តោះ! មកដឹងពីចំណុចសំខាន់ខ្លះៗមុនទិញផ្ទះក្នុងបុរី
ការទិញផ្ទះមិនចេះតែសម្រេចចិត្តទិញផ្ដេសផ្ដាសនោះទេ បើមិនចង់ស្ដាយក្រោយពេលទិញខុស។ មុនពេលដែលអ្នកទិញលំនៅឋាននៅក្នុងគម្រោងបុរី មានចំនុចសំខាន់ៗមួយចំនួនដែលអ្នកត្រូវពិចារណាឲ្យបាន ម៉ត់ចត់មុនពេលអ្នកសម្រេចចិត្តទិញ។
ចំណុចទាំងនោះមានដូចជា៖
– ទីតាំងនៃគម្រោង៖ ទីតាំងគឺជាកត្តាដ៏សំខាន់ដែលយើងត្រូវពិនិត្យមើលថាតើផ្ទះនោះស្ថិតក្នុងតំបន់មួយណាមានសក្ដានុពលស្ថិតក្នុងតំបន់ទីប្រជំុជនអាចប្រកបអាជីវកម្មបាន និងក្បែរគម្រោងអភិវឌ្ឍន៏ធំៗនៅជិតឬទេ ដូចជានៅតំបន់ផ្លូវ៦០ម៉ែត្រ ឬសែនសុខជាដើម។
– ហេដ្ឋារចនាសម្ព័ន្ធក្នុងបុរី៖ យើងត្រូវមើលលើផ្លូវគមនាគន៍ ប្រព័ន្ធទឹកភ្លើង ក៏ដូចជាប្រព័ន្ធលូក្នុងគម្រោងបុរីនោះ។
– ពិនិត្យពីប្រភេទប្លង់នៃផ្ទះ៖ វាសំខាន់ខ្លាំងណាស់ក្នុងការពិនិត្យមើលលើប័ណ្ណកម្មសិទ្ធិកាន់កាប់អចលនវត្ថុជាប្រភេទប្លង់រឹងឬក៏ប្លង់ទន់ ព្រោះថាប្រភេទប្លង់ទាំងពីរនេះមានប្រសិទ្ធភាពខុសគ្នាដែលអ្នកគួរតែស្វែងយល់បន្ថែម។
– ប័ណ្ណចុះបញ្ជីក្រុមហ៊ុន៖ ត្រូវមើលលើក្រុមហ៊ុនអភិវឌ្ឍន៍នោះមានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មដើម្បីទទួលសិទ្ធិក្នុងការប្រកបរបរអាជីវកម្មនេះរួចហើយឬនៅ។
– អាជ្ញាប័ណ្ណសាងសង់៖ មើលអោយមែនទែនលើ គម្រោងលំនៅឋានទាំងនោះថាតើមានអាជ្ញាប័ណ្ណសាងសង់ត្រឹមត្រូវដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែរឬទេ។
– អាជ្ញាប័ណ្ណបុរី៖ ឯកសារសំខាន់ដែលអ្នកត្រូវតែត្រួតពិនិត្យនោះគឺអាជ្ញាប័ណ្ណបុរីដែលមានការទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការវិនិយោគលេីអចលនទ្រព្យ មិនមែនជាការវិនិយោគលើតម្លៃតិចតួចនោះទេហេតុដូចនេះ យើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ រាល់ពេលសម្រេចចិត្ត។