News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ហាងកាហ្វេជាយក្រុង៣កន្លែងដែលអ្នកមិនគួរមើលរំលង


មមាញឹកនឹងរឿងការងារ ឬរបររកស៊ីប្រចាំថ្ងៃ បញ្ហាគ្រប់ច្រកល្ហក់ដែលត្រូវដោះស្រាយ ពេលខ្លះយើងក៏ ចង់មានពេលវេលាស្ងប់សុខបែបធម្មជាតិសម្រាប់ធ្វើឲ្យយើងមានអារម្មណ៍រំសាយពីទុកកង្វល់ទាំងនោះ ផងដែរ។ Harbor Property សុំណែនាំហាងកាហ្វេនៅជាយក្រុងភ្នំពេញមួយចំនួនសម្រាប់អ្នកដែលចង់ ធ្វើដំណើរចេញពីទីក្រុងដែលមានភាពតប់ប្រមល់ ខាងក្រោមជាហាងកាហ្វេដែលស្ថិតនៅជាយក្រុងភ្នំពេញ ប្រកបដោយបរិយាកាសស្ងប់សុខផងដែរ៖

កាហ្វេក្បែររបង-The Fence Coffee

កាហ្វេក្បែរបងស្តាប់ទៅហាក់បីដូចជាជិតដិត ត្រូវហើយហាងកាហ្វេដ៏តូចមួយនេះពិតជាធ្វើឲ្យអ្នកដែល បានទៅផឹកកាហ្វេនៅទីនោះមានអារម្មណ៍ថាយើងកំពុងស្ថិតនៅក្នុងទៀមកាហ្វេនៅក្នុងតំបន់យើងរស់ នៅកាលពីជំនាន់ទស្សវត្សន៍៩០អ៊ីចឹង​។ ហាងកាហ្វេតូចមែនពិតប៉ុន្តែមានការតុបតែងបែបស្រគត់ស្រគុំ បែបប្រពៃណីខ្មែរយើង ដែលយើងចំណាំនិយាយថា ផឹកកាហ្វេបែបម៉ាកុង ដែលមានប៉ាន់តែ កាហ្វេឆុងស្រោមជើង (មិនមែនស្រោមជើងយកមកឆុងទេប៉ុន្តែអ្នកដែលធ្លាប់ផឹកកាហ្វេ ជំនាន់មុនពិតជាដឹងហើយ ហេតុអីបានគេហៅថាកាហ្វេស្រោមជើង!)។

នៅហាងកាហ្វេនេះមានបម្រើជូនកាហ្វេដ៏មានឱជារសជាមួយនំប៉ោង នំឆាខ្វៃដាក់លើចង្អេរខ្មែរប្លែកម្យ៉ាង ដែលទាំងអស់នេះជាអត្តសញ្ញាណនៃហាងកាហ្វេនេះ។

ស្ថិតនៅជិតក្រុងតាខ្មៅ ធ្វើដំណើរប្រមាណ ២៥ នាទី ពីក្រុងភ្នំពេញ ហាងកាហ្វេនេះមានទីតាំងតូចមែនតែសម្បូរប្លង់ថតរូបណាស់ ចាប់បានគ្រប់ប្លង់ គ្រប់របស់របរ វត្ថុបុរាណ​ចាស់ៗ ថតរូបស្ហាតបានទាំងអស់។ អង្គុយផឹកកាហ្វេ បែបលក្ខណៈ Outdoor Open Space ក្រោមដើមឈើស្រូបខ្យល់បរិសុទ្ធម្តងទៅ។

ហាងកាហ្វេផ្ទះចំការ HOME Chamkar

ពីដីចំការក្លាយជាហាងកាហ្វេដែលទទួលបានប្រជាប្រិយភាពខ្លាំងមែនទែន បើគិតមកដល់ពេលនេះ ហាងកាហ្វេផ្ទះចំការពិតជាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។ មានទេសភាពមាត់បឹង ហាងកាហ្វេ តុបតែងជាលក្ខណៈកញ្ជក់ដែលអាចមើលឃើញទេសភាពបឹង និងចំការ។

ភ្ញៀវប្រចាំនៅទីនេះភាគច្រើនជាអ្នកមកពីភ្នំពេញ សម្រាប់ថ្ងៃសៅរ៍អាទិត្យភាគច្រើនក្រុមអ្នកជិះកង់ដែលចូលចិត្តជិះកង់លេងកំសាន្តហើយឈប់សម្រាកនៅទីនេះក្រេបយកកាហ្វេដ៏ឆ្ងាញ់ពិសារ ហើយនៅទីនេះក៏មានទទួលបម្រើអាហារជាច្រើនមុខផងដែរ។

