បុរី គជ់ អាស៊ី

  • បុរី គជ់ អាស៊ី

Buy, sale POA - Borey, Boreys

គម្រោង​បុរី គជ់ អាស៊ី ដែល​ស្ថិត​នៅ​ក្រុង ព្រះសីហនុ ដែល​បាន​ចំណាយ​ទឹក​ប្រាក់​រយ​លាន​ដុល្លារ​គ្រោង​បញ្ចប់​ទាំង​ស្រុង​នៅ​ឆ្នាំ ២០១៧ បើ​ទោះ​ជា​ស្ថានការណ៍​នយោបាយ​មិន​ទាន់​មាន​ភាព​នឹង​នរ​ក៏​ដោយ។

ប្រធាន​គ្រប់​គ្រង​គម្រោង​នៃ​បុរី គជ់ អាស៊ី លោក ទួស សុភឿន បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​ធ្វើ​ការ​រាន​ដី និង​បាន​ចំណាយ​លើ​ការ​គូរ​គម្រោង​ប្លង់​អស់​រយៈ​ពេល​ពីរ​ឆ្នាំ ពី​ឆ្នាំ ២០០៥ ដល់ ២០០៧ គម្រោង​នេះ​បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ ២០០៧ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ហើយ​គម្រោង​ទាំង​មូល​នឹង​បញ្ចប់​ក្នុង​ឆ្នាំ ២០១៧។

លោក​បាន​ថ្លែង​ទៀត​ថា ក្រុមហ៊ុន​បាន​បញ្ចប់​គម្រោង ទី១ និង ទី២ បាន​បញ្ចប់​ហើយ ឥឡូវ​នេះ​ការ​សាងសង់​បាន​ចូល​ដល់​គម្រោង ទី៣ ហើយ។ លោក​បាន​បន្ត​ទៀត​ថា៖ «យើង​បាន​បញ្ចប់​ផែនការ ទី១ និង ទី២ ដោយ​ក្នុង​គម្រោង​នេះ មាន​ផ្ទះ​ល្វែង​ជាង ៤០០ ល្វែង វីឡា ៣៨ និង​ផ្សារ​មួយ​យើង​សង់​ហើយ និង​សណ្ឋាគារ ១៩ ជាន់ សាង​សង់​បាន ៣ ជាន់​ហើយ»។

ប្រធាន​គម្រោង​រូប​នេះ​បាន​ឲ្យ​ដឹង​ថា គម្រោង ទី១ បាន​លក់​អស់​ហើយ និង​ផ្ទះ​វីឡា​លក់​បាន ៩០ ភាគរយ ខណៈ​ជំហាន ទី២ លក់​បាន​ជាង​ពាក់​កណ្តាល។ លោក​បាន​បន្ត​ទៀត​ថា សម្រាប់​ផ្ទះ​ល្វែង​មាន​តម្លៃ​ចាប់ ១២ ម៉ឺន​ដុល្លារ​ឡើង​ទៅ ខណៈ​ពេល​ផ្ទះ​វីឡា​វិញ​មាន​តម្លៃ​ចាប់ ២០ ម៉ឺន​ដុល្លារ​ឡើង​ទៅ។

គម្រោង បុរី គជ់ អាស៊ី សាង​សង់​លើ​ផ្ទៃ​ដី ៦១,៩៤ ហិកតា និង​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់ មិត្តភាព ក្រុង ព្រះ​សីហនុ ដែល​ជា​ចំណុច​កណ្តាល​នៃ​ឆ្នេរ​ចំនួន​បី​គឺ ឆ្នេរ សុខា ឆ្នេរ ឯករាជ្យ និង ឆ្នេរ អូរ​ឈើ​ទាល។

លោក​បាន​បញ្ជាក់​ថា៖ «រាល់​ថ្ងៃ​យើង​អត់​ខ្វល់​រឿង​ទីផ្សារ​អី​ទេ ដោយ​ប្រជាជន​គាត់​ឲ្យ​តម្លៃ ហើយ​និង​បុរី គជ់ អាស៊ី មាន​ស្តង់ដារ គុណភាព សោភណភាព និង​ធំ​ជាង​គេ​នៅ​ទីក្រុង កំពង់សោម ជា​កន្លែង​ដែល​ជិត​ទី​ប្រជុំជន​ទៀត»។ លោក​បាន​បន្ត​ទៀត​ថា អ្នក​ទិញ​ភាគ​ច្រើន​គឺ​នៅ​ក្នុង​ស្រុក និង​ភាគ​ច្រើន​ពួក​គាត់​មក​ពី​ទីក្រុង ភ្នំពេញ។

