News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

គម្រោងអាកាសយានដ្ឋានខេត្តមណ្ឌលគិរីជាប់គាំង ដោយសារក្រុមហ៊ុនវិនិយោគចិនដកខ្លួន


គម្រោងសាងសង់អាកាសយានដ្ឋាននៅខេត្តមណ្ឌលគិរីកំពុងតែជាប់គាំង ដោយសារតែក្រុមហ៊ុនចិន​ ដែលទទួលសិទ្ធវិនិយោគអាកាសយានដ្ឋានបានប្រកាសដកខ្លួន ។ នេះបើយោងតាម ឯកឧត្តម សុិន ចាន់សិរិវុត្ថា ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានស្ដីពី សមិទ្ធផលសម្រេចបាន ក្នុងរយៈពេល៥ឆ្នាំ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍សុីវិល កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

ឯកឧត្តម សុិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល បានប្រសាសន៏ថា រហូតមកដល់ពេលនេះ គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានខេត្តមណ្ឌលគិរី គឺនៅទំនេរនៅឡើយមិនទាន់ដំណើរការនោះទេ។

ឯកឧត្តមបានបន្តទៀតថា ដោយសារវិបត្តិកូវីដ១៩នេះ ធ្វើឲ្យមានផលប៉ះពាល់ដល់ក្រុមហ៊ុន ដែលបានទទួលសិទ្ធិ គឺក្រុមហ៊ុនចិនទទួលការខាតបង់យ៉ាងច្រើន ហើយគាត់បានជម្រាបជូនមកវិញថា គាត់ពុំមានលទ្ធភាពបន្ដ ការវិនិយោគទៀតនោះទេ។

សូមបញ្ជាក់ថា គម្រោងសាងសង់ព្រលានយន្តហោះនៅខេត្តភូមិភាគឦសាន មានទីតាំងស្ថិតនៅក្នុង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្រូវបានសិក្សាតាំងពីឆ្នាំ ២០១៩។ តាមគម្រោង ជំហានដំបូង នឹងត្រូវសាងសង់លើដី ៣០០ ហិកតា ហើយពង្រីកជា ៦០០ហិកតាវិញ។

លើសពីនេះទៅទៀត ខេត្តមណ្ឌលគិរីត្រូវបានរាជរដ្ឋាភិបាលដាក់ចេញជាយុទ្ធសាស្ត្រសំខាន់ៗ  និងកំណត់យក ខេត្តភូមិភាគឦសានជាតំបន់បូលសេដ្ឋកិច្ចទី៤ ដោយអភិវឌ្ឍន៍ខេត្តមួយនេះឲ្យលេចធ្លោលើវិស័យ ឧស្សាហកម្ម និងទេសចរណ៍។

សូមរំលឹកថា រដ្ឋាភិបាល​បាន​សម្រេច​​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន Power China International Group Ltd (PIG) ​ធ្វើការ​សិក្សា និង​អភិវឌ្ឍ​សំណើ​សាងសង់​ព្រលានយន្តហោះ​មួយ​នេះ​ក្រោមទុនវិនិយោគ ៨០ លានដុល្លារ។

បច្ចុប្បន្នកម្ពុជាមានអាកាសយានដ្ឋានចំនួន៣ដែលមានអ្នកដំណើរសរុប៧ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដែលគ្រប់គ្រង និងធ្វើទំនើបកម្មអាកាសយានដ្ឋានដោយក្រុមហ៊ុន (SCA) ។

ប្រភព: Harbor Property