ធ្វើដំណើរត្រឹមតែ២គីឡូម៉ែត្រពីភ្នំពេញហាងកាហ្វេផ្ទះចំការនេះស្ថិតនៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ពិតជាសាកសមសម្រាប់អ្នកធ្វើការដែលស្រ្តេសពេញមួយសប្តាហ៍ ពីការងារមករំសាយអារម្មណ៍នៅហាងកាហ្វេមួយនេះ។

ហាងកាហ្វេ Lé Toul Café

ចំណែកឯហាងកាហ្វេដែលស្ថិតនៅមិនឆ្ងាយពីក្រុងភ្នំពេញដែរនោះគឺស្ថិតនៅព្រែកព្នៅ ​ស្ថិតនៅ​លើ​ផ្លូវ​លេខ​៤​២​ ​ភូមិ​ទួល​ ​សង្កាត់​ព​ន្សាំ​ង​ ខណ្ឌ​ព្រែក​ព្នៅ​​ រាជធានីភ្នំពេញ ដែលជាប្រភេទហាងកាហ្វេបែបផ្ទះខ្មែរបុរាណ ហើយសាកសមបំផុតសម្រាប់អ្នកដែលមកកាន់ទីនេះជាលក្ខណៈគ្រួសារ។

ផ្តើមចេញពីអាជីវកម្មផែនការបែបគ្រួសារ និង​ការស្រលាញ់បរិស្ថានផងនោះ ទើបហាងកាហ្វេនេះបានលេចចេញជារូបរាងឡើង ហើយមានបម្រើម្ហូបអាហារផងដែរជាមួយនឹងកាហ្វេដ៏ឈ្ងុយ។ ចំណុច​ពិសេស​បំផុត​ ​គឺ​ហាង​នេះ​សង់​ជា​រចនាបថ​ផ្ទះ​ឈើ​បុរាណ​ខ្មែរ​ដែល​ជាប​ង្គុំ​រវាង​គ្រឿងទព្វសម្ភារ​ (​គ្រឿងសំណង់​)​ចាស់​ប្រមែប្រមូល​យក​ពី​តាម​បណ្តា​ខេត្ត​នានា និង​ជញ្ជាំង​ធ្វើ​ពី​បង្អួច​ ​​ស្លាបព្រិល​សុទ្ធសាធ​ ​ហៅថា​«​ផ្ទះ​បង្អួច​១​០​០​»​។​

លំហែកាយនៅតំបន់ជាយក្រុងជាមួយមនុស្សជាទីស្រលាញ់ យ៉ាងណាក៏អាចធ្វើឲ្យចិត្តគំនិតបាន ស្រស់ថ្លាមួយកម្រិតផងដែរ។ ងាកមកកាន់ការវិនិយោគវិញប្រាកដណាស់សក្តានុពលតំបន់ជាយ ក្រុងភ្នំពេញវាពិតជាអំណោយផលមិនថាតែឱកាសអាជីវកម្ម អចលនទ្រព្យក៏មានការអភិវឌ្ឍន៍គួរ ឲ្យកត់សំគាល់ផងដែរ។ មានគម្រោងលំនៅឋាន ដីឡូត៍ ក៏ដូចជាឱកាសវិនិយោគលើដីធ្លីក៏មាន ច្រើន ហើយមានតម្លៃថោកជាងនៅក្នុងទីក្រុងផងដែរ។

តួយ៉ាងភាគខាងត្បូងដែលសាលារាជធានីក្រុងភ្នំពេញបានរៀបចំផែនការអភិវឌ្ឍន៍តំបន់នោះទៅជាតំបន់បៃតង។ ផ្លូវ៦០ម៉ែត្រជាតំបន់ដែលមានសន្ទុះការអភិវឌ្ឍន៍កាន់តែខ្លាំង ចំណែកងាកមកមើលតំបន់ភាគខាងលិច ព្រែកភ្នៅឯណ្ណោះវិញក៏មិនថយក្រោយដែរ តម្លៃដីចាប់ហក់ឡើងបន្ទាប់ពីគម្រោងប្រែក្លាយតំបន់នេះជាកោះពេជ្រទី២ ដោយមានការអភិវឌ្ឍន៍តំបន់នេះជាតំបន់ស្នូលនៃទេសចរនិងសេដ្ឋកិច្ចផងដែរ។

លោកអ្នកអាចស្វែងរកគម្រោងអភិវឌ្ឍន៍សម្រាប់លក់ ឬអចលនទ្រព្យជាច្រើនតាមរយៈ Harbor Property ដោយចូលទៅកាន់គេហទំព័រ និងកម្មវិធីទូរស័ព្ទរបស់យើងដោយឥតគិតថ្លៃបានផងដែរ៕

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ 096 7876 902 (Telegram)/ 066 886633