ្នកទិញគឺជាកម្មសិទ្ធិករនៃចំណែកឯកជនក្នុងអគារសហកម្មសិទ្ធិដែលខ្លួនបានទិញពីម្ចាស់គម្រោងជារៀងរហូត មិនមែនជាកម្មសិទ្ធិ៩៩ឆ្នាំ ដូចអ្នកខ្លះបានគិត ឬលើកឡើងនោះឡើយ។ ដូចនេះ លោកអ្នកត្រូវប្រាកដថា ក្រោយពីបានទិញខុនដូ (អគារសហកម្មសិទ្ធិ) ណាមួយ អ្នកលក់ ឬម្ចាស់គម្រោងនៃអគារសហសិទ្ធិនោះត្រូវតែចេញវិញ្ញាបនប័តសម្គាល់ម្ចាស់ចំណែកឯកជនជូនលោក-អ្នកជាដាច់ខាត។

៤. ចំណាយទូទៅប្រចាំខែសម្រាប់អ្នករស់នៅខុនដូ

ជាទូទៅ គ្រប់ខុនដូទាំងអស់ សុទ្ធតែមានចំណាយលើថ្លៃជួសជុល ឬសេវាកម្មប្រចាំខែផ្សេងៗ ដូចជាថ្លៃសម្អាត កន្លែងហាត់ប្រាណ អាងហែលទឹក ចំណតឡាន និងចំណាយបន្ទាប់បន្សំ (អាស្រ័យលើកញ្ចប់គេផ្ដល់ជូន )ដែលចំណាយនេះ ហៅថា Homeowners Associations (HOA)។

ដើម្បីឱ្យការរស់រស់នៅមានល្អប្រសើរ គួរពិភាក្សាលើចំណាយទាំងនេះ​ឱ្យបានច្បាស់លាស់ ព្រោះវាជាចំណាយដែលអ្នកនឹងសរសេរចូលក្នុងតារាងចំណូលចំណាយជារៀងរាល់ខែ។

៥. ផលលំបាកក្នុងការស្នើសុំកម្ចីបង់រំលស់ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ

នាពេលបច្ចុប្បន្ន ការបង់រំលស់ខុនដូជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ  ហាក់មិនទាន់មាននៅឡើយ ឬបើមាន ក៏ពិបាកក្នុងការស្នើសុំ។ ដូចនេះ អ្នកអាចនឹងត្រូវពិចារណាលើលទ្ធភាព និងគណនាចំណូលចំណាយដោយខ្លួនឯងផ្ទាល់ ដើម្បីប្រាកដថា ចំណូលរបស់អ្នកគ្រប់គ្រាន់ល្មមនឹងអាចបង់រំលស់ដោយឥតមានបញ្ហា។

ដោយឡែក ដោយសារតែទីផ្សារប្រកួតប្រជែងខុនដូមានច្រើន ដែលខុនដូផ្ដល់ភាពងាយស្រួលដល់អតិថិជនរបស់ខ្លួនលើការទូទាត់ប្រាក់ ឬបង់រំលស់ដោយឥតមានការប្រាក់ក្នុងចន្លោះពី ២ ទៅ​ ៥ឆ្នាំឯណោះ។

៦. យល់ដឹង GRR 

ការ​ធានា​នៃការ​ជួល​ត្រឡប់ (GRR) គឺជាកិច្ចសន្យាផ្លូវការរវាងអ្នកទិញអចលនទ្រព្យ និងអ្នកអភិវឌ្ឍន៍គម្រោង ដែលនៅក្នុងកិច្ចសន្យានោះអ្នកអភិវឌ្ឍន៍យល់ព្រមបង់ប្រាក់ឱ្យអ្នកទិញនូវចំនួនទឹកប្រាក់ជាក់លាក់នៃការធានាជួលត្រឡប់មកវិញក្នុងរយៈពេលកំណត់ណាមួយ។ អត្រា GRR ប្រែប្រួលចន្លោះពី ៨ ទៅ ១២ភាគរយ អាស្រ័យលើការចរចាររវាងអ្នកទិញផ្ទះ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។

បច្ចុប្បន្ន អគារសហកម្មសិទ្ធិ ឬខុនដូ កំពុងតែមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ពិសេសនៅទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុ ដែលជាទីតាំងដ៏មានសក្តានុពលបំផុតផ្នែកសេដ្ឋកិច្ចនៅកម្ពុជា ដោយអគារខុនដូទាំងនោះមានការដាក់លក់ ឬជួលជាច្រើនស្របតាមតម្រូវការរបស់អតិថិជនជាតិ និងអន្តរជាតិ។

នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ខុនដូថ្មីចំនួន ១៣,០០០យូនីតនឹងត្រូវបានផ្គត់ផ្គង់លើទីផ្សារក្នុងឆ្នាំ២០២២ នេះ ។ ក្នុងចំណោមការផ្គត់ផ្គង់ខុនដូថ្មីទាំងអស់​ ក្នុងនោះគម្រោងខុនដូលំដាប់ខ្ពស់មានចំនួន ១០០យូនីត គម្រោងខុនដូតម្លៃមធ្យម​មាន ៦,០០០យូនីត​​ និងគម្រោងខុនដូតម្លៃសមរម្យមានចំនួន​ ​៧,០០០យូនីត​៕

លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យ​ជាង40,000 តាមរយៈគេហទំព័រកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property​ ដោយសេរីនិងឥតគិតថ្លៃ៕

ប្រភព: Harbor Property