ស្រប​ពេល​កំណើន​ប្រជាជន​កំពុង​កើន​ឡើង​និង​សេដ្ឋកិច្ច​កំពុង​មាន​ការ​វិវត្ត​ទៅ​មុខ​លោក​ប្រធាន​គម្រោង​ខាង​លើ​មាន​ជំនឿ​ជាក់​ខ្លាំង​ចំពោះ​គម្រោង​មួយ​នេះ ដោយ​លោក​មាន​ប្រសាសន៍​ថា «នៅ​តំបន់​នេះ​ជា​តំបន់​ដែល​មាន​សក្តានុពល​ជា​ទីប្រជុំជន និង​ជា​តំបន់​ដែល​ល្អ​ជាង​គេ ដូច្នេះ​នា​ពេល​អនាគត​និង​មាន​ការ​លក់​ដូរ​បាន​យ៉ាង​ល្អ​ប្រសើរ»។

លោក ឌឹត ចណ្ណា ដែល​ជា​ប្រធាន​គ្រប់​គ្រង​ក្រុមហ៊ុន​អចលន​ទ្រព្យ វីអឹមស៊ី VMC បាន​និយាយ​ថា ការ​សាងសង់​លំនៅឋាន​ឬ​ការ​អភិវឌ្ឍ​អចលន​ទ្រព្យ​សម្រាប់​លក់​នៅ​តាម​បណ្តា​ខេត្ត​ដែល​មាន​សក្តានុពល​មិន​សូវ​មាន​ជោគជ័យ​ប៉ុន្មាន​ទេ ពិសេស​នៅ​ខេត្ត ព្រះ​សីហនុ ដោយ​សារ​នៅ​តាម​បណ្តា​ខេត្ត​នេះ​នៅ​មាន​ចំនួន​ប្រជាជន​តិច​នៅ​ឡើយ ហើយ​មាន​កត្តា​រួម​ផ្សំ​មួយ​ទៀត​ដែរ​គឺ ជីវភាព​របស់​ប្រជាជន​នៅ​ក្នុង​តំបន់​នោះ។

លោក ឌឹត ចណ្ណា បាន​ឲ្យ​ដឹង​ទៀត​ថា ប្រសិន​បើ​គេ​មាន​គម្រោង​សាង​សង់​បម្រើ​វិស័យ​ទេសចរណ៍​នោះ​អាច​នឹង​ជោគជ័យ​ច្រើន ដោយ​សារ​តំបន់​នេះ​គឺ​តំបន់​ទេសចរណ៍។

លោក ឌឹត ចណ្ណា បាន​ថ្លែង​ថា៖ «ប្រសិន​បើ​វិនិយោគ​នៅ​តាម​តំបន់​ដែល​មាន​សក្តានុពល វិនិយោគិន​ត្រូវ​ចេះ​បត់​បែន ហើយ​ត្រូវ​មាន​ការ​សិក្សា​ច្បាស់​លាស់​អំពី​តំបន់​នោះ​ជា​មុន​សិន»។

លោក ប៉ូ អ៊ាវគង់ ប្រធាន​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន អេស៊ា រៀល អេស្ទេត បាន​និយាយ​ថា អ្នក​វិនិយោគ​ក្នុង​ស្រុក​មួយ​ចំនួន​កំពុង​តាម​ដាន​ដំណើរ​វិវត្តន៍​របស់​នយោបាយ​នៅ កម្ពុជា ខណៈ​ផ្ទះ​ក្នុង​បុរី​មួយ​ចំនួន​ដែល​សាង​សង់​រួច​លក់​មិន​សូវ​បាន​លឿន​ដូច​មុន​អំឡុង​ពេល​បោះឆ្នោត​នោះ​ទេ។

យោង​តាម​ទិន្នន័យ​ពី​ក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ ២០១៣ ក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​អនុញ្ញាត​សាង​សង់​លើ​គម្រោង​ចំនួន ១៦៤១ លើ​ផ្ទៃ​ក្រឡា​សាងសង់​ចំនួន​ប្រហែល ៧,៥ លាន​ម៉ែត្រ​ការ៉េ គិត​ជា​ទឹក​ប្រាក់​ចំនួន ២៧៧៣ លាន​ដុល្លារ​កើន​ឡើង​ជាង ៣១ ភាគរយ