News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

អ្នកជំនាញ​អចលនទ្រព្យ​ប្រាប់​ចំ​ៗ​កន្លែង​កើប​លុយ​ពី​ការ​វិនិយោគ​ដី


ស្រប​ពេល​វិស័យ​អចលនទ្រព្យ​កំពុង​តែ​បន្ត​រីក​ចម្រើន​ជា​បន្តបន្ទាប់​ដែល​ធ្វើ​ឱ្យ​តម្រូវការ​កាន់តែ​មានការ​កើនឡើង​គួប​ផ្សំ​ជាមួយ​វិនិយោគិន​ក្នុង និង​ក្រៅ​ស្រុក​បាន​បន្ត​បណ្តាក់​ទុក​យ៉ាង​សស្រាក់សស្រាំ​ដើម្បី​វិនិយោគ​យក​ផល​ចំណេញ​ពី​វិស័យ​ដែល​កំពុង​ត្រូវប៉ាន់​មួយ​នេះ ។

ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ផង​ដែរ ក៏​មានការ​ប្រកួតប្រជែង​ក្នុង​ការ​ជ្រើសរើស​ទិញ​អចលនទ្រព្យ​ជា​ប្រភេទ​ដីធ្លី​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ល្អ​ៗ​សម្រាប់​ធ្វើការ​វិនិយោគ​បន្ត ព្រោះថា​បច្ចុប្បន្ន​អ្នក​វិនិយោគ​ជា​ច្រើន​បាន​ព្យាយាម​សិក្សា​ពី​កត្តា​សក្តានុពល​នៃ​អចលនទ្រព្យ​គ្រប់​ខេត្ត​ក្រុង​ដើម្បី​អាច​បង្កើត​ឱកាស​ទិញ​រួច​វិនិយោគ​យក​ផល​ចំណេញ​វិញ ។ តើ​សម្រាប់​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​គួរ​វិនិយោគ​ដីធ្លី​នៅ​តំបន់​ណា​ទើប​ទទួល​បាន​ផល​ចំណេញ​ខ្ពស់?

តាមប្រភពលោក ឡុង គឹមសួគ៌ អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​នៅ​ក្នុង​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ល្បីល្បាញ​មួយ​រូប​បានឱ្យ​ដឹង​ថា មិន​ថា​ទោះជា​ទិញ​នៅ​តំបន់​ជាយក្រុង ឬ​នៅ​តាម​បណ្តា​ខេត្ត​ដែល​ឃ្លាតឆ្ងាយ​ពី​ក្រុង​នោះ​ទេ អត្រា​ទទួល​បាន​ចំណេញ​នៅ​តែ​មាន ប្រសិនបើ​អ្នកទិញ​មាន​ភាព​ឆ្លាត​វៃ និង​បាន​សិក្សា​លម្អិត​ពី​តំបន់ និង​គម្រោង​អភិវឌ្ឍន៍​នានា​ដែល​ពាក់ព័ន្ធ ។

អ្នកជំនាញ​អចលនទ្រព្យ​ខាងលើ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ៖«​ខ្ញុំ​និយាយ​តែ​ផ្នែក​ដីធ្លី មាន​អ្នកទិញ​ទុក​សម្រាប់​វិនិយោគ​បន្ត​យកចំណេញ បាន​ជ្រើស​ទីតាំង​ផ្សេង​ៗ​គ្នា​ជាមួយនឹង​ក្ដី​រំពឹង​ថា អាច​ទទួល​បាន​ចំណេញ​នៅ​ពេល​លក់​ចេញ​វិញ ។ មិន​ថា ពួក​គាត់​ទិញ​ទៅ​ទីណា​នោះ​ទេ អត្រា​ដែល​ទទួល​បាន​ចំណេញ​គឺ​សុទ្ធតែ​មាន ឱ្យ​តែ​ពួក​គាត់​ទិញ​ដោយ​ការ​ពិចារណា និង​វិនិច្ឆ័យ​បាន​ត្រឹមត្រូវ​» ។

លោក​បានឱ្យ​ដឹង​ទៀត​ថា អ្នកខ្លះ​គាត់​មិន​បានដឹង​លម្អិត​ពី​ព័ត៌មាន និង​គម្រោង​អភិវឌ្ឍន៍ ដែល​ជម្រុញ​ឱ្យ​មាន​តម្រូវការ​ទីផ្សារ​នោះ​ទេ ហើយ​ទិញ​តាម​គេ​ផ្អើល តែ​ក៏​អាច​ទទួល​បាន​ចំណេញ​ដូច​គេ ដែល​ការ​ចំណេញ​នេះ វា​គឺជា​រឿង​ចៃដន្យ​សម្រាប់​គាត់​។ ចំពោះ​ករណី​បែប​នេះ​មិនមែន​ចេះ​តែ​ទទួល​បាន​រហូត​នោះ​ទេ ។

លោក​បាន​បន្ថែម​ឱ្យ​ដឹងផង​ដែរ​ថា មាន​អ្នកខ្លះ​គាត់​មាន​ធនធាន​តិចតួច ប៉ុន្តែ​គាត់​បាន​សម្រេចចិត្ត​ឥត​ស្ទាក់ស្ទើរ ក្នុង​ការ​ទិញ​ដី​នៅ​ជាយក្រុង​ទុក ជា​ពិសេស​នៅ​ក្បែរ​គម្រោង​អភិវឌ្ឍន៍​ដែល​មាន​សកម្មភាព ដូច្នេះ​ភាគរយ​ចំណេញ​របស់​ពួក​គាត់​គឺ​មាន​ច្រើន ហើយ​រហ័ស​ទៀត​ ។ ប្រសិនបើ​ពួក​គាត់​សម្រេច​លក់ ក្នុង​តម្លៃ​ចរចា​ណាមួយ​ដែល​អាច​ទទួល​បាន​ចំណេញ ហើយ​យក​ទៅ​វិនិយោគ​នៅ​តំបន់​ណាមួយ​ផ្សេង​ទៀត ដែល​មាន​គម្រោង​អភិវឌ្ឍន៍​ច្បាស់លាស់ នោះ​កំណើន​នៃ​ភាគលាភ​របស់​គាត់ នឹង​កើនឡើង​ច្រើន​ជាង​អ្នក​ដែល​មាន​លុយ​ច្រើន​ដែល​ទិញ​ដី​ទំហំ ប៉ុន្តែ​នៅ​តំបន់​ឆ្ងាយ​ពី​ទីប្រជុំជន និង​មិន​មាន​គម្រោង​អភិវឌ្ឍន៍ ។

លោក​បាន​បញ្ជាក់​ថា មិន​ថា​ទោះជា​នៅ​តំបន់​ជាយក្រុង ឬ​នៅ​ក្នុង​ខេត្ត​ណាមួយ​នោះ​ទេ ភាគរយ​ចំណេញ​នៅ​តែ​មាន​ដូច​គ្នា សំខាន់​ត្រង់​ថា មុន​ពេល​ទិញ​សម្រាប់​ទុក​វិនិយោគ ត្រូវ​តែ​ចេះ​សិក្សា​ពី​តម្រូវការ​ទីផ្សារ និង​គម្រោង​នៃ​ការ​អភិវឌ្ឍ​ឱ្យ​បាន​គ្រប់​ជុង​ជ្រោយ​យ៉ាង​លម្អិត ទើប​ការ​វិនិយោគ​មិន​ជួប​ភាព​បរាជ័យ ៕