ខេត្តបាត់ដំបងនឹងមានស្ពានថ្មីឆ្លងកាត់ស្ទឹងសង្កែមួយទៀត ជំនួសស្ពានចាស់ដែលមានអាយុ ១០៣ឆ្នាំ
ខេត្តបាត់ដំបងនឹងមានស្ពានថ្មីឆ្លងកាត់ស្ទឹងសង្កែមួយទៀត ជំនួសស្ពានចាស់ដែលមានអាយុ ១០៣ឆ្នាំ
ដោយ ៖ រ៉ាណេត
បាត់ដំបង ៖ រដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្តបាត់ដំបង មានគម្រោងសាងសង់ស្ពានថ្មីមួយទៀត ជំនួសស្ពានថ្មចាស់ដែលបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង មានអាយុ ១០៣ឆ្នាំ ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។
បន្ទាប់ពីបានពិនិត្យ និងសិក្សាទៅលើភាពចំណាស់នៃស្ពានថ្ម ដែលបានបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង កសាងនៅក្នុងអំលុងឆ្នាំ១៩១៦ ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ទល់មុខសាលាខេត្តបាត់ដំបង ក្នុងសភាពទ្រុឌទ្រោមយ៉ាងខ្លាំងមិនអាចធានាដល់ការប្រើប្រាស់បានទៀតនោះ រដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្តបានសម្រេចបង្កើតគម្រោងសាងសង់ស្ពានថ្មីជំនួសមួយខ្សែទៀត ដែលមានទិដ្ឋភាពស្រដៀងគ្នាទៅនឹងស្ពានចាស់។
អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញនេះថា រហូតមកដល់ពេលនេះ ក្រុមអ្នកជំនាញ និងមន្ត្រីក្រសួងពាក់ព័ន្ធ រួមជាមួយនឹងរដ្ឋបាលខេត្តបាត់ដំបង បានចុះធ្វើការសិក្សាពីលទ្ធភាពក្នុងការជួសជុលស្ពានចាស់ ដើម្បីរក្សាទុកជាបេតិកភ័ណដែលបន្សល់ពីសម័យបារាំង ហើយសាងសង់ស្ពានថ្មថ្មីមួយទៀត ស្ថិតនៅស្របគ្នា និងមានលក្ខណៈស្រដៀងគ្នា។
លោក ងួន រតនៈ បានមានប្រសាសន៍បញ្ជាក់ថា “ក្រោមការចង្អុលបង្ហាញពីសំណាក់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តបាត់ដំបង បាន និងកំពុងតែរៀបចំគម្រោង និងផែនការមេក្នុងការសាងសង់ ដោយស្នើសុំមានការចូលរួមពីសំណាក់សប្បុរសធម៌នានា ដើម្បីគាំទ្រដល់ខ្ទង់ចំណាយក្នុងការសាងសង់ស្ពានថ្មថ្មីមួយខ្សែនេះ”។
លោកបានបន្តទៀតថា “ការសាងសង់ស្ពានថ្មីនេះ ក្រៅពីចូលរួមក្នុងការបង្កើតកិច្ចអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ក៏ដូចជាខេត្តបាត់ដំបង និងជួយបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ថែមទាំងជាចំណែកមួយក្នុងការគាំទ្រដល់វិស័យទេសចរណ៍ផងដែរ ខណៈដែលរដ្ឋបាលខេត្តមានគម្រោងជាច្រើនក្នុងការចូលរួមនៅក្នុងវិស័យនេះ ឱ្យស្របទៅនឹងកេរ្តិ៍ឈ្មោះ ទីក្រុងស្អាត ប្រចាំឆ្នាំ”៕
The post ខេត្តបាត់ដំបងនឹងមានស្ពានថ្មីឆ្លងកាត់ស្ទឹងសង្កែមួយទៀត ជំនួសស្ពានចាស់ដែលមានអាយុ ១០៣ឆ្នាំ appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area